លោក Simeone សុំ​មិន​បញ្ចេញ​យោបល់​រឿង Morata មក Atletico

Chelsea forward Alvaro Morata

អ្នក​ចាត់ការ​ក្លឹប Atletico Madrid គឺ​លោក Diego Simeone ហាក់​ស្ទាក់​ស្ទើ​រ​ក្នុង​ការ​បញ្ចេញ​យោបល់​ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​អំពីកីឡាករ​ Alvaro Morata ​ក្រោយ​ការ​ប្រកួត​ជាមួយ​ក្លឹប Girona ក្នុង​ពាន​រង្វាន់​ Copa del Rey ដែល​ទទួល​បាន​លទ្ធផល​ ១ស្មើ។

លោក Diego Simeone សុំ​មិន​បញ្ចេញ​យោបល់​ថា​តើ​ក្លឹប​ Atletico Madrid ចាប់អារម្មណ៍​ចង់​បាន​កីឡាករ​ខ្សែ​​ប្រយុទ្ធ Alvaro Morata របស់​ក្លឹប Chelsea ឬ​ក៏​អត់​នោះ​ទេ។

អតីត​​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid រូប​នេះ​​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​មក​លេង​ក្នុង​លីគ​ LaLiga វិញ​ ថ្វី​បើ​ក្លឹប Sevilla បាន​លើក​ឡើង​ថា​ការ​ទិញ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​ណាស់។

Morata ដែល​ទើប​តែ​រក​បាន​គ្រាប់​បាល់​ ៩គ្រាប់​​នៅ​គ្រប់​​ការ​ប្រកួត​ពាន​រង្វាន់​ទាំង​អស់​ក្នុង​រដូវ​កាល​នេះ​ ទើប​តែ​រក​បាន​គ្រាប់​បាល់​ក្នុ​ងការ​ប្រកួត​ព្រី​មៀរ​លីគ​ឲ្យ​ Chelsea បាន​ ១៦គ្រាប់​ប៉ុណ្ណោះ​​បើគិត​ចាប់​ពី​​ពេល​ដែល​គេ​ផ្ទេរ​មក​ក្លឹប​នេះ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ផ្ទេរ​ ៦០លាន​ផោន។

មាន​សេច​ក្ដី​រាយការណ៍​ថា​ ក្លឹប Atletico ក៏​ចាប់អារម្មណ៍​ចង់​ដណ្ដើម​ទិញ​កីឡាករ​រូប​នេះ​ដែរ ប៉ុន្តែ​លោក Simeone ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​ស្គាល់​ថា​នេះ​ជា​ការ​ពិត​ ឬ​មិន​មែន។

លោក Simeone បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ “អ្វី​ដែល​ខ្ញុំ​កំពុង​គិត​នោះ​គឺការ​ប្រកួត​បន្ទាប់​ទៀត​ជាមួយ​ក្លឹប  Levante។ ខ្ញុំ​មិន​ជជែក​អំពី​កីឡាករ​រូបណា​ដែល​មិន​​ទាន់​ចូល​រួម​ជាមួយ​ក្រុម​យើង​នៅ​ឡើយ​នោះ​ទេ”។

“ខ្ញុំ​មិន​អាច​បញ្ជាក់​ថា​ព័ត៌​មាន​នេះ​ពិត​ ឬ​មិន​ពិត​នោះទេ ព្រោះ​អ្នក​ចាត់ការ​ និង​គ្រូ​បង្វឹក​សុទ្ធ​តែ​រង់​ចាំ​មើល​ថា​តើ​ក្លឹប​អាច​ធ្វើ​អ្វី​បាន”។

“កីឡាករ​ខ្លះ​ចង់​ចូល​លេង​ឲ្យ​បាន​ច្រើន​ជាង​មុន កីឡាករ​ខ្លះ​អាច​ត្រូវ​ក្លឹប​លក់​ចេញ​ កីឡាករ​ខ្លះ​ទៀត​អាច​ត្រូវ​ក្លឹប​ទិញ​ចូល។ យើង​មាន​តែ​ត្រូវ​​រង់​ចាំ​មើល​ដល់​ថ្ងៃ​ទី​៣១ ខែ​មករា​ប៉ុណ្ណោះ”។

 

 

មតិយោបល់