១០ ឆ្នាំ ហើយ នៅតែ​មិនទាន់រក​ខ្សែការពារកណ្តាលដែលក្លឹប​ពេញចិត្ត​បាន?

ក្លឹប​យក្សកាតាឡង់ Barcelona នៅ​តែ​មិន​ទាន់​រកបាន​ខ្សែការពារ​កណ្តាល​ដែល​ខ្លួន​ពេញ​ចិត្ត​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មក​ ដោយ​ក្លឹប​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរកីឡាករ​ក្នុង​តួនាទីមួយ​នេះអស់​​ ១០ រូប​ហើយ​ដែរ។

នៅ​រៀង​រាល់​ពេល​ដល់​រដូវកាល​ដោះដូរ​កីឡការ​ម្តងៗ Barca តែ​ងតែ​ព្យាយាម​រក​អ្នក​ថ្មី​មក​ជំនួស ដែល​វា​ហាក់​ដូច​ជា​ការ​ស្វែង​រក​ដែលគ្មាន​ទីបញ្ចប់។

កាលពី ១០ ឆ្នាំមុនក្រោម​ការ​ដឹកនាំរបស់​លោក​ Pep Guardiola លោក​បានចុះកុងត្រា​នាំ​យកកីឡាករ​ Gerard Pique ចូល​មក​ហើយ​ក៏បាន​ក្លាយជាកីឡាករ​ខ្សែការពារ​​ដ៏សំខាន់​របស់​ក្លឹបពីពេល​នោះមក។ ទោះជាយ៉ាងណាក្តី តាំងពី​ Puyol ចូលនិវត្សន៍​ទៅ Pique ក៏បាន​បាត់បង់​ដៃគូ​ល្អ​រហូត​មក។

លោក​ pep​ ក៏បាននាំយកកីឡាករដែលល្អជាច្រើនទៀតដូចជា​ Macherano និងខ្សែការពារសញ្ជាតិបារាំង Umtiti ប៉ុន្តែទន្ទឹមនឹងការនាំកីឡាករដែលបង្ហាញទម្រង់​លេងល្អលោក Pep ក៏បាននាំមកនូវកីឡាករ​ខ្សែបម្រើ​ដែល​មិន​សូវល្អ​ចូល​មក​ដែរ។

ខាងក្រោម​នេះជាកីឡាករ​ខ្សែការពារ​របស់ Barcelona ក្នុង​រយៈពេល ១០ មកនេះ៖

កីឡាករ Murillo រដូវកាល ២០១៨/១៩

ការមកដល់​របស់​កីឡាករ Murillo បាន​ធ្វើ​ឲ្យគេ​ក្លាយជាកីឡាករ​ខ្សែការពារ​កណ្តាលទី ១០ របស់​ក្លឹប​នេះហើយ ក្នុង​រយៈពេល ១០ ឆ្នាំមកនេះ ដោយ​គេ​បាន​ផ្លាស់មក​ពី Valencia កាលពីថ្ងៃទី ១ មករា ២០១៩ ក្នុង​លក្ខណៈខ្ចីជើង​។  យើង​មិន​ទាន់អាច​ធ្វើ​ការ​វាយតម្លៃ​ពី​ទម្រង់​លេង​របស់​គេ​បាន​នៅ​ឡើយ​ព្រោះ​គេ​ទើប​បាន​បង្ហាញខ្លួន​​ឲ្យក្លឹបបាន ៣ ដង សម្រាប់គ្រប់​កម្មវិធីប្រកួត​ទាំងអស់រួមមាន​លីគ ឆេមពានស៍លីគ និង​ Copa Del Rey។

កីឡាករ Lenglet រដូវកាល ២០១៨/១៩

 

Lenglet គឺជាកីឡាករមួយរូបដែលទើបតែចូលរួមជាមួយក្លឹបក្នុងអំឡុងពេលដោះដូរកីឡាករនូវរដូវក្តៅពីក្លឹប Sevilla ។ គេមានទម្រង់លេង​យ៉ាងល្អ ជាពិសេស​គឺល្បឿន។ កីឡាកររូបនេះអាចសហការគ្នាជាមួយកីឡាករ Umtiti បានយ៉ាងល្អ។

កីឡាករ Marlon រដូវកាល ២០១៧/១៨

កីឡាករ Marlon ពុំសូវបានបង្ហាញទម្រង់​លេងល្អប៉ុន្មានទេ ហើយគេក៏ត្រូវផ្លាស់ចេញទៅកាន់ក្លឹប Sassuolo វិញព្រោះកីឡាកររូបនេះហាក់ដូចជាធ្វើឲ្យគ្រូបង្វឹកលាក Valverde ពុំសូវពេញចិត្ត​នោះ​ទេ។

កីឡាករ Yerry Mina រដូវកាល ២០១៧/១៨

កីឡាកររូបនេះពិតជាបង្ហាញទម្រង់​លេងបានយ៉ាងល្អនៅក្នុងក្លឹបមួយនេះប៉ុន្តែដោយសារតែទម្រង់លេង​ដ៏រីកចម្រើន​របស់គេ​ គេក៏ទទួលបាន​ការ​ចាប់អារម្មណ៍ពីក្លឹប​ផ្សេង ហើយ​​ Barcelona ក៏បាន​លក់​រូប​គេ​ទៅឲក្យ​ក្លឹប​នៅលីគកំពូល​អង់គ្លេសគឺក្លឹប Everton​ ក្នុង​តម្លៃខ្លួន​ដ៏​ថ្លៃ​ គឺ ជាង ៣០លានអឺរ៉ូប បន្ទាប់ពីគេបានបង្ហាញខ្លួននៅ វើលខាប់​ និង​ទើ​ប​លេង​ឲ្យក្លឹប​នេះបានតែ ៦ ខែប៉ុណ្ណោះ​។

កីឡាករ Umtiti រដូវកាល ២០១៦/១៧

វាជាជោគជ័យបំផុតរបស់លោក Robert Fernandez ដែលគ្រូបង្វឹករូបនេះបាននាំយក កីឡាករ Umtiti​ មកចូលរួមជាមួយក្លឹប Barcelona ក្នុងតំលៃខ្លួនត្រឹមតែ ២៥ លានអឺរ៉ុ ហើយកីឡាកររូបនេះបានបង្ហាញទម្ងង់​លេងយ៉ាងល្អក្នុងក្លឹបនិងបង្ហាញខ្លួននៅ វើលខាប់ ដែលបានជួយឲ្យបារាំងលើកពានទៀតផង។

កីឡាករ  Mathieu រដូវកាល ២០១៤/១៥

កីឡាកររូបនេះបានផ្ទេរមកពីក្លឹប Valencia ក្នុងតំលៃ ២០ លានអឺរ៉ូ​ ប៉ុន្តែកីឡាកររូបនេះបង្ហាញទម្រង់​លេងមិនសូវបានល្អប៉ុន្មានទេ។

កីឡាករ​ Vermaelen រដូវកាល ២០១៤/១៥

កីឡាករ Vermaelen មានទម្រង់លេងល្អគួរសមដែរ ប៉ុន្តែក្លឹបសម្រេច​ចិត្តលក់ចេញដោយសារតែគេមានរបួសដល់ទៅ​ ២ ខែ ឯណោះ។

កីឡាករ Song រដូវកាល ២០១២/១៣

លោក Tito ចង់ឲ្យកីឡាកររូបនេះលេងនៅខ្សែការពារកណ្តាលប៉ុន្តែកីឡាកររូបនេះហាក់ដូចជាបំពេញភារកិច្ចខ្លួនឯងមិនបានល្អសោះ ទើបរូបគេត្រូវបានផ្ទេរចេញក្នុងតំលៃខ្លួន​ ១៩លាន អឺរ៉ូ។

កីឡាករ Mascherano រដូវកាល ២០១០/១១

កីឡាកររូបនេះនៅពេលចូលរួមជាមួយក្លឹប Barcelona ដំបូងក្រោមការដឹកនាំរបស់លោក pep ពិតជាបង្ហាញទម្រង់​លេងបានយ៉ាង​ល្អ​បើទោះបីជា​កីឡាកររូបនេះពីមុនលេងជាខ្សែបម្រើ​ការសម្រេច​ចិត្តរបស់លោក Pep​ គឺឲ្យរូបគេលេងជាខ្សែការពារវិញ។ ក្នុងតួនាទីថ្មី ក៏​រូបគេ​នៅតែ​អាច​រក្សា​បាន​នូវទម្រង់លេង​ដ៏ល្អ​ដដែល។

កីឡាករ Chygrynskiy រដូវកាល ២០០៩/១០

ទម្រង់​លេងរបស់កីឡាកររូបនេះពុំសូវល្អប៉ុន្មានទេនៅពេលដែលគេចូលរួមជាមួយក្លឹប ទើបរូបគេត្រូវបានលក់ចេញវិញ ក្រោយ​បាន​លេងឲ្យក្លឹបបានតែមួយឆ្នាំប៉ុណ្ណោះ។

តើ Barcelona នឹង​អាច​រកបាន​ខ្សែការពារ​កណ្តាល​ដែល​ខ្លួន​ពេញចិត្ត​នៅពេល​ណា ឬ ក៏​បន្ត​ផ្លាស់​ប្តូរ​រាល់ឆ្នាំបែបនេះរហូតទៅ?

មតិយោបល់