Muller នឹង​ខក​ខាន​ការ​ប្រកួត​រវាង​ Bayern Munich ​ជាមួយ​ Liverpool

Bayern Munich's Thomas Muller (Bongarts)

ក្លឹប Bayern Munich នឹង​ត្រូវ​ប្រកួត​​ឆេម​ពានស៍​លីគ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​ជាមួយ​ក្លឹប Liverpool ដោយ​មិន​មាន​វត្តមាន​កីឡាករ Thomas Muller ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​ទទួល​ពិន័យ​ផ្អាក​ចូល​លេង​ ២ប្រកួត។

កីឡាករ Thomas Muller នឹង​ត្រូវ​អវត្ត​មាន​ក្នុង​ការ​ប្រកួត​ទាំង​ ២ជើង​​​ក្នុង​ការ​ប្រកួ​តឆេម​ពានស៍​លីគ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​​រវាង​ក្លឹប Bayern Munich ជាមួយ​ Liverpool ក្រោយ​ទទួល​បាន​ការ​ពិន័យ​ផ្អាក​ចូល​លេង​ ២ប្រកួត។

កីឡាករ​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ​ ទទួល​បាន​កាត​ក្រហម​​ក្នុង​ការ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ក្នុង​ពូល​ E ដែល​ទទួល​បាន​លទ្ធផល​ ៣ស្មើ​ជាមួយ​ក្លឹប Ajax កាល​​ពី​ខែ​មុន ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​គ្រោះ​ថ្នាក់​ជាមួយ​កីឡាករ Nicolas Tagliafico ដែល​គេ​ឃើញ​ Muller ធាក់​ចំ​ក្បាល​គូ​ប្រកួត។

Muller ទទួល​បាន​កាត​ក្រហម​តែ​ម្ដង ហើយ​ក្លឹប Bayern នឹង​ត្រូវ​​ជួប​ជាមួយ​ Liverpool ដោយ​គ្មាន​វត្ត​មាន​ Muller បន្ទាប់ពី​ស្ថាប័ន​យូហ្វាបាន​បញ្ជាក់​ពី​ការ​ពិន័យ​ផ្អាក​ការ​ប្រកួ​តនេះ​កាល​ពី​ថ្ងៃ​សុក្រ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្លឹប Bayern Munich បាន​ឆ្លើយ​តប​ភ្លាមៗ​ដោយ​ប្រកាស​ពី​គោល​បំណង​តវ៉ា​ឧទ្ធរណ៍​​ចំពោះ​សេចក្ដី​សម្រេច​មួយនេះ ដោយ​បាន​ការពារ​កំហុស​របស់​ Muller ថា​ជា​កំហុស​ធ្ងន់​ធ្ងរ​ប៉ុន្តែ​អចេតនា។​

ការ​ប្រកួត​ជើង​ទី១ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ទឹកដី Anfield នៅ​ថ្ងៃទី១៩ ខែ​កុម្ភៈ មុន​នឹង​ការ​ប្រកួត​ជើង​ទី២ នៅ​ទឹកដី Allianz Arena នៅ​ថ្ងៃទី១៣ ខែ​មីនា៕

មតិយោបល់