Ajax បញ្ជាក់ពីការចាកចេញរបស់ Hakim Ziyech ទៅ Chelsea

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្លឹប Ajax បានប្រកាស​ថាកីឡាករ​នាំលេងរបស់ខ្លួន គឺ Hakim Ziyech នឹងចាកចេញពីហូឡង់ ដើម្បីទៅចូលរួមជាមួយ​ Chelsea នៃក្របខណ្ឌ Premier League នៅចប់រដូវកាលនេះ។

Hakim Ziyech នឹង​ក្លាយជាកីឡាកររបស់ Chelsea ចាប់ពីរដូវកាល ២០២០-២០២១ បន្ទាប់ពីរូបគេ ក្លឹប Ajax និង Chelsea បានព្រមព្រៀង​លើ​ការ​ផ្ទេរ ក្នុង​តម្លៃប្រមាណ ៤៤លានអឺរូ។ ហើយ Ziyech នឹង​នៅបន្ត​ជួយ Ajax រហូត​ដល់​ចប់រដូវកាល ២០១៩-២០២០នេះ។

 

សូមរម្លឹកជូនថា Ziyech ខ្សែបម្រើប្រយុទ្ធអន្តរជាតិម៉ារុក បាន​មក​លេងក្នុងក្លឹប Ajax បន្ទាប់ពីផ្ទេរពីក្លឹប Twente កាលពីឆ្នាំ ២០១៦ និង​ធ្លាប់​បាន​ជួយ​ Ajax ឲ្យ​បាន​ឡើង​ដល់​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រមទាំង​ចូលរួម​ជួយ​ក្លឹប​ឈ្នះពាន​រង្វាន់​ក្នុង​ស្រុក​ជាច្រើន​ដែរ។

Ziyech ត្រូវបាន​ចាត់​ទុក​ថាជាកីឡាករពូកែរក​គ្រាប់បាល់​ម្នាក់ ដោយ​តាំងពីបានមក​លេង Ajax គេអាចស៊ុតបញ្ចូលទីបាន ៣៨គ្រាប់ និង​ជួយ assists បាន ៥១គ្រាប់។

Ajax players celebrate title win with fans

គួរជម្រាបជូនដែរថា នេះគឺជាកិច្ច​ព្រម​ព្រៀង​ទិញកីឡាករចូល​ជាលើក​ដំបូងរបស់ Chelsea ចាប់​តាំងពីគេ​ត្រូវបាន​សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដក​បម្រាម​ដែលបានហាម​មិន​ឲ្យ​ទិញកីឡាករចូល ក្នុង​១រដូវកាល កាលពីពេលកន្លងមក៕

មតិយោបល់