លោក Lampard និយាយ​ពីស្ថានភាព N’Golo Kante

Chelsea midfielder N'Golo Kante

លោក Frank Lampard គ្រូបង្វឹក Chelsea បន្ទាប់ពីការប្រកួតចាញ់ក្រុម Manchester United ដោយលទ្ធផល ១ទល់នឹង២ នៅ EFL Cup លោក​បាន​ចេញ​មកនិយាយពីស្ថានភាពរបស់​ខ្សែបម្រើឆ្នើម​ប្រចាំក្រុម គឺ N’Golo Kante។ N’Golo Kante ដែលបានអវត្តមាន​ប៉ុន្មាន​ប្រកួត ដោយសារតែបញ្ហារបួស។​

តាម​លោក Lampard គឺ N’Golo Kante នឹង​អាចត្រលប់​មក​ហ្វឹកហាត់​វិញ ក្នុងរយៈពេល ១ ឬក៏ ២ថ្ងៃទៀត ខណៈគេកំពុងតែព្យាយាម​ធ្វើឲ្យ​ខ្លួនឯងជាសះស្បើយ​ ពីបញ្ហា​របួស​ក្រលៀន។ សូមរម្លឹក​ថា Kante បានប្រឈម​នឹងបញ្ហា​របួស​ក្រលៀន​ជាថ្មី ក្នុងពេល​គេ​ហ្វឹកហាត់​កម្តៅ​សាច់ដុំ ដើម្បីត្រៀម​ប្រកួត Euro ២០២០ តំណាងក្រុម​ជម្រើស​ជាតិ​បារាំង តទល់នឹង​ក្រុម Iceland កាលពីថ្ងៃទី ១៤ខែតុលា។

ហើយ​ក្រោយ​ពីពេលនោះមក គឺគេបាន​ខក​ខាន​មិន​អាចចូលរួម​ប្រកួត​បានមួយ​រយៈ ដើម្បីសម្រាក​ព្យាបាល​របួស។ ប៉ុន្តែពេលនេះ លោក Lampard បាន​ដាក់​ការ​សន្និដ្ឋាន​ថា Kante ទំនងជាអាចចូលលេងបានវិញ នៅថ្ងៃសៅរ៍ស្អែកនេះ ក្នុងការប្រកួត Premier League តទល់ជាមួយ Watford។

លោក Lampard បាននិយាយថា៖ «សង្ឃឹមថា (Kante អាចចូលលេងមុន​ពេលសម្រាកប្រកួត​ក្រុមជម្រើសជាតិ)។ វាគឺសំខាន់ខ្លាំងណាស់ ព្រោះគាត់ជាកំពូលកីឡាករម្នាក់»។

 

សូម​ជម្រាបជូនថា Chelsea ត្រូវបាន​ធ្លាក់​ចេញពីក្របខណ្ឌ EFL Cup ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ កាលពីយប់​ថ្ងៃពុធហើយ។ លោក Frank Lampard បានទទួលស្គាល់ថា ក្រុម​របស់ខ្លួន លេងមិនបាន​ល្អនោះទេ ក្នុងការប្រកួតជាមួយ Man Utd នោះ។ ប៉ុន្តែលោក​ក៏មាន​សុទិដ្ឋិនិយម សម្រាប់ការអាចមានពេល​វេលាផ្តោតលើ​ការប្រកួតលីគធំៗ ដូចជា Champions League និង Premier League៕

មតិយោបល់