Muller ពិចារណាចង់​ចាកចេញ​ពី Bayern Munich បន្ទាប់ពី​មិន​សូវ​​ត្រូវបាន​ដាក់​ឱ្យ​ចូល​លេង​

កីឡាករ​ Thomas Muller បាននិយាយថា​ខ្លួន​មាន​មហិច្ឆតាខ្ពស់​ណាស់ មិនអាច​ទទួល​តួនាទីជា​កីឡាករ​បម្រុង​នៅ​ក្លឹប​ Bayern Munich នោះទេ។ ប្រហែលជា​គេ​ចង់មាន​ន័យថា គេ​ចង់ចាកចេញ​នៅ​ខែ​មករានេះ​ក៏​ថា​បាន។

កីឡាករ Thomas Muller កំពុង​ពិចារណា​​ពីអនាគត​របស់គេ​នៅ​ក្លឹប​ Bayern Munich ដោយ​សារ​មិនសូវ​មាន​ឱកាស​ចូលលេង​​ក្រោមការ​ដឹកនាំ​របស់អ្នកចាត់ការ​ Niko Kovac។

កីឡាករ​ដែល​មាន​វ័យ ៣០ឆ្នាំ​រូបនេះ​​មិន​បាន​ចូ​លលេង​ក្នុងជម្រើស ១១នាក់​ដំបូង​តាំង​ពី​ការ​ប្រកួ​ត​ដែល​ទទួល​បាន​លទ្ធផល​ ១ស្មើ​ជាមួយ​ក្លឹប RB Leipzig កាល​ពី​ថ្ងៃទី១៤ ខែ​កញ្ញាមកម្ល៉េះ។

Muller មាន​ចំណែក​សំខាន់​ជួយ​ឱ្យ​ក្លឹប​ Bayern Munich ឈ្នះ​ពាន​ក្នុង​ស្រុក​ដល់ទៅ២ កាលពីរដូវកាលមុន បន្ទាប់ពី​ព្យាយាម​ប្រជែង​យ៉ាង​លំបាក​ជាមួយ​ក្លឹប Borussia Dortmund។ ប៉ុន្តែ​ការ​មក​ដល់​របស់​កីឡាករ Philippe Coutinho និង Ivan Perisic និង​ទម្រង់លេង​ល្អ​របស់​ Serge Gnabry ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ពេល​វេលា​ចូល​លេង​របស់​ Muller។

ចាប់តាំង​ពី​ការ​ប្រកួត​ស្មើជាមួយ​ក្លឹប Leipzig គេ​ទើប​តែមាន​ឱកាស​ប្ដូរ​ចូល​លេង​ ៣លើកក្នុង​ការ​ប្រកួត​លីគ​កំពូល​អាល្លឺម៉ង់ និង​ចូលលេង​បាន ៧នាទី​ក្នុង​ការប្រកួត​ឆេម​ពានស៍​លីគ​រដូវ​កាល​នេះ​ប៉ុណ្ណោះ។ តាមសេចក្ដីរាយការណ៍របស់​សារព័ត៌​មាន​ Sport Bild កីឡាករ​រូបនេះ​បាន​ប្រាប់​ក្លឹប Bayern Munich ថា​គេ​ចង់​ចាក​ចេញ​ពី​ក្លឹប​នេះ​ក្នុង​អំឡុង​ពេល​ដោះ​ដូរ​កីឡាករ​នៅ​ខែ​មករា។

ខណៈ​ពេល​ដែល​ Muller អះអាងថា​​សេចក្ដី​រាយការណ៍​មួយ​ចំនួន​នាពេល​ថ្មីៗ​នេះ​មិន​ត្រឹមត្រូវ គេ​ក៏​បានទទួល​ស្គាល់ដែរថា​គេ​មាន​មហិច្ឆតា​ខ្ពស់​​ណាស់​ មិនអាចទទួល​តួនាទី​កីឡាករ​បម្រុង​នៅ​ទឹកដី Allianz Arena បានទេ។

នៅពេល​អ្នកយក​ព័ត៌​មានសួរ​អំពី​សម្ដី​របស់​លោក Kovac នាពេលថ្មីៗ​នេះ​ ដែល​បានលើកឡើង​ថា​ Muller នឹង​ទទួល​បានឱកាស​របស់គេ​ ពេល​ដែល​ក្លឹប​​មិន​មានជម្រើស​ផ្សេងទៀតនោះ​ ខ្សែប្រយុទ្ធ​រូបនេះ​​បាន​ប្រាប់​សារព័ត៌​មាន​ Kicker ថា៖ “ត្រូវហើយ ពេល​ដែលខ្ញុំ​បាន​ឮ​សម្ដី​នេះ ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់”។

“​ប៉ុន្តែ​ខ្ញុំ​មិន​ងាយ​ប៉ះទង្គិច​ដោយ​សារ​រឿង​ទាំង​អស់​នេះ​នោះទេ។ ខ្ញុំ​បាន​ជជែក​គ្នា​ជាមួយ​អ្នកចាត់ការ​រួច​ហើយ សម្រាប់ខ្ញុំ​ គ្រប់​យ៉ាង​នៅ​ពេល​នេះ​​មិនមាន​បញ្ហា​អ្វីទេ”។

 

“ខ្ញុំ​ទើប​តែ​មាន​វ័យ ៣០ឆ្នាំ​ប៉ុណ្ណោះ។ ខ្ញុំ​មាន​កាយ​សម្បទា​រឹងមាំ​ ហើយ​ខ្ញុំ​ស្រេក​ឃ្លាន​ចង់បាន​ជ័យ​ជម្នះ សម្រាប់ក្លឹប និង​សម្រាប់ខ្លួន​ឯង​ផ្ទាល់​ដែរ។ ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ខ្ញុំ​អាចជួយ​ក្រុម​មួយនេះ​​បាន​ដោយ​ប្រើ​ជំនាញ​របស់ខ្ញុំ​នៅ​លើ​ទីលាន​ប្រកួត​”។

“ត្រូវហើយ កីឡាករ​ដែលទើប​ចូល​ថ្មី​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ឱកាស​ចូលលេង​ ប៉ុន្តែ​គ្មាន​បញ្ហា​ទេ។ បញ្ហា​មិន​មែន​ឋិត​នៅ​ត្រង់​នេះទេ”។

“អ្នកចាត់ការ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​​ដ៏​ពិបាក​មុន​ការ​ប្រកួត​ម្ដងៗ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​ ៥លើក​ចុងក្រោយ​ មាន​ទំនោរ​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​”។

“ប្រសិន​បើ​គ្រូ​បង្វឹក​មើល​មក​ខ្ញុំ​ថា​ជា​កីឡាករ​បម្រុង​នៅ​ថ្ងៃខាងមុខ ខ្ញុំ​ត្រូវ​គិត​ពី​ស្ថានភាព​របស់​ខ្ញុំ​ហើយ។ ខ្ញុំ​មាន​មហិច្ឆតាធំណាស់ មិនអាចធ្វើ​បែបនេះ​បានទេ”។

ពេល​ដែល​អ្នក​យក​ព័ត៌​មាន​សួរ​ថា តើ​គេ​មើល​ឃើញ​ស្ថានភាព​នឹង​បន្ត​បែបនេះ​ដល់​ចុង​រដូវកាលមែន​​ទេ? Muller បាន​ឆ្លើយតបថា៖ “អត់ទេ ខ្ញុំ​មិនអាច​ធ្វើ​បែបនេះ​បានទេ”។

“បន្ទាប់​ពី​ខ្ញុំ​​លេង​បាន​ល្អ​ក្នុងតួនាទីលេខ១០ កាលពីរដូវ​ផ្ការីក ហើយ​ពួក​យើង​ឈ្នះ​បាន​ពាន​រង្វាន់​២ បន្ទាប់ពីការ​ប្រជែង​យ៉ាង​ប្រកៀកប្រកិត ខ្ញុំ​មិន​រំពឹង​ថា​ខ្ញុំ​នឹង​ទទួល​បានជោគ​វាសនា​បែបនេះ​នោះទេ។

“សារព័ត៌​មាន​បាន​ធ្វើសេចក្ដី​រាយការណ៍​ជាច្រើន​ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃនេះ។ ខ្ញុំ​​នឹង​មិនពាក់ព័ន្ធ​ជាមួយ​រឿង​ទាំងនេះ​នោះទេ។ នេះជាពេល​ដែល​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​ ធ្វើយ៉ាង​ណា​ឱ្យ​ពេល​វេលា​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​នេះ​របស់​ក្លឹប Bayern ទទួល​បានជោគ​ជ័យ”។

“ចំពោះ​ការ​ប្រកួត​ ខ្ញុំ​នឹង​នៅ​តែ​បន្ត​ប្រឹង​ប្រែង​អស់​ពីលទ្ធភាព​​ទាំង​ពេល​ហ្វឹក​ហាត់ និង​ពេល​ប្រកួត​។ ខ្ញុំ​មិន​មាន​អ្វី​និយាយ​ទៀត​នោះទេ”៕

 

លោក Low និយាយ​ថា Schweinsteiger ឋិត​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​របស់អាល្លឺម៉ង់

មតិយោបល់