Robben ទទួលបានវត្ថុ​អនុស្សាវរីយ៍ពី​ក្លឹប Bayern Munich

ក្លឹប​ Bayern Munich បាន​សម្ដែងការ​អរគុណ​ចំពោះ​អតីតកីឡាករ​ Arjen Robben ​ដោយ​ប្រគល់ជូន​គាត់នូវរូបថត​មួយផ្ទាំងធំ​ដែល​គាត់ថត​ជាមួយ​ពាន​រង្វាន់​ទាំងអស់​ដែលគាត់ធ្លាប់បានឈ្នះ​ជាមួយ​ក្លឹប​នេះ។

លោក Arjen Robben បាន​វិល​ត្រឡប់​មក​ក្លឹប​ Bayern Munich វិញ​កាលពីថ្ងៃព្រហស្បតិ៍​ដើម្បី​ទទួល​យក​វត្ថុ​អនុស្សាវរីយ៍​ដែល​រំឮក​ពី​ជោគ​ជ័យ​ដ៏​ធំធេង​របស់​លោក​រយៈ​ពេល​ ១០ឆ្នាំ​នៅ​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ។

នាយក​ប្រតិបត្តិ​របស់​ក្លឹប​ Bayern Munich គឺ​លោក Karl-Heinz Rummenigge បាន​ស្វាគមន៍​កីឡាករ​លេង​ស្លាប​ដែលទើប​តែចូលនិវត្តន៍​រូបនេះ​​ដោយប្រគល់ជូនគាត់នូវ​រូបថត​មួយ​ផ្ទាំងធំ​ដែលគាត់បានថតជាមួយ​ពាន​រង្វាន់​ដែលគាត់ធ្លាប់ឈ្នះ​ជាមួយ​ក្លឹបនេះ។

អតីតកីឡាដែលមាន​វ័យ ៣៥ឆ្នាំរូបនេះ​​បាន​ចូលនិវត្តន៍​​នៅ​ចុង​រដូវកាល ២០១៨-២០១៩ បញ្ចប់អាជីព​ដែលគាត់ធ្លាប់ឈ្នះ​បាន​ពាន​លីគ​កំពូល​អាល្លឺម៉ង់ចំនួន៨ និង​ពានរង្វាន់ DFB-Pokal ចំនួន​៥។

Arjen Robben – ពេលវេលា ១០ឆ្នាំ និងគ្រាប់បាល់​ល្អបំផុត ១០គ្រាប់របស់គាត់

យ៉ាងណាមិញ ពេល​វេលា​ដ៏​គួរ​ឱ្យ​អបអរ​សាទរ​បំផុ​តរបស់ Robben គឺ​នៅ​នាទីទី៨៩ ក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​​ឆេមពានស៍​លីគ​​ជាមួយ​ក្លឹប​ Borussia Dortmund ដែល​ក្លឹប​ Bayern Munich ឈ្នះ​ក្នុង​លទ្ធផល​ ២ទល់​នឹង​១​ នៅទឹកដី Wembley កាលពីឆ្នាំ​២០១៣។

 

គាត់​បាន​បង្ហាញខ្លួន​ចូលលេង​សរុប​នៅ​ក្លឹប Bayern Munich ចំនួន ៣០៩លើក ហើយ​រក​បាន​គ្រាប់​បាល់ ១៤៤​គ្រាប់។

កាលពីខែមុន អតីត​កីឡាករ​​របស់​ក្រុម Chelsea និង Real Madrid រូបនេះ​បាន​និយាយថា​ គាត់មិន​ច្រានចោល​ឱកាស​វិល​ត្រឡប់​​មក​ចូលរួម​ការ​ប្រកួត​បាល់ទាត់ទាំងស្រុង​នោះទេ។

លោក​បាន​និយាយ​ប្រាប់​អ្នកយក​ព័ត៌មាន​របស់ NPO Radio ថា៖ “ប្រហែលជា​ក្នុង​អំឡុង​ ១ខែ ឬ ២ខែ ខ្ញុំ​នឹង​ចាប់ផ្ដើម​មានអារម្មណ៍​ប្លែកដែល​ខ្ញុំ​នឹក​ដល់​ការ​ប្រកួត​បាល់ទាត់ខ្លាំង​ ហើយ​ខ្ញុំ​នឹង​សម្រេចចិត្ត​វិលត្រឡប់មកវិញ”។

“ប៉ុន្តែ​វាមិនងាយស្រួលនោះទេ ក្រោយ​ពេល​ដែលអ្នកចូលនិវត្តន៍​កាន់តែយូរ។ ខ្ញុំ​មិនគិត​ថា​ខ្ញុំ​មានឱកាស​ខ្ពស់​ក្នុងការ​ត្រឡប់មកវិញនោះទេ”៕

 

មតិយោបល់