ក្រោយទាត់ខ្យល់មួយរយៈ លោក Mourinho បង្ហើបថាគាត់កំពុងតែរៀនភាសាអាល្លឺម៉ង់

អតីតអ្នកចាត់ការទូទៅក្លឹប Manchester United លោក Jose Mourinho បានបង្ហើបថា នៅពេលនេះ លោកកំពុងតែរៀនភាសាអាល្លឺម៉ង់។ ការបង្ហើបបែបនេះ ត្បិតតែសាមញ្ញ ប៉ុន្តែវាមានអត្ថន័យទំនងជាបញ្ជាក់ថា លោក Jose Mourinho អាចនឹងទៅដឹកនាំក្លឹបណាមួយ ក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបានសម្រាកទាត់ខ្យល់មួយរយៈពេលមកនេះ។

ក្នុងបទសម្ភាសន៍មួយជាមួយកាសែតអ៊ីតាលី Gazzetta dello Sport លោក Mourinho បាននិយាយថា៖ «ពេលនេះ ខ្ញុំកំពុងរៀនភាសាអាល្លឺម៉ង់។ ខ្ញុំកំពុងរៀនអាល្លឺម៉ង់ ព្រោះខ្ញុំភ្លេចភាសានេះ។ ខ្ញុំអាចនិយាយអង់គ្លេស អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង និងអ៊ីតាលី។ …»

នៅពេលដែលគេសួរទាក់ទងនឹងការងារដឹកនាំវិញ លោក Mourinho លើកឡើងថា៖ «ខ្ញុំកំពុងតែស្រេកឃ្លាន ប៉ុន្តែខ្ញុំនឹងចាំក្លឹបដ៏ត្រឹមត្រូវមួយ ដើម្បីធ្វើគម្រោងការត្រឹមត្រូវមួយដែរ។ ហើយពេលនេះ ខ្ញុំកំពុងតែធ្វើអ្វីដែលខ្ញុំចូលចិត្ត។ ខ្ញុំចង់ធ្វើការងារ តែខ្ញុំក៏ចូលចិត្តកីឡាផ្សេងដែរ អីញ្ចឹងពេលនេះ គឺជាឱកាសល្អ ដែលខ្ញុំអាចរីករាយ (ដើរមើលការប្រកួតកីឡាផ្សេងៗ)»។

Jose Mourinho talks love for F1

គួរជម្រាបជូនថា បន្ទាប់ពីត្រូវបានក្លឹប Manchester United បណ្តេញចេញ កាលពីចុងឆ្នាំ ២០១៨ ក្រោយពីលោក Mourinho បានដឹកនាំ Man Utd ឲ្យប្រកួតចាញ់ក្រុម Liverpool មក គឺលោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ វ័យ ៥៦ឆ្នាំនេះ បានទៅធ្វើការជាអ្នកវិភាគកីឡា ក្នុងទូរទស្សន៍ឯកជនមួយរយៈ។ ហើយក្រោយពីចប់រដូវកាល ២០១៨/២០១៩ លោកក៏មិនធ្វើអ្វីដែរ ដោយគេសង្កេតឃើញថា លោកបានចំណាយពេល ទៅចូលរួមទស្សនាការប្រកួតកីឡាករផ្សេងៗ ដូចជាតេន្នីសជាដើម។

Do Bayern Munich need Jose Mourinho?

យ៉ាងណាក៏ដោយ មានដំណឹងថា មានក្លឹបជាច្រើន កំពុងតែទាក់ទងលោក Mourinho ទៅដឹកនាំ ដោយក្នុងនោះ មានទាំងក្លឹបក្នុងក្របខណ្ឌនៃប្រទេសព័រទុយហ្កាល់ បារាំង ដូចជា Benfica, Lyon និងសូម្បីតែ Newcastle។ ប៉ុន្តែនៅពេលដែលលោក Mourinho ចាប់រៀនភាសាអាល្លឺម៉ង់នេះ គេជឿជាក់ថា ប្រាកដជាមានក្លឹបណាមួយ ក្នុងក្របខណ្ឌ Bundesliga ទាក់ទងមកគាត់ជាមិនខាន៕

មតិយោបល់