បរាជ័យច្រើនគ្រាប់បំផុតរបស់កម្ពុជា ទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់បរទេសយ៉ាងខ្លាំង

បរាជ័យដោយលទ្ធផល ១៤-០ ក្រោមថ្វីជើងក្រុមកំពូលប្រចាំទ្វីបអាស៊ីអ៊ីរ៉ង់ របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីយប់ថ្ងៃព្រហស្បតិ៍ បានក្លាយជាកំណត់ត្រាអាក្រក់បំផុតរបស់ប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ខណៈកាលពីឆ្នាំ ១៩៩៥ កម្ពុជាចាញ់ច្រើនបំផុតត្រឹម ១០-០ ពេលលេងទល់នឹងឥណ្ឌូនេស៊ី។

លទ្ធផលដ៏សោកសៅរបស់អ្នកគាំទ្របាល់ទាត់ជាតិកម្ពុជាមួយនេះ មិនត្រឹមតែទាក់ទាញបានការបញ្ចេញមតិយោបល់ពីមជ្ឈដ្ឋានជាតិប៉ុណ្ណោះទេ តែក៏មានអ្នកនិយមបាល់ទាត់ជុំវិញពិភពលោក បានបង្ហាញការយល់ឃើញរបស់ពួកគេ មកលើជំនួបពូល C វគ្គជម្រុះជុំទី ២ ប្រចាំទ្វីបអាស៊ីនេះផងដែរ។

យើងចាប់ផ្ដើមពីអ្នកគាំទ្រក្នុងស្រុក លោក អ៊ឹង ចំរើន និពន្ធ​នាយក​នៃ​សារព័ត៌មាន​ថ្មីៗ និងជាអ្នកសារព័ត៌មានមួយរូបគត់របស់កម្ពុជា ដែលមានសិទ្ធិបោះឆ្នោតក្នុងកម្មវិធី FIFA Awards បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «យេីងចាញ់ អ៊ីរ៉ង់ ១៤-០។ តែលទ្ធផលនេះ បានធ្វើឲ្យយេីងស្រឡាញ់ជម្រើសជាតិកាន់តែខ្លាំង។ អាណិតកីឡាករដូចពិធីករ CBS និយាយ»។

នៅលើបណ្ដាញ Twitter ឯនោះវិញ គណនីឈ្មោះ Andrew Cesare បានសរសេរបែបលេងសើចថា៖ «ចាប់ពីពេលនេះទៅ អ៊ីរ៉ង់ប្រហែលជាត្រូវអនុញ្ញាតឲ្យនារីទៅមើលបាល់ទាត់ផ្ទាល់ច្រើនជាងមុន ព្រោះពេលមានវត្តមានអ្នកគាំទ្រនារីនៅកីឡដ្ឋាន ត្រឹមតែ ៦៧ នាទី ពួកគេនាំមុខកម្ពុជា ១២-០ ទៅហើយ»។

ចំណែកនៅលើទំព័រហ្វេសប៊ុករបស់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី វិញ គណនីហ្វេសប៊ុកឈ្មោះ Rafael Saltori សរសេរថា៖ «មានរឿងអ្វីកើតឡើងចំពោះកម្ពុជា? តើអ៊ីរ៉ង់ល្អខ្លាំងពេក ឬមកពីកម្ពុជាបង្កកំហុសច្រើនលើសលប់ក្នុងការប្រកួត? លទ្ធផលរបស់កម្ពុជានៅពេលនេះ គឺវាហួសពីអាក្រក់ទៅទៀត។ ខ្ញុំធ្លាប់គិតថា អ៊ីរ៉ង់អាចស៊ីកម្ពុជាបានយ៉ាងច្រើនត្រឹម ៧ ទៅ ៨ គ្រាប់»។

នៅក្នុងគណនី Twitter ឈ្មោះ Tomas Danicek បានរ៉ាយរ៉ាប់បែបសុទិដ្ឋិនិយមមកកាន់ក្រុមជម្រើសជាតិកម្ពុជាថា៖ «គួរតែពេញចិត្តការលេងរបស់កម្ពុជា ពួកគេបានប្រឹងប្រែងដើម្បីរក្សាការលេងបាល់ក្រោម ព្យាយាមលេងពីតំបន់ខាងក្រោមម្ដងបន្តិចៗ។ ជាការពិត ការលេងរបស់អ៊ីរ៉ង់ស្ថិតនៅក្នុងកម្រិតមួយដ៏ខ្ពស់ជាងកម្ពុជា ស្ទើរតែគ្រប់ចំនុច។ ប៉ុន្តែទាំងនេះគឺជាភាពរីកចម្រើនរបស់ក្រុម បើទោះជាត្រូវរងលទ្ធផលបរាជ័យដ៏អាក្រក់ក្ដី»។

បរាជ័យដ៏ធំធេងរបស់កម្ពុជា ត្រូវបានគេមើលឃើញថា បណ្ដាលមកពីកត្តារួមផ្សំជាច្រើន​ ដែលមានលើសពីកម្រិតសមត្ថភាព។ គោព្រៃកម្ពុជា នឹងត្រលប់មកមាតុប្រទេសវិញ ដើម្បីត្រៀមទទួលក្រុមគីឡូធ្ងន់អ៊ីរ៉ាក់មួយប្រកួតទៀត នៅពហុកីឡដ្ឋានជាតិ នាថ្ងៃអង្គារ ទី ១៥ ខែតុលាខាងមុខ៕

មតិយោបល់