ភ្នំពេញក្រោនប្រកួតមិត្តភាពតទល់ការពារជាតិ ប្រមូលមូលនិធិជួយសាលាខ្វះខាតមួយនៅកំពង់ធំ

ក្លិបជើងឯកលីគកំពូល ៦ សម័យ ភ្នំពេញក្រោន នារសៀលថ្ងៃទី ០៤ តុលានេះ នឹងធ្វើការប្រកួតលក្ខណៈមិត្តភាពមួយ ទល់នឹងក្លិបបាល់ទាត់ក្រសួងការពារជាតិ ដើម្បីរក្សាកម្លាំងកីឡាករ ក៏ដូចជាផ្ដល់ឱកាសដល់កីឡាករពុំសូវបានលេងក្នុងពានរង្វាន់សម្ដេច និង Metfone Cambodian League 2019 នាពេលកន្លងមក។

លើសពីការប្រកួតដកស្រង់បច្ចេកទេស ជំនួបរវាងក្រុមទាំង ២ នៅកីឡដ្ឋាន Smart RSN ក៏នឹងមានកម្មវិធីសប្បុរសធម៌មួយ ដែលផ្ដួចផ្ដើមដោយប្រធានក្លិប ឧកញ៉ា រិទ្ធី សំណាង ដោយទទួលយករាល់ជំនួយជាថវិកា សម្ភារៈសិក្សា អាហារ សំលៀកបំពាក់ និងរបស់លេងផ្សេងៗ ដើម្បីយកទៅផ្ដល់ជូនសាលារៀនខ្វះខាតមួយ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយបានឃើញវីដេអូស្នើសុំជំនួយរបស់គ្រូបង្រៀន នៅលើបណ្ដាញសង្គម។

ឧកញ៉ា រិទ្ធី សំណាង នៅក្នុងវីដេអូបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ភ្នំពេញក្រោនបានលើកឡើងថា៖ «ខ្ញុំបានឃើញព័ត៌មានមួយក្នុងហ្វេសប៊ុក ដែលលោកគ្រូម្នាក់បានសុំជំនួយ ហើយខ្ញុំក៏បានឲ្យក្រុមការងារចុះទៅមើលផ្ទាល់។ ពួកយើងបានឃើញថា សាលាពិតជាជួបបញ្ហាលំបាកពិតប្រាកដមែន ដោយមានតែថ្នាក់រៀនធ្វើពីស័ង្កសីមួយ ជួយសង់ដោយ NGO ហើយពេលមានទឹកជំនន់ ពួកគេកាន់តែពិបាក។ នៅទីនោះមានប្រជាជនប្រហែល ៥០ គ្រួសារ ហើយពួកក្មេងៗពិតជាខ្វះខាតទាំងសម្លៀកបំពាក់ និងសម្ភារៈសិក្សា ហេតុនេះយើងសម្រេចបង្កើតកម្មវិធីសប្បុរសធម៌មួយ ក្នុងការប្រកួតបាល់ទាត់ថ្ងៃនេះ»។

បន្ថែមលើនេះដែរ លោក លី ហៀង អគ្គលេខាធិការក្លិបបានឲ្យដឹងថា ក្លិបនឹងទទួលរាល់ជំនួយទាំងអស់ ដោយពុំផ្ដោតតែលើថវិកាមួយមុខប៉ុណ្ណោះទេ។ លោកបញ្ជាក់ថា កម្មវិធីសប្បុរសធម៌មួយនេះ នឹងចាប់ផ្ដើមទទួលការបរិច្ចាគចាប់ពីពេលប្រកួតមិត្តភាពនៅកីឡដ្ឋានផ្ទាល់នាថ្ងៃទី ០៤ តុលានេះ រហូតដល់ថ្ងៃទី ១១ ខាងមុខ មុននាំយកជំនួយទាំងនោះទៅកាន់សាលាផ្ទាល់។

«ប្រសិនបើបងប្អូនមិនបានចូលរួមក្នុងការប្រកួតនាថ្ងៃសុក្រនេះទេ បងប្អូននៅតែបរិច្ចាគនៅការិយាល័យក្លិប រហូតដល់ថ្ងៃទី ១១ តុលា។ បើបងប្អូនមានជាខោអាវឈប់ស្លៀកពាក់ តែនៅអាចប្រើប្រាសប់បាន ក៏អាចយកមកបាន ព្រោះយើងមិនផ្ដោតតែថវិកាមួយមុខទេ ដោយយើងជឿជាក់ថា ទាំងអស់គ្នាអាចចែករំលែកអ្វីគ្រប់យ៉ាង សំខាន់គឺយើងធ្វើដើម្បីកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត។ អ៊ីចឹងសូមបងប្អូនចូលរួមឲ្យបានច្រើន»។

គួរឲ្យដឹងថា ជំនួបមិត្តភាពសប្បុរសធម៌រវាងភ្នំពេញក្រោន និងក្រសួងការពារជាតិ នឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN ចាប់ពីម៉ោង ៤ រសៀលថ្ងៃសុក្រនេះតទៅ។ ថវិកា និងសម្ភារៈដែលទទួលបានពីការបរិច្ចាគ នឹងយកទៅជួយដល់សិស្សានុសិស្សនៅតំបន់បឹងស្បូវ  ភូមិទួលនាងសាយ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

Manchester City comparisons played down by Sheffield United owner Musa’ad Bin Khalid Al Saud

មតិយោបល់