អ្នកគាំទ្របាល់ទាត់ជុំវិញទ្វីបអាស៊ី សរសើរពីការរីកចម្រើនដ៏ភ្ញាក់ផ្អើលរបស់កម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យយ៉ាងប្រផុតប្រផើយដោយលទ្ធផល ០-១ ទល់នឹងក្រុមភ្ញៀវបារ៉ែន កាលពីយប់ថ្ងៃអង្គារ ទី ១០ កញ្ញាកន្លងទៅ ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ប្រមាណ ៥ ម៉ឺន ៥ ពាន់នាក់ នាពហុកីឡដ្ឋានជាតិ ដែលជាប្រកួតទី ២ ក្នុងពូល C នៃវគ្គជម្រុះ FIFA World Cup ជុំទី​២ សម្រាប់ទ្វីបអាស៊ី។

បើទោះទទួលបានលទ្ធផលពុំគាប់ចិត្តក្ដី ប៉ុន្តែគេសង្កេតឃើញថា អ្នកគាំទ្រស្ទើរទាំងអស់ហាក់ពេញចិត្តពេញថ្លើមខ្លាំង ចំពោះរបៀបលេងថ្មីប្រកបដោយទំនុកចិត្តរបស់អ្នកចាត់ការ Keisuke Honda ដែលពុំត្រឹមតែអ្នកនិយមតាមដានបាល់ទាត់ជាតិប៉ុណ្ណោះទេ ប៉ុន្តែគេឃើញមាន Comment ជាច្រើននៅលើទំព័រហ្វេសប៊ុករបស់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ពីសំណាក់ប្រទេសនានា បានសាទរចំពោះសមិទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលរបស់កម្ពុជា។

គណនីឈ្មោះ Ka Imam មកពីប្រទេសឥណ្ឌូនេស៊ីបានសរសេរថា «វាប្រហែលជាលទ្ធផលមួយពុំសូវល្អប៉ុន្មានទេ ប៉ុន្តែវាជាការវិវឌ្ឍដ៏ប្រសើរមួយសម្រាប់កម្ពុជា។ សូមទទួលការគោរពពីឥណ្ឌូនេស៊ី»។ ចំណែកគណនីមកពីប្រទេសវៀតណាមឈ្មោះ Nguyen Milano សរសេរថា៖ «កម្ពុជាបានបង្ហាញនូវការលេងដ៏ល្អប្រសើរក្នុងប្រកួតនេះ។ ពួកគេនឹងអភិវឌ្ឍន៍បច្ចេកទេសម្ដងមួយជំហានៗ។ សូមអបអរសារទរ»។

«ការលេងកម្ពុជាប្រហាក់ប្រហែលគ្នានឹងថៃដែរ គឺពួកគេធ្លាក់ចុះកម្លាំងកាយសម្បទានៅចុងវគ្គ។ យ៉ាងណាក្ដី ពួកគេនឹងមានអនាគតដ៏ភ្លឺស្វាងមួយ ក្រោមការដឹកនាំរបស់ Keisuke Honda»។ នេះជាការលើកឡើងរបស់គណនីឈ្មោះ Tanuj Birua មកពីប្រទេសឥណ្ឌា។ ជាមួយគ្នានេះ គណនីឈ្មោះ Minh Tien មកពីវៀតណាមបញ្ចេញមតិថា៖ «ក្រុមជម្រើសជាតិកម្ពុជាកំពុងរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់។ ក្រុមបាល់ទាត់នៃប្រទេសតំបន់អាស៊ាន នឹងក្លាយជាក្រុមខ្លាំងនាពេលអនាគត»។

គួររំឭកថា លទ្ធផល ១-១ ទល់នឹងកោះហុងកុង ក៏ដូចជាលទ្ធផល ០-១ ទល់នឹងបារ៉ែន បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជាតិមានមោទនភាពយ៉ាងខ្លាំង ចំពោះការបង្ហាញសមត្ថភាពរបស់កីឡាករកម្ពុជា។ ពួកគេបានលើកឡើងស្រដៀងគ្នាថា កម្ពុជាបច្ចុប្បន្នពុំមែនកម្ពុជាដែលងាយយកឈ្នះដូចមុនឡើយ ហើយថាលទ្ធផលទាំង ២ ប្រកួតនេះ ពួកគេទទួលយកដោយសប្បាយចិត្ត៕

មតិយោបល់