ស្វែងយល់ពីស្ថានភាពក្រុម កម្ពុជា និងបារ៉ែន មុនជំនួបដ៏ក្ដៅនាយប់នេះ

នាម៉ោង​ ៦:៣០ នាទីរសៀល ថ្ងៃអង្គារ ទី ១០ កញ្ញានេះ គោព្រៃកម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិជាថ្មីម្ដងទៀត ទទួលស្វាគមន៍ក្រុមចំណាត់ថ្នាក់លេខ ១០៩ ពិភពលោក បារ៉ែន ដែលជាការប្រកួតទី ២ របស់កម្ពុជាក្នុងពូល​ C វគ្គជម្រុះជុំទី ២ ប្រចាំទ្វីបអាស៊ី សម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតារ។

មុនការប្រកួតដ៏អស្ចារ្យចូលមកដល់នាល្ងាចនេះ FOX Sports ខេមរភាសាសូមលើកយកចំនុចសំខាន់មួយចំនួនរបស់ក្រុមទាំង ២ មកបង្ហាញជូនប្រិយមិត្តនិយមគាំទ្របាល់ទាត់ជាតិបានជ្រាប ក៏ដូចជាថ្លឹងថ្លែងពីសមាសភាពរបស់គូប្រជែងទាំង ២ នេះតែម្ដង។

សម្ដីគ្រូបង្វឹកទាំងសង្ខាង

លោក​ Felix Gonzalez Dalmas គ្រូបង្វឹកកម្ពុជាបានលើកឡើងថា ក្រុមពុំផ្ដោតលើលទ្ធផលពេលឡើយ តែចង់ឲ្យកីឡាករទាំងអស់លេងឲ្យបានប្រសើរបំផុត ទៅតាមរបៀបលេង និងប្រព័ន្ធលេងមួយ ដែលក្រុមបានសម្រេចយកមកលេង ព្រោះវាជាប្រព័ន្ធមួយដែលបាល់ទាត់កម្ពុជាត្រូវប្រើ។ ភាពក្លាហាន ជាអ្វីដែលក្រុមការងារលោក Keisuke Honda ចង់ឃើញ។

ចំណែកគ្រូបង្វឹកបារ៉ែន លោក​ Helio Sousa បានលើកឡើងពីក្ដីបារម្ភ ចំពោះការលេងលើវាលស្មៅសិប្បនិមិត្ត ដែលក្រុមខ្លួនស្ទើរពុំធ្លាប់លេងសោះ ហើយថាក្រុមកម្ពុជានឹងមានប្រៀបនៅត្រង់ចំនុចនេះ។ បែបណាក្ដី គ្រូបង្វឹកជនជាតិព័រទុយហ្គាល់រូបនេះអះអាងថា ក្រុមបានត្រៀមរួចរាល់ហើយ ដើម្បីរកលទ្ធផលល្អលើទឹកដីកម្ពុជា។

ស្ថានភាពកីឡាករ

ក្រុមកម្ពុជាពុំមានព័ត៌មានពីកីឡាកររបួសឡើយ ហើយពេលវេលាសម្រាក ៥ ថ្ងៃក្រោយជួបជាមួយហុងកុង ហាក់សមល្មមដើម្បីប្រមូលកម្លាំងត្រលប់មកជួបបារ៉ែនវិញ។ ពុំខុសពីជំនួបតទល់ហុងកុងឡើយ កម្ពុជានៅតែចាញ់ប្រៀបកាយសម្បទាគូប្រជែង ដ្បិតជាក្រុមតែមួយគត់ក្នុងពូល C ដែលមានកាយសម្បទាតូច ខណៈ ៤ ប្រទេសផ្សេងទៀតរួមមាន ហុងកុង បារ៉ែន អ៊ីរ៉ង់ និងអ៊ីរ៉ាក់ សុទ្ធតែមានមាឌធំៗ។

ងាកទៅបារ៉ែន ក្រុមមួយនេះមានកីឡាករទាបបំផុតក្នុងក្រុមត្រឹមកម្ពស់ ១,៧០ ម៉ែត្រ ហើយភាគច្រើនសុទ្ធតែជាកីឡាករមានបទពិសោធលេងឲ្យជម្រើសជាតិយ៉ាងជោកជាំ។ កីឡាករគួរឲ្យបារម្ភរបស់គេគឺ ខ្សែប្រយុទ្ធកម្ពស់ ១,៩៤ ម៉ែត្រ Abdulla Yusuf Helal ដែលកំពុងលេងឲ្យក្លិបលីគកំពូលឆេក Slavia Praha ។

របៀបលេង

កម្ពុជាក្រោមការដឹកនាំរបស់ Keisuke Honda បានបង្កើតប្រព័ន្ធលេងថ្មីសន្លាងមួយ សម្រាប់វិស័យបាល់ទាត់កម្ពុជា ហើយបានជំរុញឲ្យកីឡាករទាំងអស់ព្យាយាមអនុវត្តឲ្យបានល្អបំផុត ប្រកបដោយភាពក្លាហាន ហើយអ្នកចាត់ការរូបនេះបានលើកឡើងថា ពុំខ្វល់ពីការបង្កកំហុសអំឡុងពេលប្រកួតឡើយ តែលោកនឹងមិនសប្បាយចិត្ត បើកីឡាករពុំហ៊ានលេងតាមប្រព័ន្ធដែលបានរៀបចំ។ ការលេងបាល់ខ្លីប្រកបដោយគុណភាព ការគ្រប់គ្រងបាល់ឲ្យបានយូរតាមលទ្ធភាព និងភាពក្លាហានក្នុងការលេងប្រកបដោយឆន្ទៈខ្ពស់ ជាអ្វីដែលក្រុមការងារ Keisuke Honda ចង់បានពីកីឡាករទាំងអស់។

សម្រាប់បារ៉ែនកាលលេងទល់នឹងអ៊ីរ៉ាក់នៅទឹកដីរបស់គេ បើទោះរកបានត្រឹមស្មើគ្នា ១-១ តែក្រុមខ្លាំងមួយនេះ បានបង្កើតឱកាសគ្រោះថ្នាក់នៅមុខទីអ៊ីរ៉ាក់ជាច្រើនលើកច្រើនសារ តែបញ្ចប់ទីបានសម្រេចត្រឹមមួយគ្រាប់ប៉ុណ្ណោះ។ យ៉ាងណាក្ដី ក្នុងការប៉ះកម្ពុជានារសៀលនេះ បារ៉ែនត្រូវបានគេព្យាករណ៍ថា នឹងព្យាយាមលេងបាល់កាត់ចេញពីស្លាបទៅចូលក្នុងប្រអប់គ្រោះថ្នាក់ច្រើន ដ្បិតពួកគេមានប្រៀបលើកម្ពស់ខ្លាំងទៅកម្ពុជា។

ខាងលើនេះ ជាការកត់ចំណាំរបស់ FOX Sports ខេមរភាសា លើការរៀបចំលេង និងទស្សនៈគ្រូបង្វឹករបស់ក្រុមទាំង ២ ដែលនឹងត្រូវតតាំងគ្នាដណ្ដើម ៣ ពិន្ទុ ក្រោយរកបានត្រឹម ១ ពិន្ទុដូចគ្នា កាលពីប្រកួតបើកពូលនាថ្ងៃទី ០៥ កញ្ញាកន្លងមក។ គួររំឭកជាថ្មីថា គោព្រៃកម្ពុជា នឹងប្រកួតជាមួយបារ៉ែន នាម៉ោង ៦:៣០ នាទីរសៀល ថ្ងៃទី ១០ កញ្ញានេះ ដែលការប្រកួតនឹងមានផ្សាយផ្ទាល់លើ BTV ៕

មតិយោបល់