គ្រូកម្ពុជាថា ពុំផ្ដោតលើលទ្ធផលទល់បារ៉ែន តែចង់ឲ្យក្រុមសម្រេចរឿងចម្បងមួយ

បន្ទាប់ពីរកបានលទ្ធផលស្មើគ្នា ១-១ ទល់នឹងភ្ញៀវហុងកុង នាថ្ងៃទី ១០ ខែកញ្ញានេះ កម្ពុជានឹងត្រូវទទួលភ្ញៀវគីឡូធ្ងន់ជាងមុនទៀត គឺក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន ដែលជាការប្រកួតទី ២ ក្នុងវគ្គជម្រុះជុំទី ២ ពានរង្វាន់បាល់ទាត់ពិភពលោក។

ពាក់ព័ន្ធជំនួបដ៏ធំនេះ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកម្ពុជា-បារ៉ែន គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Felix Gonzales Dalmas បានលើកឡើងថា កម្ពុជានឹងលេងទៅតាមរបៀប និងប្រព័ន្ធមួយ ដែលក្រុមការងារបានកំណត់ទុកដោយពុំផ្ដោតលើលទ្ធផលពេក ហើយអ្វីដែលលោកចង់ឃើញ គឺការលេងដោយទំនុកចិត្ត គ្មានភាពភ័យខ្លាច អ្វីដែលសំខាន់ត្រូវតែលេងតាមគម្រោងដែលបានត្រៀមទុក។

«ទស្សនៈក្នុងការលេងរបស់យើងនៅតែដដែល ដោយយើងចង់ឲ្យកីឡាកររបស់យើងមានប្រតិ​កម្មលឿនជាង ការគិតលឿនជាង ពិសេសយើងចង់ឲ្យក្រុមរបស់យើងបង្ហាញពីភាពក្លាហាន និងមោះមុតក្នុងការលេង។ បើទោះជាយើងទទួលបានលទ្ធផលបែបណា ប្រការចម្បងគឺក្រុមរបស់យើងយល់ និងអាចលេងទៅតាមរបៀបមួយដែលយើងចង់បាន យើងនៅតែរក្សាការលេងបែបនេះ។ វាជាការប្រកួតប្រជែងកម្រិតខ្ពស់ និងថ្មីមួយទៀតសម្រាប់យើង នៅថ្ងៃស្អែកនេះ»។

បន្ថែមលើនេះ គ្រូជនជាតិអាហ្សង់ទីនអំពាវនាវជាថ្មី ឲ្យអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់ចូលរួមទស្សនាឲ្យបានកាន់តែច្រើន ជាងកាលលេងទល់នឹងហុងកុងថែមទៀត ដោយលោកបានពន្យល់ថា អ្នកគាំទ្រជាកីឡាករទី ១២ ហើយជាកីឡាករសំខាន់បំផុត មានកម្លាំងពេញ ៩០ នាទី សម្រាប់ផ្ដល់ឲ្យកីឡាករ ១១ នៅលើទីលាន។

គួររំឭកជាថ្មីថា កម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមចំណាត់ថ្នាក់លេខ ១០៩ ពិភពលោក បារ៉ែន នាថ្ងៃទី ១០ ខែកញ្ញាខាងមុខនេះ ដែលការប្រកួតនឹងធ្វើឡើងចាប់ពីម៉ោង ១៨:០០ តទៅ ដោយមានផ្សាយផ្ទាល់នៅលើទូរទស្សន៍ និងទំព័រហ្វេសប៊ុក BTV ៕

មតិយោបល់