អ្នកចាត់ការវិសាខានិយាយពីអវត្តមានសមាជិកជាប់ជម្រើសជាតិ ស្របពេលត្រៀមពានសម្ដេច

ស្របពេលក្រុមជម្រើសជាតិប្រមូលផ្ដុំ ដើម្បីប្រកួតវគ្គជម្រុះ World Cup ក្លិបលីគកំពូលទាំងអស់ ពិសេសក្លិប ៤ ដែលជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពុំសម្រាកនោះឡើយ ដោយពួកគេបានហ្វឹកហាត់យ៉ាងសកម្ម ត្រៀមប្រជែងយកកៅអីវគ្គផ្ដាច់ព្រ័ត្រ បើទោះត្រូវអវត្តមានកីឡាករសំខាន់ ដោយសារជាប់បេសកកម្មជួយជាតិក្ដី។

ទន្ទឹមនឹងនេះ លោក ហុក សុចិត្រា អ្នកចាត់ការក្លិបបាល់ទាត់វិសាខា បានលើកឡើងថា វាពិតជាប៉ះពាល់សម្រាប់ការត្រៀមខ្លួនរបស់ក្រុម ដ្បិតកីឡាករពុំបានហ្វឹកហាត់ជុំគ្នា ប៉ុន្តែបានអះអាងដោយសុទិដ្ឋិនិយមខ្ពស់ថា ជាមោទនភាពមួយរបស់ក្រុម ដែលមានកីឡាករបង្ហាញមុខក្នុងក្រុមជម្រើសជាតិច្រើនជាងគេ ព្រោះវាស្របនឹងគោលការណ៍ចម្បងរបស់ក្លិប ក្នុងការចូលរួមអភិវឌ្ឍន៍បាល់ទាត់ជាតិ។

«ពាក់ព័ន្ធកីឡាករត្រៀមប្រកួត ទាំង MCL និងពានសម្ដេច អាចថាប៉ះពាល់តិចតួចដែរ ប៉ុន្តែជាធម្មតាក្លិបបាល់ទាត់នីមួយៗត្រូវតែរៀបចំត្រៀមខ្លួន សម្រាប់ការប្រមូលផ្ដុំជម្រើសជាតិ។ យ៉ាងណាក្ដី គោលការណ៍រួមរបស់ក្លិបយើង គឺការចូលរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ជាតិ អ៊ីចឹងយើងមានតែសប្បាយចិត្តទៅវិញទេ ដែលពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ ស្របទៅតាមការ​ចង់បានរបស់គ្រូជម្រើសជាតិ គ្រាន់តែថាការប៉ះពាល់ចៀសមិនរួចទេ ហើយយើងត្រូវកែច្នៃទៅតាមហ្នឹងទៅ»។

បែបណាក្ដី អ្នកចាត់ការដដែលបង្ហាញថា ពុំសូវបារម្ភពីភាពស៊ីចង្វាក់ និងការយល់ដឹងពីយុទ្ធសាស្ត្រលេងនោះឡើយ តែក្ដីបារម្ភចម្បងដែលលោកគិតដល់នោះ គឺបញ្ហារបួសកីឡាករអំឡុងពេលលេងក្នុងក្រុមជម្រើសជាតិ ព្រោះកម្រិតប្រកួតប្រជែងខ្ពស់ ហើយថាការប៉ះទង្គិចអាចមានសភាពធ្ងន់ជាងលេងទល់នឹងក្លិបដូចគ្នា។

«អ្វីដែលយើងបារម្ភជាងគេ គឺរបួសកីឡាករក្នុងការប្រកួត និងបញ្ហាកម្លាំងបន្តិចបន្តួចដែរ ប៉ុន្តែពាក់ព័ន្ធរបៀបរបបលេង បច្ចេកទេសលើទីលានអី ខ្ញុំយល់ថាមិនបញ្ហាទេ ព្រោះកីឡាករយើងគាត់ធ្លាប់នៅជាមួយគ្នាស្រាប់ហើយ អ៊ីចឹងយើងមិនសូវបារម្ភទេ។ យ៉ាងណាក៏ដោយ ពួកយើងមានការត្រៀមខ្លួនស្រេចបាច់ហើយ សម្រាប់ការប្រកួតខាងមុខ ទាំងពានសម្ដេចតេជោ និងលីគ»។

គួររំឭកថា ក្នុងការកោះហៅរបស់ក្រុមជម្រើសជាតិសម្រាប់បញ្ជី ៣៥ នាក់ គេឃើញថាមានវត្តមានកីឡាករវិសាខាដល់ទៅ ១០ នាក់ ដែលជាចំនួនច្រើនជាងគេ បើធៀបនឹងក្លិបដទៃក្នុងលីគ។​ ក្រោយកាត់តម្រឹមមកត្រឹម ២៥ នាក់ សមាជិកវិសាខានៅតែមានចំនួនច្រើនជាងគេ ពោល ៦ នាក់រួមមាន កែវ សុខផេង កែវ សុខសិលា អ៊ិន សុដាវីត អ៊ុក សុវណ្ណ កែន ចាន់សុភ័ក្ត្រ និង ឆេង ម៉េង៕

មតិយោបល់