ហេតុផល ៤ យ៉ាង ជំរុញ​ឲ្យអ្នក​គួរ​ទៅ​គាំ​ទ្រ​ក្រុម​ជម្រើស​ជាតិ​លេង​ទល់​នឹង​ហុងកុង

ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃទី ០៥ ខែកញ្ញានេះតទៅ នៅលើវាលស្មៅសិប្បនិមិត្តនៃពហុកីឡដ្ឋានជាតិ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកឆាកតតាំងយក ៣ ពិន្ទុដំបូងពីហុងកុង ក្នុងការប្រកួតវគ្គជម្រុះជុំទី ២ FIFA World Cup Qatar 2022 និង AFC Asian Cup Qualifier China 2023 ។

ជាមួយគ្នានេះ គេមើលឃើញថា គោព្រៃកម្ពុជាត្រូវការជ័យជម្នះជាចាំបាច់បំផុត ព្រោះហុងកុងជាក្រុមមួយមានកម្រិតទាបជាងគេ បើធៀបនឹងគូប្រជែងក្នុងពូល ៣ ផ្សេងទៀតដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ និងបារ៉ែន ដែលអាចឲ្យកម្ពុជារកឃើញលទ្ធផលវិជ្ជមាន។​ FOX Sports ខេមរភាសាយល់ឃើញថា អ្នកគាំទ្រនឹងក្លាយជាចលករសំខាន់មួយ ជំរុញឲ្យកូនក្រុមលោក Keisuke Honda កាន់តែមានសន្ទុះក្នុងការប្រយុទ្ធទ្វេដង ហើយទាំងនេះជាហេតុផលដែលនាំឲ្យអ្នកគួរតែទៅគាំទ្រក្រុមជម្រើសជាតិ។

ប្រកួតសំខាន់

ជាធម្មតាការចាប់ផ្ដើមដំបូងនៃយុទ្ធនាការ ក្រុមទាំងអស់សុទ្ធតែចង់បានលទ្ធផលគាប់ប្រសើររៀងៗខ្លួន ដើម្បីជាទុនទាំងពិន្ទុ និងស្មារតីក្នុងការប្រកួត សម្រាប់ត្រៀមជួបគូប្រជែងបន្តបន្ទាប់ទៀត។ ស្របពេលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងប្រកួតដំបូងនេះ ច្បាស់ណាស់ថាវារឹងរឹតតែសំខាន់ទៅទៀត ក្នុងការផ្ដោតទៅលើជំនួបដ៏ស្វិតស្វាញមួយនេះ។

កម្លាំងចិត្ត

ជាទូទៅក្រុមម្ចាស់ផ្ទះតែងមានប្រៀបលើក្រុមភ្ញៀវ ត្រង់ចំនុចនេះ។ ជាក់ស្ដែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Mixu គ្រូបង្វឹកហុងកុងលើកឡើងថា កម្ពុជាចំណេញច្រើនទៅលើភាពស៊ាំលើទីលាន អាកាសធាតុ ជាពិសេសកម្លាំងគាំទ្រពីក្រោយរបស់អ្នកទស្សនាតែម្ដង។​ ពិតណាស់ បើយើងទាំងអស់គ្នាពុំគាំទ្រកម្ពុជា តើត្រូវទៅគាំទ្រក្រុមមួយណា?

កម្រិតគុណភាព

នេះក៏ជាពេលដ៏សមរម្យមួយដែរ ដើម្បីតាមដានពីការវិវឌ្ឍនៃរបៀបលេងរបស់កីឡាករយើង ក្រោយការរៀបចំប្រព័ន្ធលេងថ្មីមួយ ពីសំណាក់ Keisuke Honda និងក្រុមការងាររបស់គាត់។ អ្នកគាំទ្រនឹងចង់ដឹងចង់ឃើញថា តើកីឡាករយល់ពីរបៀបលេងនេះបានកម្រិតណា? មានកម្រិតគុណភាពប្លែកពីមុនប៉ុណ្ណា? ហើយអ្វីដែលសំខាន់នោះគឺ ប្រធានក្រុម សឿយ វិសាល បានអំពាវនាវក្នុងសន្និសីទសារព័ត៌មាន ឲ្យអ្នកគាំទ្រទៅទស្សនា ដើម្បីបានឃើញពីភាពខុសប្លែកនៃកម្រិតសមត្ថភាពរបស់ពួកគេ។

កំណត់ត្រា

ក្រៅតែពីការគាំទ្រ លើកទឹកចិត្ត និងធ្វើជាសក្ខីភាពនៃការប្រកួត អ្នកគាំទ្រក៏នឹងបានចូលរួមបង្កើតកំណត់ត្រាផងដែរ តាមរយៈចំនួនអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋាន។ គេចាំបានថា កាលវគ្គជម្រុះលើកមុន ទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី អ្នកគាំទ្រកម្ពុជាបានបំបែកកំណត់ត្រាអ្នកចូលទស្សនាច្រើនជាងគេ ពោលមានចំនួនដល់ទៅ ៦ ម៉ឺន ៣ ពាន់នាក់នាគ្រានោះ។

គួរជម្រាបជាថ្មីថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទទួលស្វាគមន៍ភ្ញៀវហុងកុង នៅលើវាលស្មៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ១៨:០០ ថ្ងៃព្រហស្បត្តិ៍ ទី ០៥ ខែកញ្ញានេះ ដែលការប្រកួតខាងលើក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕

មតិយោបល់