៤ រឿងសំខាន់ៗ ពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់ U18 កម្ពុជានៅវៀតណាម

ការប្រកួតវគ្គសន្សំពិន្ទុ នៃពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ ឆ្នាំ ប្រចាំ​ឆ្នាំ​ ២០១៩ នៅ​ប្រទេស​វៀតណាមបានបញ្ចប់ហើយ ខណៈកម្ពុជាពុំអាចឈានទៅកាន់វគ្គខ្វែងបានឡើង ដោយរកបានត្រឹម ៦ពិន្ទុ ឈរចំណាត់ថ្នាក់លេខ ៤ ក្នុងពូល B ។

បែបណាក្ដី បេសកកម្មដ៏គួរឱ្យតាមដានមួយនេះ បានធ្វើឱ្យមជ្ឈដ្ឋានអ្នកនិយមបាល់ទាត់ជាតិរីកមុខរីកមាត់យ៉ាងខ្លាំង តាមរយៈការយកឈ្នះជាប្រវត្តិសាស្ត្រទៅលើគូប្រជែងគីឡូធ្ងន់ថៃ និងវៀតណាម។ ថ្ងៃនេះ FOX Sports ខេមរភាសា សូមលើកយកចំនុចសំខាន់ ៤ ដែល U18 កម្ពុជាបានធ្វើនាពេលកន្លងមក។

បង្កើតប្រវត្តិសាស្ត្រថ្មីទល់ថៃ និងវៀតណាម

បើទោះពុំបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែជ័យជម្នះដ៏គួរជាទីមោទនៈលើថៃ និងវៀតណាម បានធ្វើឱ្យអ្នកគាំទ្រកម្ពុជា ពេញចិត្តពេញថ្លើមយ៉ាងខ្លាំងបំផុត។ រីករាយក៏ព្រោះតែនេះជាការបំបែកកំណត់ត្រា ចារប្រវត្តិសាស្ត្រថ្មី ដ្បិតរាប់ទសវត្សកន្លងមក កម្ពុជាពុំធ្លាប់យកឈ្នះប្រទេសជិតខាងទាំងពីរនេះឡើយ រាប់តាំងពីយុវជនដល់ក្រុមធំ ពីក្រុមបុរសរហូតដល់ក្រុមនារី ក្នុងការប្រកួតផ្លូវការណ៍។

ឈរលើថៃនៅក្នុងតារាងពិន្ទុ

អាចនិយាយបានថា ចាប់ពីក្រោយរបបប្រល័យពូជសាសន៍ ពោលពេលដែលកម្ពុជាចាប់ផ្ដើមបញ្ជូនក្រុមបាល់ទាត់ទៅចូលរួមព្រឹត្តិការណ៍ផ្លូវការណ៍ មានតែពេលនេះទេ ដែលក្រុមបាល់ទាត់អាយុក្រោម ១៨ឆ្នាំកម្ពុជា បានឈរពីលើថៃក្នុងតារាងចំណាត់ថ្នាក់ពូល B ។ កម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយរកបាន ៦ពិន្ទុពីការឈ្នះថៃ និង​វៀតណាម ចំណែកថៃឈរចំណាត់ថ្នាក់លេខ ៥ ដោយប្រកួតឈ្នះម៉ាឡេស៊ី តែស្មើ​សិង្ហបុរី និងវៀតណាម មានត្រឹម ៥ ពិន្ទុ។

ក្លាយជាប្រធានបទលើបណ្ដាញសង្គមអ្នកនិយមកីឡាអាស៊ាន

ជ័យជម្នះដ៏កក្រើកលើក្រុមដែលគេចាត់ទុកថា King of ASEAN បានធ្វើឱ្យក្រុមដែលគេតែងពុំចាត់ទុកជាគូប្រជែង កម្ពុជា ក្លាយជាប្រធានបទដ៏ពេញនិយមលើបណ្ដាញសង្គម នៃពិភពអ្នកតាមដានកីឡាបាល់ទាត់ក្នុងតំបន់អាស៊ីអាគ្នេយ។ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី Asia Football Confederation លើការបង្ហោះលទ្ធផលប្រកួតពានរង្វាន់ AFF U18 Next Media Cup 2019 គេឃើញមានវិចារណ៍ជាច្រើនលើលទ្ធផលរបស់កម្ពុជា ទល់ថៃ និងវៀតណាម ដោយមានទាំងការនិយាយបញ្ចើចបញ្ចើទៅក្រុមចាញ់ ការអបអរសាទរ និងកោតសរសើរកម្ពុជា ពិសេសការបញ្ចេញយោបល់ទៅលើខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា។

សៀង ចន្ធា អនាគតបាល់ទាត់កម្ពុជា

តាមរយៈការបំប៉ោងសំណាញ់ទីគូប្រកួត ៤គ្រាប់ដ៏អស្ចារ្យរបស់ សៀង ចន្ធា បានធ្វើឱ្យអ្នកតាមដានទាំងនៅកម្ពុជា និងក្នុងតំបន់អាស៊ាន បានបង្ហាញក្ដីពេញចិត្ត ពិសេសការកោតសរសើរពីគុណភាពដ៏ខ្ពស់របស់កីឡាករវ័យក្មេងរូបនេះ។ ស្របពេលដែលបច្ចុប្បន្ន ជម្រើសជាតិក្រុមធំរបស់យើងកំពុងជួបកង្វះខ្សែប្រយុទ្ធពូកែបញ្ចប់ទី ចន្ធា បានក្លាយជាក្ដីរំពឹងដ៏គួរឱ្យទុកចិត្តមួយសម្រាប់តំណែងនេះ។

មតិយោបល់