ស្ដាប់ការលើកឡើងរបស់គ្រូថាយហ្គឺរ និងព្រះខ័នរាជ មុនជួបគ្នារសៀលនេះ

នាថ្ងៃព្រហស្បតិ៍នេះ អង្គរថាយហ្គឺរនឹងបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ទទួលក្រុមភ្ញៀវពុំស្គាល់ចាញ់ព្រះខ័នរាជស្វាយរៀង ដែលជាជំនួបជើងទី ១ វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៣។

មុនការជួបប្រកួតដ៏ស្វិតស្វាញមួយនេះចូលមកដល់ គ្រូបង្វឹកជនជាតិអៀរឡង់ Conor Nestor របស់ព្រះខ័នរាជលើកឡើងថា លោកពុំអាចមើលស្រាលកីឡាករខ្មែររបស់គូប្រជែងបានឡើយ ដ្បិតពួកគេពុំសូវមានឈ្មោះបោះសម្លេងខ្លាំង ប៉ុន្តែគុណភាពលើទីលានមានកម្រិតខ្ពស់ ពិសេសឆន្ទៈក្នុងការលេងតែម្ដង។

«ថាយហ្គឺរជាក្រុមល្អទាំងព្រម ពួកគេមានគ្រូបង្វឹកល្អ ហើយកីឡាករក្នុងស្រុកអាចថាមិនមានឈ្មោះល្បី ប៉ុន្តែពួកគេមានគុណភាពខ្ពស់ ដែលយើងផ្ដល់ការគោរពចំពោះពួកគេ ក្នុងការប្រកួតខាងមុខនេះ។ វានឹងក្លាយជាការប្រកួតដ៏តានតឹង ដ្បិតគ្មានក្រុមណាមួយងាយស្រួលលេងទល់នឹងថាយហ្គឺរ ក៏ដូចជាលើទឹកដីស្វាយធំនោះទេ។ ខ្ញុំជឿជាក់ថា ក្រុមទាំងមូលនឹងប្រឹងប្រែងគ្រប់វិនាទី ដើម្បីស្វែងរកលទ្ធផលដ៏វិជ្ជមានមួយក្នុងជើងទី១នេះ»។

ស្រដៀងគ្នានេះដែរ លោក Oriol Mohedano Segura គ្រូបង្វឹកអង្គរថាយហ្គឺរបានឱ្យដឹងថា ការប្រជែងគ្នាដោយគ្មានកីឡាករបរទេស នឹងធ្វើឱ្យជំនួបមួយនេះកាន់តែអស្ចារ្យជាងការប៉ះគ្នានៅលីគកំពូល តែក៏បានអះអាងថា ក្រុមលោកពុំមានប្រៀបជាងគូប្រកួតចំពោះការលេងនៅលើទឹកដីស្វាយធំនោះឡើយ។

«វាជាការប្រកួតដ៏អស្ចារ្យមួយ ដែលយើងទន្ទឹងរង់ចាំ។ វានឹងក្លាយជាការប្រកួតដ៏រំភើបមួយផ្សេងទៀត ដែលយើងបានជួបកាលពីចុងសប្ដាហ៍កន្លងទៅម្ដងហើយជាមួយគូប្រកួតដដែល ប៉ុន្តែពេលនេះយើងនឹងប្រជែងគ្នាដោយគ្មានកីឡាករបរទេស។ ខ្ញុំមិនពុំដែលគិតថា យើងមានប្រៀបនៅក្នុងទឹកដីទេ តែគិតថាវាជាសុបិនអាក្រក់របស់យើងទៅវិញ។ ទីលានសព្វថ្ងៃនេះពិបាកខ្លាំងណាស់សម្រាប់ការបញ្ជូនបាល់ទាំងខ្លី និងវែង។ ខ្ញុំយល់ថា ក្រុមទាំងពីរនឹងប្រើកម្លាំងជាចំនុចអាទិភាពក្នុងការប្រកួតនេះ»។

គួរឱ្យដឹងដែរថា ជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានសម្ដេចតេជោឆ្នាំ ២០១៩ រវាងអង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាប ចាប់ពីម៉ោង ៣:៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី ១៥ សីហាតទៅ ដែលមានផ្សាយផ្ទាល់លើ BTV ៕

មតិយោបល់