គ្រូបឹងកេត ដាក់គោលដៅចម្បងមួយ ក្នុងជំនួបជើងទី ១ ទល់សូលទីឡូ

នា​ម៉ោង​ ៣:៣០​នាទី​រសៀល​ថ្ងៃ​ពុធ​នេះ​ បឹងកេត​នឹង​បើក​កីឡដ្ឋាន​ Cambodia Airway របស់​ខ្លួន​ស្វាគមន៍​ភ្ញៀវ​កាត់​មក​ពី​ជាង​ ៣០០គីឡូម៉ែត្រ​ សូលទីឡូអង្គរ​ ដើម្បី​រក​ប្រជែង​យក​ជ័យជម្នះ​រៀង​ៗ​ខ្លួន​ ក្នុង​ការ​ប្រកួត​ជើង​ទី​ ១​ វគ្គ​មួយភាគបួន​ផ្ដាច់ព្រ័ត្រ​ ពាន​រង្វាន់​សម្ដេច​​អគ្គ​មហាសេនាបតីតេជោ ហ៊ុន​ សែន​ លើក​ទី​ ១៣។​

ពាក់ព័ន្ធ​ជំនួប​ដ៏​សំខាន់​នេះ​ គ្រូ​បង្វឹក​បឹងកេត​​ លោក​ ហៅ សុជាតិ​ បាន​លើក​ឡើង​ថា​ ជើងទី​ ១​ជា​ការ​ប្រកួត​ដែល​លោក​ និង​ក្រុម​ព្យាយាម​យ៉ាង​យកចិត្ត​ទុក​ដាក់​បំផុត​ ព្រោះ​វា​នឹង​ផ្ដល់​គុណប្រយោជន៍​ច្រើន​ដល់​បឹងកេត​ ប្រសិន​បើ​អាច​យក​ឈ្នះ​សូលទីឡូក្នុង​ទឹក​ដី​របស់​ខ្លួន​បាន។​​

«ចំពោះការប្រកួតនេះ វាជាជំនួបមួយដែលយើងគិតថា នឹងតាងតឹងខ្លាំង​សម្រាប់យើង​ ពីព្រោះក្រុមនិមួយៗ មិនថា​ក្រុមយើង ឬក្រុមគូប្រជែង គឺសុទ្ធតែចង់ឈ្នះរៀងៗខ្លួន ជាពិសេស​ក្រុមយើងតែម្ដង យើងចង់បានលទ្ធផលដ៏ល្អមួយ។ ប្រសិនបើ​ជើងទី ១ យើងទទួលបានលទ្ធផលល្អក្នុងដីខ្លួនឯង អញ្ចឹងសម្រាប់ជើងទី ២ យើងមិនសូវមានសម្ពាធទេ ពេលទៅលេងនៅដីគេវិញ។​ ប្រកួតនេះ​យើងដាក់គោលដៅ​ចង់ឈ្នះ តែបើមិនអាចឈ្នះបាន ក៏​ត្រូវប្រឹងឱ្យស្មើដែរ គឺមិនឱ្យចាញ់ទេ»។

ងាកទៅកាន់កីឡាករសំខាន់ក្នុងក្រុមវិញ គ្រាប់បាល់ Hat-trick របស់ខ្សែប្រយុទ្ធ​ស្នូល​ ចាន់ វឌ្ឍនាកា ទល់យុវជនបាទីក្នុងលីគកំពូល កាលចុងសប្ដាហ៍ ត្រូវ​បាន​លោក​ ហៅ សុជាតិ​ ចាត់ទុកថាជាសញ្ញាណ​ល្អ​មួយ​ សម្រាប់​ការ​ប្រកួតពាន​សម្ដេច​ថ្ងៃ​នេះ។ ប៉ុន្តែលោកក៏​បាន​លើក​ឡើង​ដែរ​ថា​ កម្រិត​ខ្សែ​ការពារ​របស់​សូលទីឡូ​មាន​ភាព​ខុស​គ្នា​ពី​យុវជនបាទី ដែលទាមទារ​ឱ្យ​ វឌ្ឍនាកា ធ្វើការ​ច្រើន​ជាង​មុន។​

«ការពិតការប្រកួតជាមួយបាទី គាត់រកបានបីគ្រាប់វាជាសញ្ញាណល្អមួយចំពោះ​តំបន់ប្រយុទ្ធយើង ប៉ុន្តែខ្ញុំយល់ថា គាត់ត្រូវការបន្ថែមការប្រឹងប្រែងទ្វេដង ដោយសារ​ខ្សែការពារបាទី និងខ្សែការពារសូលទីឡូ ពួកគេមានកំរិតខុសគ្នា»។

គួរ​រំឭក​ថា​ បឹងកេត​ នឹង​ត្រូវ​ជួប​សូលទីឡូអង្គរ​ នា​ម៉ោង​ ៣:៣០​នាទី​រសៀល​ ថ្ងៃ​ពុធ​ ទី ១៤​ សីហា​នេះ​ នៅ​កីឡដ្ឋាន​ Cambodia Airway ដែល​ការ​ប្រកួត​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​ Kampuchea Thmey Daily ៕

មតិយោបល់