អ្នករកគ្រាប់បាល់ច្រើនជាងគេឲ្យសូលទីឡូ ប្រាប់គោលដៅត្រូវបំពេញក្នុងជុំទី ២

ក្រោយរកបាន ៧គ្រាប់ម្នាក់ឯងក្នុងជុំទី ១ Metfone Cambodian League 2019 ជួយឲ្យសូលទីឡូអង្គរឈរចំណាត់ថ្នាក់លេខ ៨ ខ្សែបម្រើប្រយុទ្ធជនជាតិជប៉ុន Fumiya Kogure បានក្លាយជាកម្លាំងស្នូលដ៏សំខាន់មួយសម្រាប់ក្រុម ពិសេសការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម និងបច្ចេកទេសទាត់ Freekick ដ៏ជំនាញរបស់គេ។

ពាក់ព័ន្ធការផ្ដល់ទំនុកចិត្តខ្ពស់របស់គ្រូបង្វឹក និងក្រុមទាំងមូល កីឡាករវ័យ ៣០ឆ្នាំរូបនេះឲ្យដឹងថា ខ្លួនពិតជាមានភាពរីករាយ ដែលបានជួយក្រុមក្នុងកម្រិតមួយនេះ តែថានៅចំនុចសំខាន់ជាច្រើនទៀត ដើម្បីបំពេញបន្ថែមឈានទៅរកលទ្ធផលកាន់តែប្រសើរ។

«ខ្ញុំពិតជារំភើបចំពោះសមិទ្ធផលក្នុងជុំទី ១ កន្លងមក។ ខ្ញុំពុំរំពឹងថា ធ្វើបានប៉ុណ្ណេះទេ សម្រាប់រដូវកាលដំបូងនៅលីគកំពូលកម្ពុជា។ ពួកយើងអាចធ្វើបានប្រសើរនាពេលកន្លងមក ក៏ព្រោះយើងមានឆន្ទៈរួម និងគោលដៅរួមចំពោះក្លិប នៅគ្រប់ការប្រកួតទាំងអស់។ ខ្ញុំគិតថា ពួកយើងត្រូវការកែប្រែលើចំនុចមិនល្អមួយចំនួន ពិសេសភាពស៊ីចង្វាក់គ្នាក្នុងការប្រកួត ដែលកន្លងមកយើងនៅមានបញ្ហាក្នុងទំនាក់ទំនងលើទីលាន ហើយធ្វើឲ្យការបញ្ចប់ទី និងការពារសំណាញ់ទីរបស់យើងមានបញ្ហា»។

បន្ថែមពីចំនុចដែលបានរៀបរាប់ខាងលើ ជយលាភី S. League Player of the Year រដូវកាល ២០១៥ ប្រាប់ថា ក្រៅពីទំនាក់ទំនងយល់ចិត្តគ្នាលើទីលាន ខ្លួនគេផ្ទាល់នឹងព្យាយាមពង្រឹងសមត្ថភាពឲ្យបានច្រើនជាងបច្ចុប្បន្ន លើការបញ្ចប់ទីប្រកបដោយគុណភាព ដើម្បីជាផ្នែកដ៏សំខាន់មួយជួយក្រុមក្នុងជុំទី ២។

«សម្រាប់ខ្ញុំផ្ទាល់ ការរកបានគ្រាប់បាល់ ៧គ្រាប់ក្នុង ១៣ប្រកួតពុំទាន់គ្រប់គ្រាន់នៅឡើយទេ។ នេះមិនមែនមានន័យថា ខ្ញុំចង់ក្លាយជា Top scorer ប្រចាំក្រុមទេ ប៉ុន្តែខ្ញុំចង់ឲ្យក្រុមទាំងមូលរកបានជ័យជម្នះកាន់តែច្រើនប្រកួត អញ្ចឹងខ្ញុំត្រូវអភិវឌ្ឍន៍ខ្លួនឲ្យខ្លាំងជាងនេះ ដើម្បីបង្កើនគុណភាពបញ្ចប់ទីគូប្រកួតឲ្យមានប្រសិទ្ធភាព»។

គួរឲ្យដឹងដែរថា ខ្សែបម្រើប្រយុទ្ធ Fumiya Kogure វ័យ ៣០ឆ្នាំ បានចូលរួមជាមួយសូលទីឡូអង្គរនៅឆ្នាំ ២០១៩នេះ ក្រោយប្រកបអាជីព ៣ឆ្នាំនៅលីគសិង្ហបុរី។ ១៤ប្រកួតកន្លងមក នៅលីគកំពូលកម្ពុជា កីឡាករជប៉ុនរូបនេះ បំប៉ោងសំណាញ់ទីបាន ៧គ្រាប់ម្នាក់ឯង៕

មតិយោបល់