El clasico លីគកំពូលកម្ពុជា៖ ប្រៀបធៀបសមាសភាពបឹងកេត និងក្រោន មុនប៉ះគ្នាល្ងាចនេះ

ការប្រកួតដែលប្រិយមិត្តនិយមបាល់ទាត់ជាតិទន្ទឹងរង់ចាំ នឹងចូលមកដល់នាល្ងាចថ្ងៃអាទិត្យ ទី ០៧ កក្កដានេះហើយ លើទឹកដី RSN ដែលក្រុមកំពូលទាំង ២ នៅលីគកំពូលកម្ពុជា បឹងកេត និងភ្នំពេញក្រោន ត្រូវជួបប្រជែងយក ៣ពិន្ទុបន្ថែមសម្រាប់ប្រកួតទី ១ នៃជុំទី ២។

មុនជំនួបដ៏ធំប្រចាំថ្ងៃអាទិត្យនេះចូលមកដល់ FOX Sports ខេមរភាសាចង់ធ្វើការប្រៀបធៀបកម្លាំងក្រុមទាំង ២ ជាមុនសិន។ ភ្នំពេញក្រោនបាននាំចូលកីឡាករបរទេស មានបទពិសោធជោកជាំនៅលីគកំពូលកម្ពុជា បូករួមនិងខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន ខណៈបឹងកេតប្ដូរកីឡាករបរទេសតែមួយរូបគត់ ប៉ុន្តែវត្តមានរបស់ វឌ្ឍនាកា បានក្លាយជាប្រធានបទដ៏សំខាន់នៅជួរមុខរបស់បឹងកេត។

ផ្ដើមពីបឹងកេត! ក្លិបជើងឯកលីគកំពូល ៣សម័យមួយនេះ ឈរចំណាត់ថ្នាក់លេខ ៤ ក្រោយបញ្ចប់ជុំទី ១ ដោយរកបានជ័យជម្នះ ៨លើក ស្មើ ២លើក។ ក្រុមលោក ហៅ សុជាតិ បំប៉ោងសំណាញ់ទីគូប្រកួតបាន ៣៣គ្រាប់ របូតវិញ ១៩គ្រាប់។

គេសង្កេតឃើញថា បឹងកេតជាក្រុមមួយដែលតែងទម្លាក់ការប្រឹងប្រែង ពេលប៉ះជាមួយក្រុមកម្រិតមធ្យម ប៉ុន្តែលេងអស់ ១០០ភាគរយពេលប៉ះក្រុមមានកម្រិតប្រហាក់ប្រហែលខ្លួន។ តំបន់ប្រយុទ្ធបឹងកេតបានវិលទៅរកភាពដើមវិញ មានន័យថា Gbenga Ajayi បានជួបដៃគូចាស់របស់ខ្លួន ចាន់ វឌ្ឍនាកា ខណៈ Purcino Eduardo Luiz ទំនងក្លាយជាមិត្តយល់ចិត្តពួកគេនៅតំបននេះ។

ម៉ាត់ យ៉ាមីន Mizuno Hikaru និងខ្សែបម្រើចំណូលថ្មី Kenta អាចនឹងក្លាយជាសមាសភាពដំបូង ក្នុងតំបន់បម្រើរបស់បឹងកេត។ ពួកគេមានភាពរស់រវើកក្នុងតួនាទីនេះ ហើយចលនាឡើងចុះទៅតាមស្ថានភាពបាល់ ដើម្បីរក្សាលំនឹងក្រុមពិតជាបង្ហាញភាពគាប់ប្រសើរច្រើន។ បែបណាក្ដី តំបន់ការពារត្រូវគេមើលឃើញថា នៅមានចន្លោះប្រហោងច្រើន ដ្បិតក្រុមមួយនេះកំពុងជួបបញ្ហាកីឡាកររបួសញាំញីខ្លាំង។

សម្រាប់ភ្នំពេញក្រោនវិញ ទោះធ្វើពុំសូវបានល្អនៅដើមរដូវកាលក្ដី តែក្រោយបញ្ចប់ជុំទី ១ ពួករកបានចំណាត់ថ្នាក់លេខ ៦ ពីការឈ្នះ ៨លើក ចាញ់ ៥លើក មិនដែលស្មើ ដោយបំប៉ោងសំណាញ់ទីគូប្រកួតបាន ៣៨គ្រាប់ របូតវិញ ១៩គ្រាប់។

អ្នកតាមដានបាល់ទាត់ជាតិចាត់ទុកក្រោនជាខ្លាដុះស្លាប ក្រោយក្លិបមួយនេះប្រមូលយកខ្សែប្រយុទ្ធបទពិសោធខ្ពស់នៅលីគកម្ពុជា Booysen Shane និង Dzarma Bata ទៅចូលរួម ក៏ដូចជាកីឡាករអាហ្វហ្គានីស្ថាន Zazai បូកបញ្ចូលនិងខ្សែប្រយុទ្ធស្លាបប្រកបដោយគុណភាព Paulo Victor ផងដែរ។ គុណភាពតំបន់ស្លាបរបស់ក្រោន ពិសេសជំនាញកាត់ចូលក្នុងប្រអប់គ្រោះថ្នាក់ អមដោយប្រសិទ្ធភាពបញ្ចប់ទីដោយប្រើក្បាលរបស់ Dzarma Bata និង Zazai នឹងក្លាយជាចំណោទដ៏ធំសម្រាប់បឹងកេត។

ខ្សែបម្រើជម្រើសជាតិ អ៊ន ចាន់ប៉ូលីន វ៉ា ឃ្វីនទីន និង អ៊ុក សុធី បង្ហាញភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ក្នុងប្រកួតកន្លងមក ដែលរបៀបនៃការចុះឡើងរក្សាលំនឹងក្រុម ប្រហាក់ប្រហែលនិងក្រុមខ្សែបម្រើរបស់បឹងកេតដែរ ប៉ុន្តែការបញ្ជូនបាល់លើ និងបាល់វែងរបស់ក្រោនហាក់ប្រសើរជាង។

ងាកទៅតំបន់ការពារ រៀម ស៊ឹង និង យ៉ើ សាហ្វី ចាប់ដៃគ្នាយ៉ាងល្អនៅតំបន់កណ្ដាល ចំណែកខ្សែការពារស្លាបល្បឿនលឿន សឿត បារាំង និងអតីតកីឡាករសូលទីឡូ សេង កុសែន ក៏បំពេញភារកិច្ចបានល្អមិនធម្មតាដែរ។ យ៉ាងណា ក្រោនជួបបញ្ហាអ្នកចាំទីបន្តិច ដ្បិតពួកគេមានវ័យក្មេងនៅឡើយ ហើយបទពិសោធនៅលីគកំពូលក៏ពុំទាន់ច្រើនណាស់ណាដែរ។

ប្រវត្តិជួបគ្នាកន្លងមក គិតត្រឹម ៥ប្រកួតចុងក្រោយនៅលីគកំពូលកម្ពុជា ភ្នំពេញក្រោនឈ្នះ ៣លើក បឹងកេតឈ្នះ ២លើក។ កុំភ្លេច! ជំនួបបឹងកេត-ភ្នំពេញក្រោន នាកីឡដ្ឋាន RSN ចាប់ពីម៉ោង ៦ល្ងាចថ្ងៃអាទិត្យនេះ ដែលការប្រកួតមានផ្សាយផ្ទាល់លើ YouTube គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ៕

មតិយោបល់