ខ្សែបម្រើសូលទីឡូ Fumiya Kogure ប្រាប់ថា បានបំបែក​កំណត់ត្រាប្រចាំជីវិតមួយ ពេលឈ្នះបឹងកេត

បើទោះការវាយបករកជ័យជម្នះ ៥-៤ ពីបឹងកេត បានរំលងផុតទៅហើយក្ដី ប៉ុន្តែការចងចាំនេះនៅតែស្ថិតក្នុងចិត្តរបស់ខ្សែបម្រើប្រយុទ្ធជនជាតិជប៉ុន Fumiya Kogure ដោយបានអះអាងថា ប្រកួតដ៏ជក់ចិត្តមួយនេះ បង្កើតបាននូវកំណត់ត្រាដ៏អស្ចារ្យមួយ ដែលរូបគេពុំធ្លាប់ធ្វើបានក្នុងជីវិត។

ពាក់ព័ន្ធការរកបានគ្រាប់បាល់ ២គ្រាប់ ក្នុងចំណោមការបំប៉ោងសំណាញ់ ៥គ្រាប់យក ៣ពិន្ទុពីបឹងកេត នៅកីឡដ្ឋានខេត្តសៀមរាប កាលពីចុងខែមិថុនាកន្លងទៅ Fumiya លើកឡើងថា ជាការតែតបញ្ចូលទីដ៏រំភើបរបស់គេ ហើយក៏ជាលើកដំបូងក្នុងអាជីពបាល់ទាត់ ដែលគេអាចរកគ្រាប់បាល់ដោយប្រើក្បាល។

 

«អ្នកអាចមិនជឿ ប៉ុន្តែខ្ញុំចង់ប្រាប់ថា មួយជីវិតរបស់ខ្ញុំ នេះជាលើកដំបូងហើយដែលអាចបំប៉ោងសំណាញ់ទីដោយការតែត។ វាពិតជាអស្ចារ្យសម្រាប់ខ្ញុំ ខ្ញុំរំភើបចំពោះសមិទ្ធផលនេះ ព្រោះតាំងពីលេងនៅជប៉ុន និងសិង្ហបុរី ជាង ១០ឆ្នាំកន្លងមក ខ្ញុំប្រើតែជើងទាំង ២ប៉ុណ្ណោះ។ លើសពីនេះ វាកាន់តែធ្វើឲ្យខ្ញុំសប្បាយរីករាយ ដែលអាចជួយក្រុមយកឈ្នះក្រុមខ្លាំងបឹងកេត នៅលើទឹកដីរបស់យើង»។

បែបណាក្ដី ជយលាភី MVP ប្រចាំលីគសិង្ហបុរីឆ្នាំ ២០១៥ រូបនេះបានផ្ដល់គុណសម្បត្តិដល់មិត្តរួមក្រុម ដែលបានបញ្ជូនបាល់ប្រកបដោយគុណភាព ធ្វើឲ្យការបញ្ចប់ទីដោយប្រើក្បាលរបស់គេមានប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះ គេបានផ្ដល់កិត្តិយសដល់គ្រូបង្វឹក Darren Pomroy ផងដែរ ដែលបានរៀបចំយុទ្ធសាស្ត្រលេងយ៉ាងត្រឹមត្រូវ ដើម្បីយក ៣ពិន្ទុឲ្យក្រុម។

«គ្រាប់បាល់ទាំង ២នេះ មានការរួមចំណែកយ៉ាងធំធេងពីមិត្តរួមក្រុមទាំងអស់ ពិសេសខ្សែបម្រើស្លាបរបស់យើង ដែលបានកាត់បាល់ចូលក្នុងប្រអប់គ្រោះថ្នាក់របស់គូប្រជែងយ៉ាងល្អ។ ម្យ៉ាងទៀត អ្នកនៅពីក្រោយជ័យជម្នះ និងការរកគ្រាប់បាល់របស់ខ្ញុំ គឺលោក Darren ព្រោះគាត់បានសង្កេតយ៉ាងល្អិតល្អន់ទៅលើរបៀបលេងរបស់គូប្រកួត ហើយដាក់ចេញនូវយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ដើម្បីយកឈ្នះបឹងកេត»។

គួរឲ្យដឹងថា កីឡាករវ័យ ៣០រូបនេះ ផ្ដើមអាជីពដំបូងនៅ Albirex Niigata (Japan) ពីឆ្នាំ ២០០៨ដល់ ២០១២ មុនត្រូវក្លិបលីគ ២ Mito Hollyhock ខ្ចីជើងនាឆ្នាំ ២០១៣ ហើយត្រូវបន្តឲ្យខ្ចីទៅក្លិបលីគ ៤ Azul Claro Numazu នៅឆ្នាំបន្ទាប់ មុនត្រលប់ទៅ Albirex វិញ។ ចូលដល់ឆ្នាំ២០១៥ Fumiya ផ្ដើមដំណើរជីវិតបាល់ទាត់នៅសឹង្ហបុរីជាមួយ Albirex Niigata (Singapore) ជាពេលដែលគេឈ្នះពាន S. League Player of the Year 2015 ហើយផ្លាស់ទៅ Hougang United បាន ២រដូវកាល ខណៈរដូវកាល ២០១៨កន្លងទៅ គេបានរួមរស់ជាមួយ Geylang International មុនចូលរួមជាមួយសូលទីឡូនៅរដូវកាលនេះ៕

មតិយោបល់