កំណត់ត្រា​គួរ​កត់​ចំណាំ​ក្នុង​ការ​ប្រកួត​ជើង​ទី​ ១​ វគ្គ​ ១/៨ ពាន​សម្ដេច​តេជោ​លើក​ទី​ ១៣​

ការ​ប្រកួត​ជើង​ទី ១​ វគ្គ​ ១/៨​ នៃ​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទិ​ ០៤ កក្កដា​កន្លង​ទៅ​ ដោយ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​ ប្លែក​ជាង​កាល​ពី​ឆ្នាំ​មុន​ៗ​ ពិសេស​កម្រិត​គុណភាព​កីឡាករ​ទាំងអស់​ និង​យុទ្ធសាស្ត្រ​ប្រកួត​របស់​គ្រូ​បង្វឹក។​

សម្រាប់​ថ្ងៃ​នេះ​ FOX Sports ខេមរភាសា​ បាន​ដកស្រង់​ និង​ចងក្រង​នូវ​ចំនុច​សំខាន់​ៗ​ពី​ជំនួប​ដ៏​ជក់ចិត្ត​ទាំង​ ៨​គ្រូ​ នា​ពីរ​សប្ដាហ៍​កន្លង​មក​នេះ​ ដើម្បី​ឲ្យ​ប្រិយមិត្ត​អ្នក​និយម​គាំទ្រ​បាល់ទាត់​ក្នុង​ស្រុក​ បាន​ស្វែងយល់​ និង​ជ្រាប​កាន់​តែ​ច្បាស់​ មុន​ការ​ប្រកួត​ជើង​ទី​ ២ ឈាន​មក​ដល់​នា​សប្ដាហ៍​បន្ទាប់។​

ស្ថិតិទូទៅនៃការប្រកួតទាំង ៨

ក្នុងចំណោមការប្រកួតទាំង ៨ ក្នុងជើងទី ១ វគ្គ ១៦ក្រុមចុងក្រោយ ពានសម្ដេចតេជោឆ្នាំ ២០១៩ មានការទាត់បញ្ចូលទីគ្នា ៤៣គ្រាប់ ដែលក្នុងនោះបានជួយឲ្យក្រុមម្ចាស់ផ្ទះឈ្នះ ៤ប្រកួត ស្មើ ១ប្រកួត និងចាញ់ ៣ប្រកួត។

វ៉ា ខ្វិនទីន និង ចាន់ វឌ្ឍនាកា រកគ្រាប់បាល់ច្រើនជាងគេ

ពាក់ព័ន្ធជាមួយការរកគ្រាប់បាល់នាពេលកន្លងមក កីឡាករក្រោន វ៉ា ខ្វិនទីន រកបាន ៥គ្រាប់ម្នាក់ឯង ឈរកំពូលតារាង តាមពីក្រោយដោយ ចាន់ វឌ្ឍនាកា មាន ៣គ្រាប់។ សម្រាប់អ្នករកបាន ២គ្រាប់មានដូចជា ស៊ិន កក្កដា (វិសាខា) លី មស្លីម រ័ត្ន សំណាង ប្រាក់ ចាន់រតនា និង លី សារ័ត្ន (សូលទីឡូ)។

អគ្គិសនី និងថាយហ្គឺរ ជាគូប្រកួតមានលទ្ធផលស្មើតែមួយគត់

បើទោះមានការទាត់បញ្ចូលទីគ្នាទៅវិញទៅមកដល់ទៅ ៤៣គ្រាប់ តែជំនួបរវាងក្រុមលេខ ៣ ឆ្នាំ ២០១៧ អគ្គិសនីកម្ពុជា និងក្រុមលេខ ៣ស្ទួន ឆ្នាំ ២០១៨ អង្គរថាយហ្គឺរ ពុំការបំប៉ោងសំណាញ់ទីបានសម្រេចមួយគ្រាប់ណាឡើយ ដែលធ្វើឲ្យវាក្លាយជាប្រកួតស្មើគ្នាតែមួយគត់។

រតនគិរីជាក្រុមថ្នាក់ខេត្តតែមួយគត់ដែលទាត់ចូល ហើយក៏របូតគ្រាប់បាល់ច្រើន

ក្នុងចំណោមក្រុមទាំង ៣ ដែលដណ្ដើមបានកៅអីពីថ្នាក់ខេត្តមករួមមាន ត្បូងឃ្មុំ សៀមរាប និងរតនគិរី គេសង្កេតឃើញថា មានតែខេត្តរតនគិរីមួយគត់ អាចបំប៉ោងសំណាញ់ទីក្រុមថ្នាក់ជាតិបាន ដោយកីឡាករ សម្បត្តិ បញ្ញា ជាអ្នកបញ្ចប់ទី។ យ៉ាងណាក្ដី ក្រុមមានឈ្មោះ អធិរាជដំរីឥសាន មួយនេះ ក៏ជាក្រុមថ្នាក់ខេតរបូតគ្រាប់បាល់ច្រើនជាងគេផងដែរ ខណៈសៀមរាបរបូត ៦គ្រាប់ ហើយត្បូងឃ្មុំរបូតត្រឹម ៤គ្រាប់ប៉ុណ្ណោះ។

វិសាខា បឹងកេត សូលទីឡូ ភ្នំពេញក្រោន ស្វាយរៀង មានភាគរយឡើងខ្ពស់

ក្រោយរកបានជ័យជម្នះច្រើនគ្រាប់រៀងៗខ្លួនក្នុងជើងទី ១ វិសាខា បឹងកេត សូលទីឡូ ភ្នំពេញក្រោន ស្វាយរៀង ត្រូវគេមើលឃើញថា មានឱកាសខ្ពស់ឈានទៅវគ្គ ៨ក្រុមចុងក្រោយ បើទោះពុំទាន់លេងជើងទី ២ក្ដី។ អាស៊ីអឺរ៉ុប ការពារជាតិ គិរីវង់ ណាហ្គា អគ្គិសនី និងថាយហ្គឺរ នៅមានឱកាសស្មើគ្នានៅឡើយ ក្នុងការដណ្ដើមកៅអី ៣នៅសល់ ទៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ។

គួរជម្រាបផងដែរថា ការប្រកួតជើងទី ២ វគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩ នឹងធ្វើឡើងនៅថ្ងៃទី ១០-១១ និង ១៧-១៨ ខែកក្កដាខាងមុខនេះ៕

មតិយោបល់