៤ ចំណុចសំខាន់ ដែលអ្នកពុំគួររំលងទស្សនាការប្រកួតរបស់វិសាខា និង សូលទីឡូ

នាម៉ោង ៣:៣០នាទីរសៀល ថ្ងៃអាទិត្យនេះ ក្លិបបាល់ទាត់វិសាខា នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនជាលើកដំបូង ស្វាគមន៍ក្រុមភ្ញៀវមកពីទឹកដីអង្គរ សូលទីឡូ ដែលនេះជាការប្រកួតសប្ដាហ៍បើកឆាកនៃព្រឹត្តិការណ៍ Metfone Cambodian League 2019 ។

មានចំនុចទាក់ទាញជាច្រើន ដែលធ្វើឲ្យការប្រកួតរវាងវិសាខា និង សូលទីឡូ គួរឲ្យចង់ទស្សនាជាងជំនួប ៣គូផ្សេងទៀត នាថ្ងៃចុងសប្ដាហ៍នេះ។ FOX Sports ខេមរភាសា សូមបង្ហាញជូននូវកត្តាចម្បងមួយចំនួន ដែលប្រិយមិត្តពុំរំលងទស្សនាគូប្រកួតដ៏ជក់ចិត្តមួយនេះ។

ក្រុមម្ចាស់ផ្ទះ

កីឡាកររបស់វិសាខាអាចជាគោលដៅសំខាន់ សម្រាប់ការចូលរួមទស្សនារបស់អ្នកនិយមបាល់ទាត់នារសៀលនេះ។ ក្រៅតែពីការប្រមូលយកកីឡាករក្នុងស្រុកឆ្នើមៗទៅចូលរួម គេសង្កេតឃើញថា ក្លិបដឹកនាំដោយលោកជំទាវ កែ សួនសុភី បាននាំយកកីឡាករបរទេសប្លែកមុខដល់ទៅ ៤ រូប ដែលសុទ្ធតែឆ្លងកាត់បទពិសោធលេងក្នុងលីគបរទេសលំដាប់ខ្ពស់ ខណៈកីឡាករបរទេសឆ្នាំចាស់ មានតែកីឡាករកូរ៉េខាងជើង Pak Song Chol ម្នាក់ប៉ុណ្ណោះ។

គ្រូបង្វឹកក្រុមភ្ញៀវ

ការបង្ហាញសមត្ថភាពរបស់កីឡាករទាំងក្រុមជារឿង ប៉ុន្តែបុរសសញ្ជាតិជប៉ុន Kento Fujihara នឹងក្លាយជាផ្ទាំងស៊ីបនៃចំណាប់អារម្មណ៍របស់អ្នកទស្សនា ក៏ព្រោះថ្ងៃនេះរូបគេនឹងដើរតួជាកីឡាករ ជាប្រធានក្រុម និង ជាគ្រូបង្វឹកទៀតផង។ ក្រៅពីនេះ គេក៏ពុំភ្លេចតាមដានការបង្ហាញខ្លួនលើកដំបូងក្នុងលីគកំពូលកម្ពុជា របស់ម្ចាស់ពាន S-League Player of the Year រដូវកាល ២០១៥ Fumiya Kogure ផងដែរ។

កីឡដ្ឋាន

ប្រិយមិត្តមួយចំនួនតូចប្រហែលជាធ្លាប់ស្គាល់កីឡដ្ឋានវិសាខាហើយ ប៉ុន្តែមួយភាគធំអាចនឹងពុំធ្លាប់ឃើញនៅទេ។ កីឡដ្ឋានអាចផ្ទុកអ្នកទស្សនាចន្លោះ ៥ ទៅ ៧ពាន់នាក់មួយនេះ មានទីតាំងនៅក្នុងតំបន់ Grand Phnom Penh ដែលប្រិយមិត្តអាចមើលស្វែងរក​ផែនទីបង្ហាញផ្លូវ តាមការ​រយៈ​ Google Maps ដោយ​គ្រាន់​តែ​វាយ​ពាក្យ​ថា​ Visakha Stadium ។

ពេលវេលាប្រកួត

ការប្រកួតនេះធ្វើឡើងចាប់ពីម៉ោង ៣:៣០នាទីរសៀល ហើយនឹងបញ្ចប់ទៅនៅចន្លោះម៉ោង ៥:៣០នាទី ដែលវាជាពេលវេលាមួយអំណោយផលដល់ប្រិយមិត្ត អាចបន្តដំណើរកម្សាន្តលម្ហែអារម្មណ៍នាថ្ងៃចុងសប្ដាហ៍ក្រោយចប់ការប្រកួត។

គួររំឭកថា ជំនួបរវាងម្ចាស់ផ្ទះវិសាខា និង ភ្ញៀវសូលទីឡូ នឹងចាប់ផ្ដើមនៅម៉ោង ៣:៣០នាទីរសៀល ថ្ងៃអាទិត្យ ទី១៧ មីនានេះ នាកីឡដ្ឋានវិសាខា ដែលការប្រកួតក៏មានផ្សាយផ្ទាល់នៅលើ YouTube គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ផងដែរ៕

មតិយោបល់