កីឡាករ ៥ រូបត្រូវប្រឈមមុខនិងក្លិបចាស់ នាសប្ដាហ៍បើកឆាក MCL

មិនប៉ុន្មានថ្ងៃទៀតទេ ព្រឹត្តិការណ៍បាល់ទាត់ក្នុងស្រុកដ៏ធំ Metfone Cambodian League 2019 នឹងចូលមកដល់ហើយ ខណៈកន្លងមកក្រុមទាំង ១៤ នៅក្នុងក្របខណ្ឌលីគកំពូល បានស្វះស្វែងយ៉ាងខ្លាំងក្នុងស្វែងរកកីឡាករល្អៗ មកពង្រឹងខ្លួនត្រៀមទទួលរដូវកាលថ្មី។

សម្រាប់សប្ដាហ៍ដំបូងនេះ FOX Sports ខេមរភាសាសង្កេតឃើញថា នឹងមានកីឡាករខ្មែរ និង បរទេស ៥រូបត្រូវជួបប្រឈមនិងក្លិបចាស់របស់ខ្លួន ដែលទើបបានចាកចេញកាលបញ្ចប់រដូវកាល ២០១៨ កន្លងទៅ។ ពួកគេទាំងនោះរួមមាន៖

ស្រាំង ទិត្យឈី និង អាឡិច យូ

អតីតយុវជនថ្នាលភ្នំពេញក្រោន ស្រាំង ទិត្យឈី និង អ្នកចាំទីបារាំងដើមកំណើតខ្មែរ អាឡិច យូ នឹងត្រលប់ទៅជាន់ទឹកដី RSN ជាថ្មី នាថ្ងៃសៅរ៍នេះ ដ្បិតជាជំនួប El Clasico រវាងក្លិបថ្មីរបស់ពួកគេបឹងកេត តទល់ក្លិបចាស់ភ្នំពេញក្រោន។

រុន រ៉ានី

ខ្សែប្រយុទ្ធបង្ហាញខ្លួនភាគច្រើនក្នុងពានរង្វាន់សម្ដេចតេជោកាលឆ្នាំទៅរូបនេះ ក៏ជាកីឡាករមួយរូប ដែលត្រូវប៉ះជាមួយក្លិបចាស់របស់ខ្លួនដែរ។ ក្រោយបញ្ចប់រដូវកាល ២០១៨ រ៉ានី បានផ្លាស់ពី ណាហ្គាវើលដ៍ ទៅ អាស៊ីអឺរ៉ុប ហើយរសៀលថ្ងៃអាទិត្យនេះ ក្លិបទាំងពីរនឹងប៉ះគ្នាលើទឹកដី AEU Sports Park ។

Yudai Ogawa

បើទោះបង្ហាញខ្លួនក្នុងជំនួបមិត្តភាពមួយចំនួនឲ្យបឹងកេត អំឡុងពេលចប់រដូវកាល តែទីបំផុតទៅកីឡាករជប៉ុន Yudai Ogawa បានចុះកិច្ចសន្យាជាមួយអង្គរថាយហ្គឺរឯណោះទេ។ នាថ្ងៃអាទិត្យនេះ អតីតកីឡាករក្រសួងការពារជាតិខាងលើ នឹងត្រូវបង្ហាញវត្តមានលើវាលស្មៅស្តាតចាស់ជាថ្មី តែក្នុងនាមជាគូប្រជែង។

Booysen Shane

ខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូងរូបនេះ ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការថ្មីរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ដល់កិច្ចសន្យាឲ្យចូលរួមជាមួយសម្រាប់រដូវកាល ២០១៩។ នេះមានន័យថា Booysen Shane នឹងបានជួបអតីតមិត្តរួមក្រុមព្រះខ័នរាជខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ក្នុងជំនួបសប្ដាហ៍ទី ១ រវាងក្លិបចាស់ និង ក្លិបថ្មីរបស់គេ៕

មតិយោបល់