គ្រូបឹងកេតបង្ហាញ​ចំណាប់​អារម្មណ៍​ ពីជំនួប El Clasico ទល់​ភ្នំពេញក្រោនយប់នេះ

ជំនួបដ៏ជក់ចិត្តសម្រាប់សប្ដាហ៍បើកឆាកនៃលីគកំពូលកម្ពុជារដូវកាលថ្មី នឹងឈានមកដល់នាយប់ថ្ងៃសៅរ៍នេះហើយ ដែលជាការប៉ះគ្នារវាងម្ចាស់ផ្ទះភ្នំពេញក្រោន និង ក្រុមភ្ញៀវបឹងកេត។ មុនការប្រកួតឈានមកដល់ FOX Sports ខេមរភាសាបានជួបសម្ភាសជាមួយគ្រូបង្វឹក ហៅ សុជាតិ អំពីចំណាប់អារម្មណ៍មុនការប្រកួត។

ថ្លែងមកកាន់ក្រុមការងារយើង លោក ហៅ សុជាតិ បង្ហើបឲ្យដឹងថា ក្រុមហាក់នៅសល់ឧបសគ្គច្រើនក្នុងការរៀបចំតទល់គូប្រជែងដ៏តានតឹងរបស់ខ្លួន ពិសេសកត្តាយល់ចិត្តគ្នា និង កីឡាកររបួស។

«មែនទែនទៅយើងកំពុងជួបបញ្ហាមួយចំនួន ទី១ គឺទៅលើភាពស៊ីចង្វាក់របស់កីឡាករ ឬ អាចនិយាយថាភាពយល់ចិត្តគ្នាលើទីលាន។ ពួកគាត់មិនទាន់យល់គ្នាបាន ១០០ ភាគរយនៅឡើយ។ ចំណែកកត្តាចម្បងមួយទៀតនោះ គឺយើងមានកីឡាករសំខាន់មួយចំនួនមានបញ្ហារបួស។ ទាំងនេះជាក្ដីបារម្ភរបស់យើង»។

ងាកទៅក្រុមគូប្រជែងវិញ គ្រូដឹកនាំបឹងកេតឈ្នះពានលីគកំពូល ២០១៧ លើកឡើងថា កីឡាករក្រោនសុទ្ធតែមានកាយសម្បទា និង ល្បឿនអំណោយផល ដែលនឹងធ្វើឲ្យក្រុមលោកពិបាកច្រើន តែថាប្រកួតនេះបឹងកេតពុំអាចចាញ់ឡើយ យ៉ាងហោចត្រូវយកលទ្ធផលស្មើត្រលប់មកវិញ។

«ខ្ញុំបានសង្កេតមើលការលេងរបស់ក្រោន ពួកគាត់ធ្វើបានល្អច្រើន មានរបៀបលេងប្លែកជាងមុន ហើយការសហការជាក្រុមល្អប្រសើរ។ អ្វីដែលសំខាន់ជាងនេះទៀត គឺកីឡាករបរទេសរបស់គេមានកាយសម្បទាល្អ កម្ពស់បាន ហើយគុណភាពក៏មិនធម្មតា ដែលនេះជាគ្រោះថ្នាក់សម្រាប់យើង។ យ៉ាងណាក្ដី ពួកយើងនឹងធ្វើឲ្យបានល្អបំផុតសម្រាប់អ្នកគាំទ្រ ទោះមិនបានឈ្នះ ក៏ត្រឹមស្មើដែរ អត់អាចចាញ់បានទេ»។

ជំនួប El Clasico កម្ពុជាខាងលើ នឹងធ្វើឡើងនាកីឡដ្ឋាន RSN នាថ្ងៃសៅរ៍ ទី ១៦ មីនានេះ ចាប់ពីម៉ោង ១៨:០០ តទៅ ដែលមានផ្សាយផ្ទាល់នៅលើ YouTube គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ CNCC ។ គូជម្រាបដែរថា BTV អាក់ខានផ្សាយផ្ទាល់ការប្រកួតដ៏ធំនេះ ព្រោះត្រូវផ្សាយផ្ទាល់ពីព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង៕

មតិយោបល់