ស្ថានភាព​របួស​ខ្សែ​បម្រើ​ ច្រឹង​ ពលរដ្ឋ​ វិវឌ្ឍ​ដល់​កម្រិត​ណា​ហើយ?​

ខ្សែបម្រើជម្រើសជាតិ និង ក្លិបបាល់ទាត់ក្រសួងការពារ ច្រឹង ពលរដ្ឋ បានអវត្តមានពីវាលស្មៅតាំងពីពាក់កណ្ដាលរដូវកាល ២០១៧ រហូតមកទល់ដើមរដូវកាល ២០១៩ នេះ ក៏ពុំទាន់មានតម្រុយពីការវិលត្រលប់របស់គេនៅឡើយ។

បែបណាក្ដី កាលពីពេលថ្មីៗនេះ FOX Sports ខេមរភាសា បានទទួលដំណឹងថា ច្រឹង ពលរដ្ឋ អាចចូលទីលានហ្វឹកហាត់វិញបានហើយ ជាមួយមិត្តរួមក្រុមក្រសួងការពារជាតិ។

យុវជនមានប្រភពពីរាជធានីភ្នំពេញរូបនេះឲ្យដឹងថា៖ «រាល់ថ្ងៃខ្ញុំអាចចូលហ្វឹកហាត់លំហាត់កាយសម្បទាជាមួយក្រុមបានវិញហើយ ប៉ុន្តែនៅស្រៀវៗនៅឡើយ មិនទាន់អាចសមជាក្រុមលក្ខណៈប្រកួត ព្រោះបារម្ភការប៉ះទង្គិចរបួស។ ប៉ុន្តែលំហាត់កាយសម្បទាខ្លាំងៗរបស់ក្រុម ខ្ញុំអាចចូលរួមធ្វើបានទាំងអស់ ហើយខ្ញុំបានចំណាយពេល Gym ច្រើន និង ហែលទឹក ដើម្បីបង្កើនគុណភាពសាច់ដុំជាប្រចាំ»។

ឆ្លើយតបទៅសំនួរថា តើពលរដ្ឋអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការឲ្យទ័ពនៅពេលណា? ខ្សែបម្រើវ័យ ២១ ឆ្នាំខាងលើបង្ហើបថា គ្រូពេទ្យនៅប្រទេសថៃបានប្រាប់ឲ្យគេព្យាយាមអនុវត្តលំហាត់កាយសម្បទាតាមវេជ្ជបញ្ជាឲ្យបានខ្ជាប់ខ្ជួន មុនពេលទៅពិនិត្យម្ដងទៀតនៅខែក្រោយ។

«ខ្ញុំទើបត្រលប់ពីពិនិត្យនៅថៃដែរ ពេទ្យគេថាឲ្យធ្វើលំហាត់ឲ្យជាប់លាប់ ព្រោះមុខរបួសអូខេហើយ ត្រូវការតែពង្រឹងសាច់ដុំឲ្យបានរឹងមាំដូចដើមប៉ុណ្ណោះ។ ប្រហែលខែក្រោយត្រូវទៅជួបគេម្ដងទៀត ដើម្បីពិនិត្យឲ្យជាក់លាក់ថាសះស្បើយ ១០០ ភាគរយហើយឬយ៉ាងណា។ បើសិន ១០០ ភាគរយហើយ ខ្ញុំអាចបង្ហាញខ្លួននៅជុំទី ២ ព្រោះក្រសួងការពារជាតិបានចុះឈ្មោះខ្ញុំក្នុងបញ្ជីប្រកួតរួចរាលហើយ។ ពេលនេះខ្ញុំដូចចាប់ផ្ដើមលេងបាល់ពីដំបូងវិញអញ្ចឹង»។

ពលរដ្ឋ ទទួលស្គាល់ថា របួសអូសបន្លាយយូរដូច្នេះ ក៏ព្រោះខ្លួនពុំបានយកចិត្តទុកដាក់ធ្វើលំហាត់តាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ ដែលធ្វើឲ្យប្រើពេលយូរសម្រាប់ព្យាបាល។ យ៉ាងណាក្ដី ខ្សែបម្រើរូបនេះបានផ្ញើពាក្យអរគុណដល់ថ្នាក់ដឹកនាំក្លិបចំពោះការផ្ដល់ឱកាស ពិសេសអ្នកគាំទ្រទាំងអស់ ដែលតែងលើកទឹកចិត្ត និង រិះគន់ស្ថាបនា ក្នុងន័យឈឺឆ្អាលក៏ដូចជាអាណិតស្រលាញ់ចំពោះរូបគេ ហើយសន្យានឹងធ្វើឲ្យបានប្រសើរដូចដើមវិញ៕

មតិយោបល់