អ៊ុំ វិចិត្រ លើកឡើងពីឧបសគ្គចំពោះមុខ សម្រាប់លីគកំពូលរដូវកាលថ្មី

មិនប៉ុន្មានថ្ងៃទៀតទេ ព្រឹត្តិការណ៍បាល់ទាត់ក្នុងស្រុកដ៏ធំ Metfone Cambodian League 2019 នឹងចូលមកដល់ហើយ ខណៈកន្លងមកក្រុមទាំង ១៤ នៅក្នុងក្របខណ្ឌលីគកំពូល បានស្វះស្វែងយ៉ាងខ្លាំងក្នុងការពង្រឹងខ្លួនត្រៀមទទួលរដូវកាលថ្មី។

ស្របគ្នានេះ អ្នកចាំទីដៃទី ១ ក្រសួងការពារជាតិ អ៊ុំ វិចិត្រ បានបង្ហាញចំណាប់អារម្មណ៍ថា ក្រុមទាំងអស់ក្នុងលីគសុទ្ធតែរៀបចំខ្លួនបានល្អប្រសើរជាងរដូវកាលកន្លងទៅ ហើយក៏បានលើកឡើងពីក្ដីបារម្ភមួយចំនួនដូចខាងក្រោម៖

ភាពស៊ីចង្វាក់គ្នា

«ក្នុងរដូវកាលនេះ សម្រាប់កីឡាករក្នុងស្រុករបស់ការពារជាតិអត់សូវមានអ្វីប្លែកទេ ប៉ុន្តែបើមើលទៅបរទេស គឺថ្មីសុទ្ធតែម្ដង។ អញ្ចឹងហើយចំនុចនេះជាក្ដីបារម្ភរបស់ខ្ញុំ បារម្ភត្រង់ថាតើយើងលេងស៊ីចង្វាក់គ្នាបានល្អកម្រិតណា។ ខ្ញុំទទួលស្គាល់ថា ពួកគាត់សុទ្ធតែមានបទពិសោធនៅលីគកម្ពុជា តែសំខាន់ត្រង់ថាពួកគាត់បន្សាំខ្លួនជាមួយក្រុមបានកម្រិតណា»។

កម្រិតប្រកួតប្រជែងខ្ពស់

«ដូចបានឃើញស្រាប់ហើយ គ្រប់ក្រុមទាំងអស់មិនថាក្រុមតូច ឬ ក្រុមធំ សុទ្ធតែបានត្រៀមខ្លួនម៉ត់ចត់រៀងៗខ្លួន ដែលនឹងធ្វើឲ្យការប្រកួតប្រជែងក្នុងឆ្នាំនេះ កាន់តែស្រួចស្រាវហើយពុំអាចទស្សទាយលទ្ធផលទុកមុនបាន។ អញ្ចឹងក្រសួងការពារជាតិត្រូវតែប្រឹងជាងរាល់ឆ្នាំ ដើម្បីប្រជែងយកតំណែងកំពូលក្នុងក្របខណ្ឌមួយនេះ»។

កង្វះអ្នកចាំទី

«នេះជាចំនុចពិបាកមួយរបស់ក្លិប ព្រោះក្រោយពីប្អូនប្រុសខ្ញុំ អ៊ុំ សេរីរ័ត្ន រងរបួសសរសៃពួរ អ្នកចាំទីដៃទី ២ និងទី ៣ របស់យើងជាកីឡាករខ្ចីបទពិសោធ។ កត្តានេះធ្វើឲ្យខ្ញុំបារម្ភខ្លាំង ព្រោះប្រសិនបើខ្ញុំមានបញ្ហារបួស ឬ ជាប់ពិន័យក្នុងពេលកំពុងលេង នោះវានឹងជះឥទ្ធិពលខ្លាំងដល់ក្រុមទាំងមូល»។

ទាំងនេះជាការលើកឡើងរបស់អ្នកចាំទីដៃទី ១ ក្រសួងការពារជាតិ សម្រាប់ការប្រជែងលីគកំពូលកម្ពុជារដូវកាល ២០១៩ នេះ។ ក្រសួងការពារជាតិ នឹងត្រូវបើករដូវកាលថ្មីស្វាគមន៍ក្រុមភ្ញៀវ អង្គរថាយហ្គឺរ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ នាថ្ងៃអាទិត្យ ទី ១៧ មីនា ចាប់ពីម៉ោង ១៨:០០ តទៅ ដែលការប្រកួតនឹងមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក CNCC ៕

មតិយោបល់