ឈង់ ប៊ុនណាត រៀបរាប់មេរៀនសំខាន់ ៣ ពីការចូលរួម U22 និង ក្រុមធំកន្លងមក

ក្រោយទទួលបានឱកាសចូលរួមក្រុមជម្រើសជាតិជាលើកដំបូងក្នុងអាជីព នាព្រឹត្តិការណ៍ AFF U22 និង មិត្តភាពអន្តរជាតិក្រុមធំទល់បង់ក្លាដេស ខ្សែការពារអង្គរថាយហ្គឺរ ឈង់ ប៊ុនណាត បង្ហើបថា ខ្លួនទទួលបានបទពិសោធថ្មីជាច្រើន ដែលខ្លួនពុំធ្លាប់ឆ្លងកាត់ពីមុនមក។

យុវជនមានប្រភពពីខេត្តសៀមរាប ដែលបានបង្ហាញភាពលេចធ្លោក្នុងព្រឹត្តិការណ៍អន្តរជាតិកន្លងមក បានចាត់ទុកចំនុចធំៗ ៣ ខាងក្រោមនេះ ជាមេរៀនដ៏ល្អពីការចូលរួមក្រុមជម្រើសជាតិកន្លងមក។

១ មិត្តរួមក្រុម

«ពួកគាត់ជាគ្រូនៅកៀកខ្លួនខ្ញុំជាងគេ បើទោះជាពួកយើងមានវ័យប្រហាក់ប្រហែលគ្នា ប៉ុន្តែខ្ញុំគោរពចាត់ទុកពួកគាត់ជាគ្រូដ៏ល្អក្នុងពេលកន្លងមក។ ជាកីឡាករមានប្រភពចេញពីក្រុមស្ម័គ្រចិត្ត ខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាមិត្តរួមក្រុមជាមួយកីឡាករធ្លាប់ហាត់ក្នុងថ្នាលយុវជនអាជីព ធ្លាប់ជាប់ជម្រើសជាតិតាំងពីខ្ញុំពុំទាន់ចូលក្លិបអាជីព ហើយពួកគេក៏មិនប្រកាន់អ្វីដែរ មានតែជួយកែលម្អ និង ចែករំលែកបទពិសោធល្អៗដល់ខ្ញុំ។ ខ្ញុំបានយល់ពីតម្លៃនៃសាមគ្គីភាព ទំនាក់ទំនង និង ការជួយគ្នាទៅវិញទៅមកពីពួកគាត់»។

២ គ្រូបង្វឹក

«លោកគ្រូ Felix ជាគ្រូដំបូងរបស់ខ្ញុំក្នុងក្រុមជម្រើសជាតិ ហើយគាត់បានបង្ហាញក្ដីស្រលាញ់ និង ការយកចិត្តទុកដាក់ស្មើៗគ្នាចំពោះពួកខ្ញុំ។ ក្រោមការបង្ហាត់របស់គាត់ ខ្ញុំបានយល់ពីរបៀបលេងជាក្រុមឲ្យស៊ីចង្វាក់គ្នា ព្រមទាំងយុទ្ធសាស្រ្តប្លែកៗ និង តាកតិចមួយចំនួនធំ ដែលខ្ញុំពុំធ្លាប់ជួបសោះក្នុងការលេងបាល់អាជីព ២ ឆ្នាំមកនេះ។ គាត់ធ្វើឲ្យខ្ញុំចេះបង្កើនទំនុកចិត្ត ពង្រឹងស្មារតីលើការប្រកួត និង មានឆន្ទៈខ្ពស់ក្នុងការបញ្ចេញសមត្ថភាព ដើម្បីរកលទ្ធផលគាប់ប្រសើរសម្រាប់ជាតិ និង អ្នកគាំទ្រ»។

៣ គូប្រជែង

«ក្រៅពីមនុស្សទាំង ២ ខាងលើ គូប្រជែងក៏ជាគ្រូដ៏សំខាន់របស់ខ្ញុំដែរ ព្រោះពួកគេមានរបៀបលេង និង យុទ្ធសាស្ត្រផ្ទុយស្រលះពីក្រុមរបស់យើង។ ខ្ញុំអាចរៀនសូត្រពីរបៀបសម្រេចចិត្ត ភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាភ្លាមៗលើទីលាន និង ដឹងពីសមត្ថភាពខ្លួនឯងស្ថិតក្នុងកម្រិតមួយណា ដែលងាយនឹងឲ្យខ្ញុំពង្រឹងគុណភាពបន្ថែមទៀត»។

សូមរំឭកថា ប៊ុនណាត លេងបាល់ដំបូងក្នុងក្រុមជម្រើសខេត្តសៀមរាប រួចចូលរួមក្រុមគិរីដងរែក មុនធ្វើតេស្តជាប់ចូល សូលទីឡូអង្គរ ក្នុងលីគទី២ឆ្នាំមុន។ ក្រោយបង្ហាញសមត្ថភាពនៅទីនោះបានល្អ ប៊ុនណាត ត្រូវបាន អង្គរថាយហ្គឺរ នាំចូលមកទល់បច្ចុប្បន្ន។ ចំណែកក្នុងក្រុមជម្រើសជាតិវិញ ខ្សែការពាររូបនេះ ត្រូវលោក Felix Dalmas ជ្រើសចូលក្រុម U22 និង ក្រុមធំ នាពេលថ្មីៗនេះ៕

មតិយោបល់