៣ គូ​ពុំ​គួរ​រំលង​ ថ្ងៃ​បើក​រដូវកាល​លីគ​កំពូល​កម្ពុជា​ចុង​សប្ដាហ៍​នេះ​

ទីបំផុតទៅព្រឹត្តិការណ៍ Metfone Cambodian League 2019 បានចូលមកដល់នាចុងសប្ដាហ៍នេះហើយ ក្រោយសម្រាកអស់ពេលក្បែរកន្លះឆ្នាំ ដោយមានការប្រកួតចំនួន ៧ គូ ក្នុងនោះ ៣ គូសម្រាប់ថ្ងៃសៅរ៍ និង ៤ គូសម្រាប់ថ្ងៃអាទិត្យ។

ក្នុងចំណោមគូប្រកួតទាំង ៧ នាចុងសប្ដាហ៍នេះ FOX Sports ខេមរភាសា ចាប់អារម្មណ៍ខ្លាំងទៅលើការប្រកួតចំនួន ៣ ខាងក្រោម ដែលប្រិយមិត្តតាមដានបាល់ទាត់ជាតិពុំគួររំលងទស្សនា។

១ ភ្នំពេញក្រោន ប៉ះ បឹងកេត

គូប្រកួតដ៏ស្វិតស្វាញ ដែលអ្នកនិយមគាំទ្របាល់ទាត់ជាតិហៅថា «El Clasico ខ្មែរ» នឹងក្លាយជាប្រធានបទធំនៅថ្ងៃសៅរ៍ ទី ១៦ ខាងមុខ ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន RSN ចាប់ពីម៉ោង ១៨:០០ តទៅ។

រដូវកាលកន្លងទៅ បឹងកេត បញ្ចប់នៅចំណាត់ថ្នាក់លេខ ២ ខណៈ ភ្នំពេញក្រោន បានត្រឹមលេខ ៥។ សម្រាប់រដូវកាលនេះ ក្រោន បាននាំចូលកីឡាករបរទេស និង ខ្មែរថ្មីៗ ពិសេសអតីតគ្រូបង្វឹកជម្រើសជាតិ Leonardo Vitorino មកដឹកនាំ ចំណែកបឹងកេត នាំចូលកីឡាករវ័យក្មេងក្នុងស្រុកជាច្រើន រួមនិងកីឡាករបរទេសប្លែកមុខមួយចំនួនផងដែរ។

ប្រវត្តិជួបគ្នាក្នុងលីគកំពូល ១៥ លើក បឹងកេត ឈ្នះ ៨ ភ្នំពេញក្រោន ៦ និង ស្មើគ្នា ១ លើក។

២ វិសាខា ប៉ះ សូលទីឡូអង្គរ

ប្រិយមិត្តមិនតិចឡើយ កំពុងរង់ចាំសមត្ថភាពលើទីលានរបស់វិសាខា ដែលបានចំណាយធនធានយ៉ាងច្រើនមុនរដូវកាលចាប់ផ្ដើម ដើម្បីប្រមូលយកកីឡាករឆ្នើមៗទៅចូលរួមជាមួយ។

វិសាខា ដែលប្រើកីឡាករបរទេសថ្មីផ្សេងពីឆ្នាំមុនទាំងស្រុង នឹងបើកទ្វារកីឡដ្ឋានវិសាខារបស់ខ្លួន ស្វាគមន៍ភ្ញៀវកាត់មកពីជាង ៣០០ គីឡូម៉ែត្រ សូលទីឡូអង្គរ នាថ្ងៃទី ១៧ ខែមីនា ចាប់ពីម៉ោង ១៥:៣០ នាទីតទៅ។

សូលទីឡូ ក៏ជាទីចាប់អារម្មណ៍របស់ពិភពបាល់ទាត់កម្ពុជាដែរ ក្រោយពួកគេរុះរើកីឡាករស្ទើរទាំងស្រុង ហើយនាំចូលកីឡាករក្នុងស្រុកវ័យក្មេង និង កីឡាករជប៉ុនមានបទពិសោធជោគជាំមួយរូប ពិសេសគ្រូបង្វឹកកាន់អាជ្ញាបណ្ណ UEFA កម្រិត A លោក Darren Pomroy ។

ប្រវត្តិជួបគ្នា ២ លើកកន្លងទៅ នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា វិសាខា ឈ្នះទាំង ២ លើក ដោយលទ្ធផល ២-១ និង ១-០ ។

៣ ព្រះខ័នរាជខេត្តស្វាយរៀង ប៉ះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព្រះខ័នរាជ ត្រូវបានគេផ្ដោតអារម្មណ៍ទៅលើកីឡាករបរទេសនាំចូលថ្មី ចំណែក នគរបាលជាតិ ត្រូវមហាជនតាមដានលើគ្រូបង្វឹកថ្មី គឺលោក ប្រាក់ សុវណ្ណារ៉ា រួមនិងកីឡាករបរទេសឆ្នើមៗមួយចំនួន ប្លែកពីកីឡាករបរទេស ដែលក្រុមមួយនេះធ្លាប់ប្រើ។

បើគិតមកទល់បច្ចុប្បន្ន មានរយៈពេល ២ ឆ្នាំពេញហើយ ដែលអតីតគ្រូបង្វឹកជម្រើសជាតិ ប្រាក់ សុវណ្ណារ៉ា ឃ្លាតឆ្ងាយពីការងារជាគ្រូបង្វឹកក្លិបបាល់ទាត់អាជីព ក្រោយចែកផ្លូវគ្នាជាមួយបឹងកេត។ ជំនួបតទល់ម្ចាស់ផ្ទះព្រះខ័នរាជ អាចជាធ្នាក់មួយទាក់ចិត្តប្រិយមិត្តបាល់ទាត់ជាតិ ឲ្យតាមដានការប្រកួតមួយនេះ។

ប្រវត្តិជួបគ្នា ១៥ លើកក្នុងលីគ នគរបាលជាតិឈ្នះ ៣ ព្រះខ័នរាជឈ្នះ ៧ និងស្មើគ្នា ៥ លើក។ នាកីឡដ្ឋានខេត្តស្វាយរៀង ក្រុមទាំង ២ នឹងស្រាយចម្ងល់ប្រិយមិត្ត នៅថ្ងៃអាទិត្យ ទី ១៧ ខែមីនា ចាប់ពីម៉ោង ១៨:០០ តទៅ៕​

មតិយោបល់