៥ ចំនុចគួរ​ចាប់​អារម្មណ៍​ក្នុង​ជំនួបមិត្តភាពអន្តរជាតិ កម្ពុជា ០-១ បង់ក្លាដេស

បរាជ័យប្រផុតប្រផើយ ០-១ ក្រោមថ្វីជើងក្រុមភ្ញៀវសម្បូរបទពិសោធបង់ក្លាដេស ត្រូវបានអ្នកគាំទ្របាល់ទាត់ក្នុងស្រុកបង្ហាញការយល់ឃើញជាមតិវិជ្ជមាន ច្រើនជាងអវិជ្ជមាន។

ពាក់ព័ន្ធប្រកួតមិត្តភាពអន្តរជាតិមួយនេះ FOX Sports ខេមរភាសា សង្កេតឃើញចំនុចគួរចាប់អារម្មណ៍ចំនួន ៥ ធំៗ ក្នុងនោះមាន ៣ ចំនុចទាក់ទងនឹងការបង្ហាញរបស់ក្រុមកម្ពុជាទាំងមូល និង ២ ចំនុចផ្សេងទៀត ទៅលើកំណត់ត្រាឯកត្តជនរបស់កីឡាករវ័យក្មេង ៣ រូប។

ទំនុកចិត្តនៅនឹងនរ

បើទោះត្រូវរងសម្ពាធពីគូប្រជែងស្ទើរពេញមួយប្រកួត ប៉ុន្តែទំនុកចិត្តរបស់កីឡាករកម្ពុជា ពិសេសភាពក្លាហានក្នុងការលេងបានបង្ហាញថា ពួកគេពិតជារក្សាបាននូវការប្រមូលអារម្មណ៍លើទីលានបានល្អ ពុំតក់ស្លុត ឬ រងសម្ពាធអ្វីទាំងអស់។ លើសពីនេះ សមាជិកជម្រើសជាតិកម្ពុជាបានបង្ហាញស្មារតីប្រយុទ្ធដល់នាទីចុងក្រោយ ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើមកវិញយ៉ាងអង់អាច។

ការគ្រប់គ្រងបាល់ហាក់ធ្លាក់ចុះ

ភាគរយនៃការគ្រប់គ្រងបាល់របស់ក្រុមជម្រើសជាតិកម្ពុជា ហាក់ចុះបន្តិចបើធៀបនឹងកាលប្រកួត AFF U22 កន្លងទៅ។ ការបញ្ជូនបាល់មួយចំនួន ត្រូវបានគេមើលឃើញថាពុំសូវជោគជ័យ ពោលខុសទិសដៅ បញ្ជូនស្ទើរ ឬ ត្រូវឆាបបានមុនដោយគូប្រកួតជាដើម។ ដោយឡែក ការគ្រប់គ្រងបាល់របស់កូនក្រុមលោក Felix ហាក់ត្រូវកីឡាករបង់ក្លាដេសដណ្ដើមពីជើងបានច្រើន។

គម្លាតកាយសម្បទា

ការ​ធ្លាក់​ចុះស្ថិតិគ្រប់គ្រងបាល់ធៀបនឹងប្រកួតមុនៗ ទំនងទទួលរងឥទ្ធិពលពីកត្តាចម្បងមួយ គឺការចាញ់ប្រៀបកាយសម្បទា។ បើទោះមុនការប្រកួត គ្រូបង្វឹកបង់ក្លាដេសអះអាងតាមបណ្ដាញព័ត៌មានថា នឹងជ្រើសសមាជិកភាគច្រើនជាយុវជន ប៉ុន្តែក្នុងស្ថានភាពជាក់ស្ដែងជាងពាក់កណ្ដាលក្រុមសុទ្ធសឹងជាកីឡាករវ័យច្រើន ហើយពោរពេញដោយសមត្ថភាព ដែលធ្វើឲ្យយុវជនមាឌមិនសូវបានរបស់កម្ពុជា ពិបាកយកឈ្នះក្នុងការប្រជែងបាល់។

ហ៊ុល គីមហ៊ុយ របូតគ្រាប់បាល់​លើកដំបូង

នេះជាការរបូតគ្រាប់បាល់លើកដំបូង ក្នុងការប្រកួតអន្តរជាតិ ៤ លើកចុងក្រោយរបស់អ្នកចាំទីបឹងកេត ហ៊ុល គីមហ៊ុយ។ ក្នុងព្រឹត្តិការណ៍ AFF U22 កន្លងទៅ គីមហ៊ុយ ពុំរបូតគ្រាប់បាល់មួយគ្រាប់ណាសោះ ក្នុងការបង្ហាញខ្លួន ៣ ប្រកួតតទល់ ថៃ មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី។ បែបណាក្ដី ក្នុងជំនួបតទល់បង់ក្លាដេស គេស្ទើរតែរក្សាសំណាញ់ទីរបស់ខ្លួនបានទៅហើយ តែកីឡាករបង់ក្លាដេស Rabul Hassan បានទាត់បញ្ចូលទីបានសម្រេចនៅនាទី ៨២ ខណៈរូបគេព្យាយាមទះបញ្ចេញដែរ តែពុំពេញដៃល្អ។

សាន គីមហេង និង កាន់ ពិសាល មានឱកាសបង្ហាញខ្លួន

កាន់ ពិសាល និង សាន គីមហេង ដែលជាសមាជិកថ្មីជ្រើសដោយគ្រូបង្វឹក Felix ក៏ទទួលបានឱកាសបង្ហាញខ្លួនដែរ ដោយ សាន គីមហេង ប្ដូរជំនួស ណារ៉ុង កក្កដា ចំណែក កាន់ ពិសាល ប្ដូរជំនួស ស៊ិន សុផាណាត់។ គីមហេង បានបង្ហាញគុណភាពគ្រប់គ្រង និង បច្ចេកទេសញាក់បាល់របស់ខ្លួន ចំណែក ពិសាល ទទួលបានឱកាសមាសតាមស្មើឲ្យកម្ពុជានៅវិនាទីចុងក្រោយ តែខកខានដោយទាត់រំលងរបារទី៕

AFF U-22 Championship 2019: Sath Rosib’s long-range effort gives Cambodia a 1-0 win over Malaysia

មតិយោបល់