រងពាក្យមាក់ងាយ យ៉ាន រតនា ប្រឹងរៀនភាសាជប៉ុនជ្រៅជ្រះ រហូតបានការងារនៅថាយហ្គឺរ

ដោយរងនូវពាក្យមាក់ងាយពីមិត្តរួមការងារ អំឡុងបំពេញការងារក្នុងក្រុមហ៊ុនសេវាកម្មទេសចរណ៍មួយនាខេត្តសៀមរាបកាលពីឆ្នាំ ២០០៨ យ៉ាន់ រតនា បានយកការឈឺចាប់របស់ខ្លួន បម្លែងទៅជាការប្រឹងប្រែងអស់ពីកាយចិត្ត សិក្សាភាសាជប៉ុនដល់កម្រិតខ្ពស់បំផុត រហូតទទួលបានការពេញចិត្តពីប្រធានក្លិបអង្គរថាយហ្គឺរ Akihiro Kato ផ្ដល់ការងារដ៏សមរម្យមួយដល់គេនាពេលបច្ចុប្បន្ន។

រៀបរាប់​ទាំង​អារម្មណ៍​សោកសៅ​ ដ្បិត​នឹក​ឃើញ​ដល់​អនុស្សាវរីយ៍​លំបាក​ និង​ ការ​រង​សម្ពាធ​ផ្លូវចិត្ត​ពីមិត្ត​រួម​ការងារ​​ បូកផ្សំ​នឹង​ការ​អន់​ចិត្ត​ចំពោះ​ខ្លួន​ឯង​ផង​ រតនា​ ឲ្យ​ដឹង​បែ​ប​នេះ៖

«កាលនោះក្រុមហ៊ុនមានម្ចាស់ជប៉ុន ឲ្យបុគ្គលិកធ្វើដំណើរកម្សាន្តទៅប្រទេសវៀតណាម តែខ្ញុំអត់ទាន់ចេះភាសាជប៉ុនទេ ខណៈមិត្តរួមការងារភាគច្រើនគេនិយាយបាន។ ខ្ញុំក៏ព្យាយាមទិញសៀវភៅមករៀនខ្លួនឯង ហើយពេលនោះមានបុគ្គលិកម្នាក់និយាយចម្អកខ្ញុំថា រតនា រៀន ១០ ឆ្នាំទៀតមិនទាន់ចេះផង។ ពេលនោះខ្ញុំខឹង ខ្ញុំឈឺចាប់ខ្លាំង ប៉ុន្តែវាជាកម្លាំងជំរុញដ៏ខ្លាំងមួយដែរ ដែលធ្វើឲ្យខ្ញុំតាំងចិត្តប្រឹងប្រែងទ្វេដង រហូតឈានដល់កម្រិតទី ៤ និង ទទួលបានការងារដូចរាល់ថ្ងៃ»។


បុរសមានប្រភពពីខេត្តកំពង់ចាមបន្ថែមទៀតថា ខ្លួនឆ្លងកាត់ឧបសគ្គជាច្រើនក្នុងការសិក្សា តែក៏ពុំព្រមចុះចាញ់ដែរ ហើយតែងប្រាប់ខ្លួនឯងឲ្យយកឈ្នះឲ្យខាងតែបាន ដើម្បីជាការសកសឹកចំពោះពាក្យមាក់ងាយកន្លងមក។ បច្ចុប្បន្ននេះ រូបគេបានចូលរៀនភាសាអង់គ្លេសបន្ថែមទៀត ក្រោមការផ្ដល់អាហារូបករណ៍ពី ACE ដែលជាដៃគូសហការរបស់អង្គរថាយហ្គឺរ។

«ការ​រៀន​សូត្រ​កន្លង​មក​នេះ​ ខ្ញុំ​ជួប​រឿងរ៉ាវ​ពិបាក​ជាច្រើន​​ ព្រោះ​មិន​សូវ​មាន​លទ្ធភាព​គ្រប់គ្រាន់​ ប៉ុន្តែ​ខ្ញុំ​តែង​យក​ពាក្យ​បន្តុះបង្អាប់របស់​មនុស្ស​ជុំវិញ​ខ្លួន​ មក​ជំរុញ​ទឹក​ចិត្ត​ពុះពារ​ និង​ តស៊ូ​ជម្នះ​វា​ ដើម្បី​ជា​ការ​បង្ហាញ​ត្រលប់​ទៅ​ពួក​គេ​វិញ​ថា​ គេ​បាន​គិត​ខុស​ខ្លាំង​ណាស់​ ចំពោះ​ខ្ញុំ។​ តែ​យ៉ាង​ណា​ ខ្ញុំ​គ្មាន​ចិត្ត​គុំគួន​ពួក​គេ​សោះ​ឡើយ​ មាន​តែ​ការ​នឹក​គិត​ក្នុង​ចិត្ត​ថា​ បើ​គ្មាន​ពាក្យ​ទាំង​នោះ​ ម្ល៉េះ​ខ្ញុំ​ប្រហែល​មិន​បាន​ប្រឹងប្រែង​រហូត​មក​ឈរ​ចំនុច​នេះ​ទេ»។​

គួររំឭកថា ក្នុងតំណែងជាបុគ្គលិកផ្នែកទីផ្សារ យ៉ាន់ រតនា បានបម្រើការឲ្យក្លិបមានម្ចាស់ជាជនជាតិជប៉ុនមួយនេះ តាំងពីខែមីនា ឆ្នាំ ២០១៧ មកទល់បច្ចុប្បន្ន៕

មតិយោបល់