លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញបំណងធំៗ ក្នុងការចូលកាន់ក្លិបបាល់ទាត់ប៉ូលិស

អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រិយមិត្តនិយមបាល់ទាត់ជាតិហៅថា ប៉ូលិស ក្នុងឆ្នាំ ២០១៩ នេះ បានបង្ហាញពីការវិវឌ្ឍយ៉ាងខ្លាំង ដើម្បីឈានទៅរកការប្រកួតប្រជែងក្នុងកម្រិតស្តង់ដារមួយ។ ជាក់ស្ដែង ការតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកជម្រើសជាតិ ជាអ្នកចាត់ការក្លិបបានធ្វើឲ្យមានការសាទរយ៉ាងខ្លាំង ក្នុងមជ្ឈដ្ឋានបាល់ទាត់ជាតិ។

ពាក់ព័ន្ធការចូលកាន់តំណែងនេះ អតីតគ្រូបង្វឹកបឹងកេតឲ្យដឹងថា លោកមានគោលបំណងសំខាន់ជាច្រើន ដែលចំនុចទាំងនោះលោកបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយថ្នាក់ដឹកនាំក្លិប ក្នុងគោលដៅដើររួមផ្លូវតែមួយចិត្តតែមួយ។

«គោលដៅចម្បងរបស់យើង គឺការបង្កើតឡើងវិញនូវមុខមាត់របស់ក្លិប ឲ្យទទួលបានការយល់ព្រមពី AFC សម្រាប់លក្ខណ្ឌ Club Licensing ព្រោះយើងដឹងហើយថា ដើម្បីទទួលបាន Club Licensing យើងត្រូវមានរចនាសម្ព័ន្ធច្បាស់លាស់ មានកីឡដ្ឋានផ្ទាល់ខ្លួន មានថ្នាលយុវជន និង មានបញ្ជីចំណូលចំណាយច្បាស់លាស់។ ទាំងនេះជាអ្វីដែលយើងចង់ធ្វើសម្រាប់រដូវកាលថ្មីនេះ»។

គ្រូបង្វឹកកំពុងសិក្សាបញ្ចប់វគ្គគ្រូបង្វឹកកម្រិត Pro License រូបនេះឲ្យដឹងទៀតថា សម្រាប់រដូវកាលនេះ ក្លិបពុំទាន់ផ្ដោតលើចំណាត់ថ្នាក់ពេកនេះទេ ព្រោះត្រូវពង្រឹងលើចំនុចដែលបានរៀបរាប់ខាងលើជាមុនសិន។

បន្ថែមលើនេះ លោកបានពន្យល់បន្ថែមទៀតថា ក្លិបបានសម្រេចយកកីឡាករបរទេសតែ ៤ រូប ព្រោះចង់ផ្ដល់ផលិតធនធានតម្រូវការសម្រាប់ជម្រើសជាតិ និង អភិវឌ្ឍន៍សមត្ថភាពយុវជនក្នុងស្រុក។

«ដោយសារប៉ូលិសជាក្លិបមួយរបស់ជាតិ ហេតុនេះយើងយកផលប្រយោជន៍ជាតិជាធំ។ អញ្ចឹងហើយទើបយើងឃើញថា មានបរទេសតែ ៤ នាក់ទេ ហើយបរទេសទាំងនោះ ស្ថិតក្នុងតំណែងដែលក្រុមជម្រើសជាតិយើងមានកីឡាករល្អហើយ។ ចំពោះតំណែងពុំទាន់មានកីឡាករជម្រើសជាតិយើងល្អ យើងព្យាយាមបណ្ដុះយុវជនខ្មែរឲ្យបានល្អ ដើម្បីជួយបំពេញចំនុចខ្វះខាតរបស់ជម្រើសជាតិ។ នេះជាអ្វីដែលយើងចង់ចូលរួមអភិវឌ្ឍន៍បាល់ទាត់ ពុំមែនតែលទ្ធផលល្អប្រសើរនោះទេ»។

គួររំឭកថា លោក ប្រាក់ សុវណ្ណារ៉ា បានខកខានដឹកនាំក្លិបអាជីពអស់ ២ រដូវកាលហើយ ក្រោយការចែកផ្លូវគ្នាជាមួយ បឹងកេត។ ដោយឡែកលទ្ធផលក្នុងលីគកំពូលកាលឆ្នាំកន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៩ មាន ២៥ ពិន្ទុ ពីការឈ្នះ ៧ ចាញ់ ១១ និងស្មើ ៤ លើក៕

Floyd Mayweather again shows off his ridiculous wealth – this is quite a collection!

មតិយោបល់