គ្រូសូលទីឡូបង្ហើបកត្តា ២ យ៉ាង ចង់បានពីកូនក្រុម ក្នុងជំនួបមិត្តភាព Angkor Derby

ក្រោយអាក់ខានការប្រកួតមិត្តភាពកម្ដៅសាច់ដុំទល់នឹងភ្នំពេញក្រោន កាលសប្ដាហ៍មុន នាថ្ងៃទី ១៦ កុម្ភៈខាងមុខនេះ សូលទីឡូអង្គរបានណាត់គូប្រជែងរួមខេត្តអង្គរថាយហ្គឺរ សាកល្បងសមត្ថភាពគ្នា លើទីលានកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) ដើម្បីពិនិត្យគុណភាព និង ចំនុចខ្វះខាតរបស់ក្រុម។

ថ្លែងមកកាន់ FOX Sports ជាខេមរភាសាតាមរយៈបណ្ដាញទំនាក់ទំនងសង្គម គ្រូបង្គោលថ្មីសូលទីឡូ Darren Pomroy (Charlie) ឲ្យដឹងថា នេះជាប្រកួតមិត្តភាពដ៏សំខាន់សម្រាប់ក្រុម ព្រោះគូប្រកួតមួយគូនេះ ពិតជាប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរៀងខ្លួន។ លោកថា គោលដៅសំខាន់បំផុតសម្រាប់ជំនួបនេះ គឺការបង្ហាញទម្រង់លេងដ៏ស៊ីចង្វាក់មួយ ដែលលោកបានព្យាយាមបញ្ជ្រាបអស់ជាង២ខែមកហើយ។

«ជាការពិតប៉ុន្មានប្រកួតកន្លងមក កីឡាករខ្ញុំពិតជាធ្វើបានល្អមែនទែន ធ្វើឲ្យខ្ញុំពេញចិត្តលើរបៀបលេង ភាពវៃឆ្លាត និង ឆន្ទៈចង់ធ្វើឲ្យប្រសើរឡើងរបស់ពួកគេយ៉ាងខ្លាំង។ សម្រាប់ប្រកួតនាថ្ងៃទី ១៦ នេះ វាប្រៀបដូចជាជំនួបរវាង Barcelona និង Real Madrid នៅ La Liga អញ្ចឹង ព្រោះពួកយើងស្ថិតនៅក្នុងខេត្តតែមួយ រហូតដល់អ្នកគាំទ្រហៅការជួបរវាងក្រុមយើងទាំងពីរថា Angkor Derby ។ ខ្ញុំនឹងមិនប្រែប្រួលច្រើនទេ លើរបៀបលេងបើធៀបនឹងពេលកន្លងមក ប៉ុន្តែខ្ញុំគ្រាន់តែចង់ឃើញពួកគេបង្ហាញកាន់តែល្អ ពិសេសភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាក្នុងពេលប្រកួតជាក់ស្ដែង»។

បន្ថែមលើនេះ បុរសជនជាតិអង់គ្លេសដដែលបញ្ជាក់ថា លទ្ធផលឈ្នះក៏ជាអ្វីដែលលោកចង់ឃើញដែរ ក្នុងជំនួប Angkor Derby នេះ ថ្វីបើវាជាប្រកួតមិត្តភាពក្ដី។ លោកថា ជ័យជម្នះនឹងនាំឲ្យកីឡាករក្នុងក្រុមមានទំនុកចិត្ត និង កម្លាំងចិត្តខ្ពស់ ក្នុងការវិវឌ្ឍខ្លួនទៅកាន់កម្រិតលើនេះទៀត ត្រៀមប្រជែងក្នុងលីគកំពូលរដូវកាលថ្មី។

គួរដឹងដែរថា នេះជាជំនួបលើកទី ១ សម្រាប់រដូវកាល ២០១៩ នេះ រវាងសូលទីឡូអង្គរ និង អង្គរថាយហ្គឺរ។ ការប្រកួតនឹងធ្វើឡើងនៅលើវាលស្មៅកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) នាថ្ងៃទី ១៦ កុម្ភៈ ចាប់ពីម៉ោង ៣:៣០ នាទីរសៀល ដោយបើកឲ្យចូលទស្សនាឥតគិតថ្លៃ៕

លោក Tuchel ថា PSG មិនអាច​រកអ្នក​ជំនួស ​Neymar និង Cavani បានទេ

មតិយោបល់