ស្ដាប់អ្នកនិយមបាល់ទាត់ ៣ រូប បញ្ចេញមតិលើការដំឡើងចំនួនក្រុមនៅលីគកំពូល

ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការប្រកាសជាផ្លូវការ ពីការដំឡើងចំនួនក្រុមចូលប្រជែងលីគកំពូល ២០១៩ ដល់ ១៤ ក្រុម ដែលជាចំនួនច្រើនបំផុតពុំធ្លាប់មានក្នុងប្រវត្តិប្រកួតលីគកំពូលកម្ពុជា។

ពាក់ព័ន្ធករណីនេះ មានការលើកឡើងខុសៗគ្នាពីសំណាក់មជ្ឈដ្ឋានគាំទ្របាល់ទាត់ជាតិ ពីគុណសម្បត្តិ និង គុណវិបត្តិនៃការបន្ថែមក្រុម ២ ពីលើក្រុមចំនួន ១២ ដែលមានស្រាប់។ FOX Sports ជាខេមរភាសាបានធ្វើការសម្ភាសអ្នកតាមដានបាល់ទាត់ ៣ រូបលើបញ្ហានេះ ហើយខាងក្រោមជាការយល់ឃើញរបស់ពួកគេ៖

វាសនា សក្តិដា និស្សិតឆ្នាំទី ១

យុវជន វាសនា សក្ដិដា និស្សិត​ឆ្នាំ​ទី​ ១​ និង​ ជា​អ្នក​តាមដាន​បាល់ទាត់​មួយរូប (រូបភាព Kim Kiriku) ​

«ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា វាមានចំនុចល្អច្រើនជាង។ ទី ១ លីគនឹងមានការប្រកួតកាន់តែច្រើន ធ្វើឲ្យទាក់ទាញអ្នកតាមដានទស្សនាបានកាន់តែច្រើនជាងមុន។ ទី ២ ក្លិបមានច្រើនការប្រកួតប្រជែងច្រើន ហើយកម្រិតប្រកួតប្រជែងអាចនឹងខ្ពស់ជាងមុន អញ្ចឹងគុណភាពកីឡាករក៏កើនឡើង នោះវារុញផលដល់ក្រុមជម្រើសជាតិយើងទៀតផង។ អ្វីដែលខ្ញុំបារម្ភតែមួយគឺ និរន្តរភាពរបស់ក្លិបមកថ្មី តើអាចនៅបានយូរប៉ុណ្ណា?»

ប៊ុត ផលត្រាវិទ្យា និស្សិតឆ្នាំទី ២

ប៊ុត ផលត្រាវិទ្យា (ស្ដាំ) ជយលាភី​អ្នកគាំទ្រ​ឆ្នើម​ ២០១៨ របស់​ CNCC និង​ ជា​អ្នក​តាមដាន​បាល់ទាត់​មួយរូប

«តាមគំនិតខ្ញុំ ក្រុមច្រើនធ្វើឲ្យមានការប្រកួតប្រជែងខ្លាំង ផ្ដល់ឱកាសដល់កីឡាករច្រើន និង ប្រកួតបានយូរជាងមុន។ ប៉ុន្តែអ្វីដែលខ្ញុំយល់ឃើញពីផលអវិជ្ជមាន គឺការបាត់បង់ការប្រកួតលីគ ២ ដែលទើបតែធ្វើបានមួយឆ្នាំ ព្រោះក្រុមមួយចំនួនពុំមានឱកាសប្រកួតប្រជែងតទៅទៀត ហើយមានតែ២ក្រុម បានមកចូលលេងលីគ ២០១៩ ។ ខ្ញុំយល់ថា បើបិទលីគ ២ អញ្ចឹង គួរតែសហព័ន្ធបង្កើតលីគយុវជនមួយទៀត ដើម្បីយុវជនថ្នាលតាមក្លិបបានអភិវឌ្ឍន៍សមត្ថភាព ឈានទៅស្នងរៀមច្បងឈុតធំ»។

គៀត ភក្ដី បុគ្គលិកផ្នែកធនាគារ

លោក​ គៀត ភក្ដី​ បុគ្គលិក​ផ្នែក​ធនាគារ​ និង​ ជា​អ្នក​តាមដាន​បាល់ទាត់​មួយរូប

«ខ្ញុំហាក់មើលឃើញផលអវិជ្ជមានច្រើនជាងវិជ្ជមាន។ ទី ១ សួរថាតើក្លិបឡើងមកលីគកំពូលថ្មីនោះ មានគ្រឹះហិរញ្ញវត្ថុរឹងមាំបានយូរប៉ុណ្ណា ព្រោះយើងឃើញហើយក្លិបចាស់ៗមួយចំនួនបានបិទចោលដោយសារវិបត្តិនេះ ខណៈក្លិបនៅសល់កំពុងត្រដរដំណើរការ ហើយក្លិបតិចបំផុតមើលទៅអាចដើរបានយូរអង្វែង។ អញ្ចឹងខ្ញុំបារម្ភក្រែងចូលបានតែមួយរដូវកាលបិទវិញបាត់ លីគក៏ត្រូវប្រកាសបន្ថយចំនួនក្រុមប្រកួតវិញ។ និយាយឲ្យចំ ខ្ញុំចង់ឲ្យមាននិរន្តរភាព»។

ការប្រកួត Metfone Cambodian League 2018 រវាង​អគ្គិសនី​កម្ពុជា​ និង​ វេស្ទើន​ភ្នំពេញ

អ្នកស្រលាញ់កីឡាដដែលបន្ថែមទៀតថា៖ «ទី ២ ខ្ញុំចង់ឃើញគុណភាពប្រកួតប្រជែង បើបង្កើនតែបរិមាណ ហើយគុណភាពអត់មាន ត្រូវក្រុមធំៗលត់ ៨-០ ១០-០ អី ដូចកាលជំនាន់មុន ខ្ញុំថាកុំល្អជាង។ យោបល់ខ្ញុំ សហព័ន្ធគួរគិតគូរធ្វើលីគ ២ ឲ្យដើរឡើងវិញ ដើម្បីផ្ដល់ឱកាសដល់យុវជន និង ពង្រឹងធនធានបន្តវេន កុំឲ្យដូចសព្វថ្ងៃ អ្នកធ្វើលីគអភិវឌ្ឍន៍យុវជនទៅជាក្រុមហ៊ុនឯកជនដូចជា KMH ឯណោះវិញ»។

ទាំងនេះជាការលើកឡើងរបស់អ្នកនិយមតាមដានបាល់ទាត់ក្នងស្រុកទាំង ៣ រូបខាងលើ។ ចុះប្រិយមិត្ត FOX Sports ជាខេមរភាសា យល់បែបណាដែរ ចំពោះបញ្ហានេះ?

‘Man Utd might have a say on title race’ – Solskjaer

មតិយោបល់