អតីតកីឡាករបាល់ទាត់ ហួត សុគន្ធា ហាមអ្នករួមអាជីពរឿងមួយ បើមិនចង់ខូចតម្រងនោមដូចខ្លួន

អស់ពេលជាង ៤ ឆ្នាំហើយ ដែលអតីតកីឡាករក្រសួងការពារជាតិ និង ក្រុមជម្រើសជាតិកម្ពុជា ហួត សុគន្ធា ត្រូវចំណាយប្រមាណជិត ១ ពាន់ដុល្លារជារៀងរាល់ខែ ដើម្បីលាងជាតិពុលក្នុងឈាម និង ថ្លៃថ្នាំសង្កូវ ព្យាបាលជំងឺតម្រងនោម ដែលខូចខាតដោយសារការព្យាបាលពុំត្រឹមត្រូវ ពេលមានរបួសសន្លាក់ សរសៃ ឬ ឆ្អឹងផ្សេងៗ កាលនៅជាកីឡាករ។

ឆ្លងកាត់បទពិសោធដ៏ជូរចត់ ពុំអាចត្រលប់ក្រោយបាន បុរសវ័យ ៣៦ ឆ្នាំរូបនេះ បានហាមផ្ដាច់ដល់មិត្តរួមអាជីព ពិសេសកីឡាករពេលបច្ចុប្បន្ន កុំទទួលយកការព្យាបាលដោយចាក់ថ្នាំចំកន្លែងឈឺ ឬ លេបថ្នាំសរសៃច្រើនហួស ដើម្បីបំបាត់ការឈឺចាប់ភ្លាមៗតាមចិត្តឲ្យសោះ ពោលការប្រើថ្នាំប្រភេទក័រទីកូអ៊ីត (Corticoid) ច្រើនបែបនេះ នឹងបំផ្លាញដល់គ្រឿងក្នុង ពិសេសជំងឺខ្សោយតម្រងនោមកម្រិតចុងក្រោយដូចរូបលោក។

ហួត សុគន្ធា (លេខ ២៤) កាល​ជាប់​ជម្រើស​ជាតិ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ប្រាក់​ សុវណ្ណារ៉ា

សុគន្ធា រៀបរាប់ពីដំណើរដើមទងនៃជំងឺបែបនេះ៖ «កាលជំនាន់ឆ្នាំ ២០០០ ជាងហ្នឹង កំពុងពេលលេង ហើយចង់លេងចង់បង្ហាញគ្រប់ប្រកួត អញ្ចឹងឲ្យតែមានរបួសកជើង ឬ ជង្គង់អី អត់គិតថារកពេទ្យជំនាញត្រឹមត្រូវអីព្យាបាលទេ គឺសំដៅទៅចាក់ថ្នាំហ្នឹងយកតែម្ដង។ ចាក់ហើយពេទ្យឲ្យថ្នាំទាំងថង់ៗមកលេបថែមទៀត តែវាបាត់ឈឺមែន ឧទាហរណ៍ថាទៅចាក់ពីល្ងាច ស្អែកចូលតារាងបានវិញ»។

អតីតកីឡាករ និង ជាគ្រូជំនួយ TriAsia ដដែលរៀបរាប់ថា មានពេលមួយ ខ្លួនជាប់ក្នុងឈុតយុវជនជម្រើសជាតិបោះជំរំហ្វឹកហាត់នៅចែងម៉ែង តែមុនចេញបញ្ជីចុងក្រោយ ក៏ជួបបញ្ហាឈឺចង្កេះ។ ដោយចង់បង្ហាញខ្លួននៅជម្រើសជាតិ និង បានទៅស្គាល់កូរ៉េខាងត្បូងផង គេបានចូលទៅក្នុងក្រុងចាក់ថ្នាំទាំងយប់ ហើយអាចចេញទៅជាមួយក្រុមបាន។

ហួត សុគន្ធា (លេខ ៨) ពេល​លេង​ឲ្យ​វ័យ​ចាស់​ក្រសួងការពារជាតិ​ នៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃចូលដល់ចុងឆ្នាំ ២០១៤ ទើបសុបិន្តអាក្រក់ពីការព្យាបាលខុសក្បួននេះបានកើតឡើង សុគន្ធា ធ្លាក់ខ្លួនឈឺ លក់ផ្ទះ លក់ដី និង ទ្រព្យសម្បត្តិស្ទើរអស់ពីខ្លួន ដោយចំណាយទៅលើការព្យាបាលអស់ក្បែរ ១០ ម៉ឺនដុល្លារ។ ទោះចំណាយច្រើនបែបនេះក្ដី ជំងឺដ៏សាហាវនេះ ពុំជាដាច់ឡើយ ដោយរូបគេត្រូវធ្វើការលាងឈាម ១ សប្ដាហ៍ ៣ ដង និង លេបថ្នាំជាប្រចាំ ដែលចាយអស់ជិត ១ ពាន់ដុល្លារក្នុង ១ ខែ។

អតីតកីឡាករជម្រើសជាតិតាំងពីយុវជន ដល់ក្រុមធំរូបនេះផ្ដែផ្ដាំថា៖ «សូមបងប្អូនទាំងអស់ មិនថាតែអ្នកលេងកីឡា ឬ ប្រជាជនទូទៅ ពេលមានបញ្ហាឈឺចាប់សន្លាក់ សរសៃ សាច់ដុំ ប្រសិនតិចតួច គួរប្រើតែទឹកកកស្អំ កុំទាន់លេបថ្នាំ ហើយកុំចង់សះស្បើយលឿនពេក។ ប្រសិនបើទ្រាំលែងបាន គួរទៅរកគ្រូពេទ្យជំនាញគោរពវិជ្ជាជីវៈត្រឹមត្រូវឲ្យព្យាបាល ចៀសវាងការប្រើថ្នាំពុំមានកម្រិតច្បាស់លាស់ ព្រោះពេលខ្ញុំទៅដល់ពេទ្យថៃ គេសួរនាំដំណើរដើមទងជំងឺខ្ញុំ គេអះអាង ១០០% ថាខ្ញុំខូចតម្រងនោមដោយសារការព្យាបាលបែបនេះ»។

ទោះមានជំងឺប្រចាំកាយ តែ​ ហួត សុគន្ធា នៅតែជួយអភិវឌ្ឍន៍យុវជនជាមួយក្រសួងការពារជាតិ

ពាក់ព័ន្ធការចំណាយដ៏សម្បើមលើការលាងឈាមវិញ លោកថាមានវិធីតែមួយគត់ ដែលអាចជួយបាន គឺត្រូវវះកាត់ប្ដូរតម្រងនោម ដោយត្រូវចំណាយដល់ទៅ៦ម៉ឺនដុល្លារឯណោះ ខណៈលោកពុំមានលទ្ធភាពទៅរកប្រាក់ដ៏ច្រើនសម្បើមនេះឡើយ។

គួររំឭកថា ហួត សុគន្ធា បានចូលប្រឡូកក្នុងវិស័យបាល់ទាត់ដំបូងនាឆ្នាំ ២០០២ ក្នុងឈុត B ក្រសួងការពារជាតិ មុនឈានចូលឈុត A នៅ ២ ឆ្នាំបន្ទាប់ រហូតឡើងជាគ្រូជំនួយចន្លោះឆ្នាំ ២០០៩ ដល់ ២០១២ ហើយឆ្នាំ ២០១៣ ជាកីឡាករផងគ្រូជំនួយផង នៅក្លិបត្រាយអាស៊ី។ ក្រៅពីក្លិបអាជីព បុរសវ័យ ៣៦ ឆ្នាំរូបនេះ ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិជាច្រើនលើកផងដែរ៕

Flamengo president in shock after 10 die in training ground fire

មតិយោបល់