ឈង់​ ប៊ុនណាត​ យុវជន​ខេត្ត​សៀមរាប​លេចធ្លោ​ ជាប់​ទាំង​ U22 ជម្រើស​ជាតិ​ និង​ All Stars

ក្រោយ​មាន​ការ​បោះ​មូលដ្ឋាន​របស់​ក្លិប​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន​ដល់​ទៅ​ ២​ លើ​ទឹក​ដី​ខេត្ត​សៀមរាប​ គេ​សង្កេត​ឃើញ​ថា​ យុវជន​ខេត្ត​សៀមរាប​ជាច្រើន​រូប​ ទទួល​បាន​ឱកាស​ក្លាយ​ជា​កីឡាករ​អាជីព និង​ ឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃ​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទៀត​ផង។​

ក្នុង​ចំណោម​យុវជន​សម្បូរ​ទេព​កោសល្យ​ទាំង​នោះ យើង​ឃើញ​មាន​ខ្សែ​ការពារ​ស្លាប​វ័យ​ក្មេង​ ឈង់ ប៊ុនណាត​ ហាក់​លេច​ធ្លោ​ជាង​គេ​ក្នុង​តំណែង​មួយ​នេះ​ ពិសេស​ចូល​ដល់​ឆ្នាំ​ ២០១៩​ គេ​ត្រូវ​បាន​គ្រូ​បង្វឹក​ U22 Felix បញ្ចូល​ក្នុង​បញ្ជី​ ២៧​នាក់​ចុងក្រោយ​ មុន​ជម្រុះ​ម្ដង​ទៀត​យក​ត្រឹម​ ២៣​ និង​ ការ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​បាល់ទាត់​រួម​តារា​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ភា​ សុភក្ត្រា​ ទល់​នឹង​ Muang Thong United នា​យប់​ថ្ងៃ​ទី ០៩​ កុម្ភៈ​នេះ​ទៀត​ផង​។​ ខាង​ក្រោម​នេះ​ជា​កត្តា​ធំ​ៗ ៣ ដែល​គេមើល​ឃើញ​ថា​បាន​រុញ​ច្រាន​​ឲ្យ​ ប៊ុន​ណាត​ ឈាន​មក​កាន់​ចំនុច​ខ្ពស់​ជា​លើក​ដំបូង​ក្នុង​អាជីព៖​

ទេពកោសល្យ​

 

យុវជន​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា​ មាន​ល្បឿន​លឿន​សមស្រប​និង​ការ​លេង​ក្នុង​តំណែង​ការពារ​ស្លាប​ ដែល​អាច​នៅ​ខាង​ក្រោម​ពេល​ការពារ​ ហើយ​អាច​​រត់​ឡើង​ទៅ​ជួយ​គាំទ្រ​តំបន់​ប្រយុទ្ធ​ទៀត​ផង រី​ឯ​គុណភាព​ការពារ​ និង​ ការ​បញ្ជូន​បាល់​ពី​ផ្នែក​ស្លាប​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់​ ក៏​មាន​ភាព​ប្រសើរ។​ ទាំង​នេះ​កើត​ចេញ​ពី​ភាព​អំណោយ​ផល​នៃ​ល្បឿន​ និង​ កម្លាំង​របស់​គេ។​

ឆន្ទៈ​

ទេពកោសល្យ​មួយ​មុខ​ពុំ​គ្រប់គ្រាន់​ឡើង​ មិន​ថា​តែ​កីឡាករ​បាល់ទាត់​ ឬ មនុស្ស​លោក​ទូទៅ​ ហេតុនេះ​ការ​​ប្រឹងប្រែង​ខ្ពស់​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​ ជា​គុណ​សម្បត្តិ​ដ៏​ធំ​របស់​ ប៊ុនណាត។​ យុវជន​រូប​នេះ​មាន​ឆន្ទៈ​ខ្ពស់​ទាំង​ក្នុង​ការ​ហ្វឹកហាត់​ និង​ ការ​ប្រកួត​ ដែល​ជា​ទុន​មួយ​ដ៏​សំខាន់​នាំ​រូប​គេ​ មក​ដល់​ចំនុច​ខ្ពស់​មួយ​ក្នុង​អាជីព​នា​ពេល​បច្ចុប្បន្ន​ គឺ​ការ​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​ ២២ឆ្នាំ​ និង​ ក្រុម​រួម​តារា​កម្ពុជា​​។

វិន័យ​

ទាំង​មិត្ត​រួម​ក្រុម​ចាស់​នៅ​សូលទីឡូ​ និង​ មិត្ត​រួម​ក្រុម​ថ្មីថាយហ្គឺរ​ សុទ្ធ​តែបង្ហាញ​ការ​យល់​ឃើញ​ដូច​ៗគ្នា​ថា​ ប៊ុនណាត​ ជា​កីឡាករ​មួយ​រូប​មាន​វិន័យ​ល្អ​ក្នុង​ក្រុម​ ចេះ​ទទួល​យក​ការ​រិះគន់​ស្ថាបនា​ និង​ មាន​អត្តចរិត​ស្លូតបូត​។​ គេ​ជា​បុគ្គល​ម្នាក់​គោរព​ពេល​វេលា​ និង​ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​អាជីព។​

គួរ​រំឭក​ថា​ ឈង់​ ប៊ុនណាត​ ផ្ដើម​ប្រឡូក​បាល់ទាត់​អាជីព​ដំបូង​នៅ​ឆ្នាំ​ ២០១៧​ ជាមួយ​សូលទីឡូ​អង្គរ​ ពេល​ក្លិប​មួយ​នេះ​លេង​នៅ​លីគ​ ២​ ហើយ​បាន​ផ្លាស់​មក​អង្គរថាយហ្គឺរ​នា​រដូវកាល​កន្លង​ទៅ។​ នេះ​ជា​លើក​ទី​ ១​ សម្រាប់​កីឡាករ​មាន​ប្រភព​ពី​ខេត្ត​សៀមរាប​ខាង​លើ​ ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ U22 និង​ Cambodia All Stars ៕

មតិយោបល់