សមិទ្ធិផលនានារបស់ក្រសួងការពារជាតិ គិតចាប់ពីពេលលោក ខូវ ឆាយ ចូលរួមឆ្នាំ២០១៥

គិត​ចាប់​ពី​ឆ្នាំ​ ២០១៥​ ដែល​លោក​ ខូវ​ ឆាយ​ បាន​ចូលរួមអភិវឌ្ឍន៍​ក្លិប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​ គេ​មើល​ឃើញ​ថា​ ក្លិប​មួយ​នេះ​សម្រេច​បាន​សមិទ្ធិផល​ជាច្រើន​ ទាំង​ការ​ឈ្នះ​ពាន​ក្នុង​ស្រុក​ និង​ អន្តរជាតិ​ ក៏​ដូចជា​ភាព​រីកចម្រើន​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​​​ផង​ដែរ។

ខាង​ក្រោម​នេះ​ ជា​សមិទ្ធិផល​ធំ​ៗ ​ដែល​គេ​បាន​កត់ត្រា​ទុក​ក្នុង​រយៈពេល​ ៤​ ឆ្នាំ​ចុងក្រោយ៖​​

២០១៥​

ក្នុង​ឆ្នាំ​ដំបូង​របស់​លោក​ ខូវ​ ឆាយ​ ក៏​ជា​ឆ្នាំ​ដំបូង​ដែរ​ ដែល​ក្រសួងការពារជាតិ​ប្រើ​ប្រាស់​កីឡាករ​បរទេស​ លេង​ក្នុង​លីគ​កំពូល​កម្ពុជា​ ហើយ​កាល​នោះ​ទទួល​បាន​ចំណាត់​ថ្នាក់​​​លេខ​ ៥​ តែ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ ពាន​រង្វាន់​សម្ដេច​តេជោ។ យ៉ាង​ណា​ក្ដី​ ក្នុង​ឆ្នាំ​ដដែល​នោះ​​ទ័ព​ បាន​ឈ្នះ​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​យោធា​អាស៊ាន​នៅ​វៀតណាម​។​

២០១៦

សន្ទុះ​ចិត្ត​របស់​ក្រុម​ ក៏​ដូជជា​លោក​ ខូវ​ ឆាយ​ ផ្ទាល់​កាន់​តែ​ពុះ​កញ្ជ្រោល​ ជម្រុញ​ឲ្យ​លោក​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ផ្ទាល់​ ដើម្បី​នាំ​យក​​​កីឡាករ​កូរ៉េខាង​ជើង ៤​ រូប​រួម​មាន​ Cheo Myong Ho, Kim Kyong Hun, Ri Hyok Chul និង​ Chang Song Hyok មក​ជួយ។​ ទ័ព​ ស្ទើរ​តែ​បាន​គ្រង​​ជើងឯក​​លីគ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ តែ​ត្រូវ​ប្រជែង​បាន​ដោយ​បឹង​កេត​ ដែល​មាន​ត្រឹម​ ១​ពិន្ទុ​លើស​ខ្លួន។​ បែប​នេះ​ក្ដី​ ក្លិប​បាន​ឈ្នះ​​ជើងឯក​ពាន​សម្ដេច​ ក្រោយ​ខកខាន​អស់​ពេល​ ៦​ឆ្នាំ។​​

ក្នុង​ឆ្នាំ​នេះ​ដែរ​ លោក​ ខូវ​ ឆាយ​ បាន​ដឹក​នាំ​ក្រុម​ចូលរួម​ប្រកួត​មិត្តភាព​បើក​រដូវកាល​ ជាមួយ​ក្លិប​យក្ស​ថៃ​ Buriram United ទៀត​ផង។​

២០១៧​

ឆ្នាំ​នេះ​ ក្លិប​ចាប់​ផ្ដើម​ជួសជុល​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​លើក​ដំបូង​​ ដោយ​បាន​រៀបចំ​ក្រាល​ស្មៅ​លើ​ទីលាន​ បំពាក់ភ្លើង​បំភ្លឺ​ សម្រាប់​លេង​ពេល​យប់​ រួម​ទាំង​ក្ដារ​ពិន្ទុ​អេឡិកត្រូនិក​ផង​ដែរ។​

ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ បឹង​កេត​ នៅ​តែ​ជា​ក្រុម​ធ្វើ​ឲ្យ​ ក្រសួង​ការពារជាតិ​ បាន​ត្រឹម​ជើងឯក​រង​លីគ​ ដែល​ជា​ការ​យក​ឈ្នះ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ ១០-៩​ ក្រោយ​ស្មើ​គ្នា​ ១-១ ។​ សម្រាប់​ពាន​រង្វាន់​សម្ដេច​ ក្រុម​មួយ​នេះ​ធ្លាក់​ត្រឹម​វគ្គ​ ១៦​ក្រុម។​​

ងាក​ទៅ​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​វិញ​ ទ័ព​ បាន​ដឹក​ដៃ​សូលទីឡូ​ទៅ​ប្រជែង​ពាន​រង្វាន់​ One Road One Belt នៅ​ខេត្ត​ Yunnan ​ប្រទេស​ចិន​ តែ​ពុំ​ទទួល​បាន​ចំណាត់ថ្នាក់​ឡើយ​ ប៉ុន្តែ​បាន​គ្រង​ជើងឯក​រង​ ក្នុង​ពាន​រង្វាន់​មិត្តភាព​មួយ​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

២០១៨
កាល​ពី​ឆ្នាំទៅ​ ទ័ព​ គ្រង​ចំណាត់ថ្នាក់​លេខ ​៤​ នៅ​លីគ​​កំពូល​ ហើយ​បាន​ឈ្នះ​​ជើងឯក​ពាន​រង្វាន់​សម្ដេច​​តេជោ​ជា​លើក​ទី​ ៣​ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ និង​ ជា​លើក​ទី ​២​ គិត​ពី​ពេល​ដែល​លោក​ ខូវ​ ឆាយ​ ចូលរួម​ ខណៈ​ការ​ឈ្នះ​លើក​ដំបូង​កើតឡើង​ក្នុង​ឆ្នាំ​ ២០១០។​ ឆ្នាំ​នេះ​ដែរ​ ការពារជាតិ​ យក​បាន​មេដាយ​មាស​​ពី​ការ​ប្រកួត​បាល់ទាត់​​ជើងឯក​អាស៊ាន​-ចិន​ នៅ​ខេត្ត​ក្វាងស៊ី​​ទៀត​ផង។​

ទាំង​នេះ​ជា​សមិទ្ធិផល​ ៤​ឆ្នាំ​ចុងក្រោយ​របស់​ក្លិប​ក្រសួង​ការពារ​ជាតិ​ ដែល​មាន​ការ​រួម​ចំណែក​យ៉ាង​ធំ​ពី​ លោក​ ខូវ ឆាយ​ ហើយ​បើ​តាម​ប្រភព​ជិតដិត​​បង្ហើប​ថា​ លោក​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​មិន​តិច​ជាង​​​ ៤០​ ម៉ឺន​ដុល្លារ​នោះ​ឡើយ៕​

 

មតិយោបល់