លោក ភា សុភក្ត្រា ប្រកាស​ស្វាគមន៍​គ្រប់​ក្លឹប ដែល​ចង់​តែង​តាំង​​លោក​ជា​គ្រូ​បង្វឹក​

លោក ភា សុភក្ត្រា គ្រូបង្វឹកក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដែលជាក្លឹបជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ បានប្រាប់ Fox Sports ជាខេមរភាសា ក្នុងសប្តាហ៍នេះថា លោកបានសម្រេចចិត្តដើរចេញពីក្លឹបក្រសួងការពារជាផ្លូវការហើយ។ ហើយនៅពេលនេះ ប្រសិនបើមានក្លឹបណាមួយ ត្រូវការលោកជាគ្រូបង្វឹក លោកពេញចិត្តនឹងចូលរួមជាមួយ។

ចំពោះមូលហេតុនៃការចាកចេញវិញ គ្រូបង្វឹកដែលត្រូវដឹកនាំក្រុម Cambodia All Stars ប្រកួតជាមួយក្រុម Muangthong United របស់ថៃ នៅថ្ងៃសៅរ៍ទី ៩ខែកុម្ភៈ ឆ្នាំ ២០១៩ស្អែកនេះ បានលើកឡើងថា៖«និយាយរួម ការដែលចាកចេញនេះ មិនមែនជាគម្រោងផែនការសម្រាប់ខ្ញុំទៅរកក្លឹបថ្មីទេ ព្រោះយើងកំពុងធ្វើដោយសប្បាយចិត្តដោយរីករាយជាមួយនឹងក្លឹបក្រសួងការពារជាតិ។ ប៉ុន្តែហេតុផល ទី១ គឺការចាកចេញរបស់ប្រធានក្លឹប របស់លោកខូវ ឆាយ ព្រោះគាត់ជាចំណែកមួយដ៏ធំ នៅក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុ គ្រប់គ្រងហិរញ្ញវត្ថុរបស់ក្លឹប ហើយដល់ពេលគាត់ចេញទៅ គឺក្លឹប គេត្រូវការគ្រូដែលមានក្របខណ្ឌរបស់គេ សម្រាប់ធ្វើការ អញ្ចឹងយើងអត់ក្របខណ្ឌ (ក្របខណ្ឌក្រសួងការពារជាតិ) យើងចរចារអត់ត្រូវគ្នាជាមួយនឹងកម្រិតតម្លៃពលកម្មផង»។

លោកភា សុភក្ត្រា (ឆ្វេង) និងលោក ខូវ ឆាយ​ (ស្តាំ)។

លោក ភា សុភក្ត្រា បន្តថា៖ «ម្យ៉ាងអត់មេ ខូវ ឆាយ ទៅ យើងអត់សូវមានភាពកក់ក្តៅក្នុងការធ្វើការជាមួយគាត់(ធ្វើការជាមួយអ្នកដទៃ) អញ្ចឹងវាពិបាកណាស់! ការសម្រេចអីមួយ ពីមុន មានគាត់ ធ្វើជាមួយ អញ្ចឹងយើងស្រួលស្នើ ស្រួលអី អីញ្ចឹងទៅណា។ ឥឡូវហ្នឹងដោយសារអត់គាត់ ហើយប្រាក់បៀរវត្ស វាគម្លាតគ្នាឆ្ងាយពេក វាអត់ស្របទៅតាមអ្វី ដែលជាតម្លៃនៃការងាររបស់យើង ព្រោះអីខាងទ័ព គេត្រូវការ អ្នកមានក្របខណ្ឌមកធ្វើការ អញ្ចឹងយើងមិនមែននៅក្របខណ្ឌគេ ហើយយើងចរចារប្រាក់ខែគេអត់ត្រូវ យើងពិបាកនៅជាមួយគេណាស់»។


ជាសរុប ការចាកចេញពីក្លឹបក្រសួងការពារជាតិ របស់លោក ភា សុភក្ត្រា គឺដោយសារតែការចាកចេញរបស់មេកើយ លោក ខូវ ឆាយ ដែលលោក ភក្ត្រា ស្រលាញ់គោរពបំផុត និងមួយទៀត មកពីអ្នកគ្រប់គ្រងក្លឹបថ្មី មិនបានផ្តល់បៀរវត្សឲ្យសមាមាត្រទៅនឹងតម្លៃការងាររបស់លោក ភា សុភក្ត្រា

សូមបញ្ជាក់ថា លោក ភា សុភក្ត្រា គឺជាគ្រូបង្វឹកខ្មែរម្នាក់ ដែលមានកម្រិតសិក្សាផ្នែកបង្វឹកត្រឹមត្រូវ ដោយទទួលបាន ការបញ្ជាក់ តាំងពី License “C”, Lincense “B” និង License “A”។ គាត់មានបទពិសោធន៍ជាគ្រូបង្វឹក ជាច្រើនឆ្នាំ ដោយធ្លាប់ធ្វើការជាមួយថ្នាលយុវជន កុមារ និងរហូតដល់ក្រុមជម្រើសជាតិ (Cambodia All Stars)៕

AFC Asian Cup 2019: Cambodia backs Vietnam

មតិយោបល់