អ៊ន​ ចាន់ប៉ូលីន ប្រកាន់ខ្ជាប់​​កត្តា​ចម្បង​​ ៣ ពង្រឹង​ខ្លួន​ក្នុង​វិស័យ​បាល់ទាត់

ត្រឹម​អាយុ​​ ១៦​ឆ្នាំ​ អ៊ន​ ចាន់ប៉ូលីន​ បាន​ឈាន​ជើង​ពី​ក្រុម​យុវជន​ថ្នាល​ ទៅ​កាន់​ក្រុម​ធំ​ភ្នំពេញ​ក្រោន​ ហើយ​៣​ឆ្នាំ​ក្រោយ​មក​ ពោល​ក្នុង​ឆ្នាំ​ ២០១៧​ រូប​គេ​បាន​ឱកាស​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រុម​ធំ​ជា​លើក​ដំបូង​ក្នុង​ជីវិត​បាល់ទាត់។​

ពាក់ព័ន្ធ​ភាព​ប្រកួត​​ប្រជែង​ និង ពុះពារ​លើ​វាល​ស្មៅ​ ដើម្បី​បង្កើន​សមត្ថភាព​ ក៏​ដូចជា​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ល្បីល្បាញ​ដូច​រៀមច្បង​ យុវជន​មាន​ប្រភព​ពី​រាជធានី​ភ្នំពេញរូប​នេះអះអាង​ថា​ ខ្លួន​តែ​ប្រកាន់​ខ្ជាប់​គោលការណ៍​សំខាន់​ចំនួន​ ៣​ ដូច​ខាង​ក្រោម៖​

១/ កត្តា​ខ្លួន​ឯង

ប៉ូលីន​ លើក​ឡើង​បែប​នេះ​៖ «ដូច​ខ្ញុំ​ធ្លាប់​បាន​លើក​ឡើង​កន្លង​មក​ ចំពោះ​ខ្ញុំ​ទេពកោសល្យ​ គឺ​ជា​អំណោយ​ដ៏​ពិសិដ្ឋ​ពី​ធម្មជាតិ​ ប៉ុន្តែ​បើ​យើង​មិន​ប្រឹងប្រែង​ពង្រឹង​ និង​ អភិវឌ្ឍន៍​ឲ្យ​កាន់​តែ​ប្រសើរ​ទេ​ មាន​ន័យ​ថា​យើង​បោះបង់​វា​ចោល​ហើយ។​ ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ថា​ សមត្ថភាព​រាល់​ថ្ងៃ​មិន​ទាន់​គ្រប់គ្រាន់​ ត្រូវ​ពុះពារ​ឆ្លង​កាត់​ឧបសគ្គ​ និង​ ព្យាយាម​ទ្វេដង​ថែម​ទៀត​ ដើម្បី​ក្លាយ​ជា​កីឡាករ​ដ៏​ជោគជ័យ​មួយ​រូប»។​

២/ កត្តា​ខាង​ក្រៅ​

«ដោយសារ​តែ​ពេល​នេះ​ខ្ញុំ​មាន​វ័យ​ទើប​ ២០​ឆ្នាំ​ ខ្ញុំ​ដឹង​ខ្លួន​ច្បាស់​ថា​ វា​នៅ​វែង​ឆ្ងាយ​ណាស់​សម្រាប់​ខ្ញុំ​ ទាំង​ពេល​វេលា​ និង​ បទពិសោធ​លើ​ទីលាន។​ ខ្ញុំ​យល់​ឃើញ​ថា​ ដើម្បី​ឲ្យ​សមត្ថភាព​កាន់​តែរីក​ចម្រើន​ ក្រៅ​តែ​ពី​ការ​ហ្វឹកហាត់​ ខ្ញុំ​ត្រូវ​រៀនសូត្រ​ពីរៀមច្បង​ជំនាន់​មុន​ ក៏​ដូចជា​កីឡាករ​ឆ្នើម​ៗ​ទាំង​ក្នុង​និង​​ក្រៅ​ប្រទេស​ ពិសេស​ការ​ប្រកួត​ប្រជែង​ក្នុង​កម្រិត​អន្តរជាតិ»។​

៣/ វិន័យ​

«និយាយ​ទៅ​ខ្ញុំ​អាច​ខុស​ពី​គេ​បន្តិច​ត្រង់​ចំនុច​នេះ គឺ​ខ្ញុំ​អត់​សូវ​ចូលចិត្ត​ដើរ​លេង​ទេ​ ពិសេស​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ ព្រោះ​វា​ជា​សត្រូវ​ធំ​បំផុត​ សម្រាប់​អ្នក​លេង​កីឡា។​ អញ្ចឹង​ក្រៅ​ពី​តម​ប្រការ​ទាំង​នេះ​ ខ្ញុំ​តែង​ដាក់​កម្រិត​ខ្លួន​ឯង​ ទាំង​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​ ការ​ហ្វឹកហាត់»។​

គួរដឹងដែរថា អ៊ន ចាន់ប៉ូលីន ដែលបច្ចុប្បន្នមានវ័យ ២០ឆ្នាំ ស្ថិតក្នុងចំណោមយុវជនដែលភ្នំពេញក្រោនចម្រាញ់ពីការធ្វើតេស្ដទូទាំងប្រទេសកាលឆ្នាំ ២០១១ ហើយក៏បានឈានជើងចូលក្រុមធំដំបូងអំឡុងឆ្នាំ ២០១៤ និង មានឱកាសជាប់ជម្រើសជាតិក្រុមធំកាលឆ្នាំ ២០១៧កន្លងទៅ៕

មតិយោបល់