ពិត​ទេ​! កែវ​ សុខផេង​ ដើរ​ចេញ​ពី​ Cambodia All Stars ដោយសារ​លេខ​អាវ?

Cambodia All Stars ឬ ក្រុម​រួម​តារា​កម្ពុជា​ បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ថៃ Muang Thong United នា​ថ្ងៃ​ទី​ ០៩ កុម្ភៈ​ខាង​មុខ​ ក្នុងនោះមាន​ការ​កោះ​ហៅ​​កីឡាករ​ចំនួន​ ២៧រូប​រួមមាន​ខ្មែរ​ ២២ និង បរទេស​ ៥​រូប​។​

បែប​ណា​ក្ដី​ គេ​សង្កេត​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​ កែវ​ សុខផេង​ ហាក់​បាត់​មុខ​ពី​ជំរំ​ហ្វឹកហាត់​ច្រើន​ពេល​ហើយ​ ខណៈ​ប្រភព​ល្ហិចល្ហៀង​ពីអ្នក​តាមដានបាល់ទាត់​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា​ កីឡាករ​មាន​ប្រភព​ពី​ខេត្ត​ក្រចេះ​រូប​នេះ​ បាន​ដើរ​ចេញ​ពី​ Cambodia All Stars ដោយសារ​មាន​ការ​អាក់អន់​ចិត្ត​ ដែល​ពុំ​ទទួល​បាន​អាវ​លេខ​ ១០ មក​ពាក់។​

ក្រុម​កីឡាករ​ Cambodia All Stars ហ្វឹកហាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ((រូបភាព៖ FFC)

ប្រភព​លាក់​អត្តសញ្ញាណ​ដដែល​បន្ថែម​ថា​ បញ្ហា​នេះ​កើត​ឡើង​ក្រោយ​អាវ​លេខ​ ១០​ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​រៀមច្បង​ចាស់​វស្សា​ គួច សុកុម្ភៈ​ ទើប​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​វិសាខា​រូប​នេះ​ពុំ​ចូលរួម​ជាមួយ​ក្រុម​បន្ត​ទៀត។​

បញ្ជីឈ្មោះកីឡាករ Cambodia All Stars សម្រាប់ប្រកួត​ជាមួយ​ Muang Thong (រូបភាព៖ FFC)

គួរ​រំឭក​ថា​ អំឡុង​ Keisuke Honda ចូល​មក​កាន់​តំណែង​ដំបូង​ ក្នុង​ជំនួប​មិត្តភាព​ទល់​ម៉ាឡេស៊ី​ កីឡាករ​ទាំង​ ២​ក៏លេច​ឮ​ព័ត៌​មានមិន​ផ្លូវការ​ពី​​វិវាទ​រឿង​លេខ​អាវ​នេះ​ដែរ​ ហើយ​គេ​សង្កេត​ឃើញ​ថា​ កាល​នោះ​អាវ​លេខ​ ១០​ត្រូវ​ប្រគល់​ឲ្យ​ទៅ​ សុះ​ ស៊ូហាណា ចំណែក​ កែវ​ សុខផេង​ ពាក់​អាវ​លេខ​ ៩​ ហើយ​ គួច សុកុម្ភៈ ពាក់​អាវ​លេខ​ ៨។ យ៉ាង​ណា​ក្ដី​ នៅ​ប្រកួត​បន្ទាប់​ជាមួយ​ទីម័រ​ សុខផេង​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​លេខ​ ១០ ត្រូវ​គ្រប់គ្រង​ដោយ​ សុកុម្ភៈ។​

បែប​ណា​ក្ដី​ គេ​ពុំ​ទាន់​ឃើញ​មាន​ការ​បញ្ចេញ​ព័ត៌មាន​ផ្លូវការ​ណា​មួយ​ ពី​ក្រុម​ការងារ​ Cambodia All Stars នោះ​ឡើយ​ ហើយ FOX Sports ជា​ខេមរភាសា​នឹង​ព្យាយាម​ស្វែងរក​ដំណឹង​បន្ថែម​ទៀត ដើម្បី​ស្រាយ​ចម្ងល់​ជុំវិញ​បញ្ហា​នេះ៕​​

 

Dortmund ជ្រុះចេញពី​ការប្រកួត​ពានរង្វាន់បាល់ទាត់អាល្លឺម៉ង់ហើយ

មតិយោបល់