ព័ត៌មានបែកធ្លាយ៖ « លីគកំពូលបង្កើនដល់ ១៤ក្រុម ដោយបន្ថែម…»

លីគកំពូលកម្ពុជា ឬ Metfone Cambodian League 2019 នឹងត្រូវបើកជាផ្លូវការនាពាក់កណ្ដាលខែមីនាខាងមុខនេះ ហើយអ្វីដែលពិសេសនោះគឹ ព័ត៌មានលេចឮជាហូរហែរថា សហព័ន្ធបានសម្រេចតម្លើងក្រុមចូលប្រជែង MCL ដល់ ១៤ក្រុម ដែលជាចំនួនក្រុមដ៏ច្រើនបំផុត សម្រាប់លីគកំពូលកម្ពុជា។

បើតាមការបង្ហើបពីប្រភពមិនបញ្ចេញឈ្មោះ ក៏ដូចជាការបែកធ្លាយតារាងកាលវិភាគប្រកួតឲ្យដឹងថា ក្រុមទាំង ៣ត្រូវចូលប្រជែងក្នុងព្រឹត្តិការណ៍លីគកំពូល ២០១៩ នាដើមខែមីនាខាងមុខនេះរួមមាន ក្លិបបាល់ទាត់ខេត្តកំពង់ចាម ក្លិបបាល់ទាត់គីរីវង់ និង ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំសាលាបាល់ទាត់ជាតិបាទី។

ក្លិបបាល់ទាត់គីរីវង់ មានប្រភពពីខេត្តតាកែវ

បែបណាក្ដី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលជាអាណាព្យាបាលនៃវិស័យបាល់ទាត់កម្ពុជា ពុំទាន់បញ្ចេញសេចក្ដីជូនដំណឹង ឬ ការបកស្រាយណាមួយឡើយ។ យើងក៏គួររំឭកដែរថា កាលពីឆ្នាំ ២០១៤កន្លងទៅ លីគកំពូលកម្ពុជាមានការបង្កើនក្រុមចូលរួមពី ១០ ដល់ ១២ក្រុម ហើយរូបមន្តនេះឋិតឋេរដល់ផុតរដូវកាល ២០១៥ ទើបត្រូវបានបន្ថយទៅ ១០ក្រុមវិញ នៅរដូវកាល ២០១៦ ខណៈរដូវកាលបន្ទាប់ បានតំឡើងដល់ ១២ក្រុមជាថ្មី រហូតដល់បច្ចុប្បន្ន។​

អតីត​ក្រុម​បាល់ទាត់​សាលា​បាល់ទាត់​ជាតិ​បាទី​ អាយុ​ក្រោម​ ១៨​ឆ្នាំ​

ព័ត៌មាន​ថ្មី​ចុងក្រោយ​ ស្ដី​ពី​ការ​បង្កើន​ក្រុម​ចូលរួម​ក្នុង​លីគ​កំពូល​កម្ពុជា​​ វិវត្តន៍​យ៉ាង​ណា​នោះ​ ក្រុម​ការងារ​ FOX Sports ជា​ខេមរភាសា​ នឹង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ ហើយ​ជម្រាប​ជូន​លោក​អ្នក​ឲ្យ​បាន​តាម​តម្រូវ​ការ៕​

មតិយោបល់