ខ្លាំងមែន! វិសាខា យកឈ្នះអតីតក្រុម ចាន់ វឌ្ឍនាកា Pahang FA ៣-១ ក្នុងជំនួបមិត្តភាព

ជំនួបមិត្តភាពអន្ដរជាតិ រវាងក្លិបកីឡាបាល់ទាត់វិសាខា និងក្លិប PAHANG FA របស់ម៉ាឡេស៊ី បានបញ្ចប់ហើយ ដោយក្លិបកីឡាបាល់ទាត់វិសាខា បានទទួលជ័យជម្នះ ក្នុងលទ្ធផល ៣-១ មុននេះបន្ដិច នៅទីលាន Buriram Training Centre នាទីក្រុងបាងកក ប្រទេសថៃ ។

ការប្រកួតកម្ដៅសាច់ដុំនេះ បានធ្វើការប្រកួតរយៈពេល ៣០នាទីចំនួន ៣ដង ។ តង់ទី១ ក្រុមទាំងពីរ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងនោះ ១គ្រាប់របស់វិសាខា ធ្វើសម្រេចដោយកីឡាករ កែវ សុខផេង តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ គ្រាដែលតង់ទី២ មិនមានការស៊ុតបញ្ចូលទីគ្នាទេ ។ លុះចូលតង់ទី២ កីឡាករវ័យក្មេង ឡុង ម៉េងហាវ បានរកគ្រាប់បាល់ទី២ នៅដើមតង់ មុនកីឡាករ ស៊ិន សុផាណាត់ រកបានគ្រាប់ទី៣ ជួយឲ្យវិសាខា យកឈ្នះ PAHANG FA ៣-១ តែម្ដង ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតមិត្តភាពដំបូង ក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់របស់ក្លិបកីឡាបាល់ទាត់វិសាខា នៅប្រទេសថៃ ចាប់ពីថ្ងៃទី០៧-១៨ ខែមករា ឆ្នាំ២០១៩ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ។ ប៉ុន្ដែតាមគម្រោង វិសាខា នឹងមានការប្រកួតមិត្តភាព ២ ទៅ ៣ប្រកួតទៀត មុនធ្វើដំណើរមាតុភូមិនិវត្ដន៍ ហើយក្រុមការងាររបស់យើង នឹងធ្វើការជម្រាបជូនតាមក្រោយ ៕

មតិយោបល់