ស៊ីរី បណ្តេញគ្រូបង្វឹកចេញពីតំណែង ក្រោយធ្វើមិនបានល្អនៅ Asian Cup

សហព័ន្ធបាល់ទាត់ស៊ីរី បានប្រកាសបណ្តេញលោក Bernd Stange ចេញពីតំណែង បន្ទាប់ពីចាញ់ក្រុមហ្សកដានី ២-០ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019 កាលពីថ្ងៃព្រហស្បតិ៍ នៅអារ៉ាប់រួម។

ក្នុងសេចក្តីថ្លែងការណ៍ស៊ីរីបញ្ជាក់ថាតំណែងរបស់ លោក Stange ត្រូវបានជំនួសដោយអតីតគ្រូបង្វឹក លោក Ayman Hakeem សម្រាប់ការប្រកួតនៅសល់។

ស៊ីរី នឹងត្រូវជួបជាមួយ អូស្ត្រាលី នៅថ្ងៃទី១៥ ខែមករា សម្រាប់ការប្រកួតចុងក្រោយនៅក្នុងពូល B ហើយត្រូវការឈ្នះដាច់ខាតជាមួយនឹងម្ចាស់ការពារតំណែងជើងឯក ដើម្បីមានសង្ឃឹមក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

លោក Stange ដឹកនាំក្រុមឈានមកដល់វគ្គនេះជាមួយក្តីសង្ឃឹមខ្ពស់បន្ទាប់ពីដំណើរប្រកួតរបស់ខ្លួន ឈានដល់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018 ជុំចុងក្រោយកាលពីរដូវក្តៅមុន ប៉ុន្តែបានចាប់ផ្តើមការប្រកួតថ្ងៃបើកឆាកក្នុងពាន AFC Asian Cup ជាមួយ ប៉ាឡេស្ទីន បានត្រឹមស្មើ មុននឹងបន្តលទ្ធផលខកចិត្តមួយនឹង ហ្ស៊កដានី។ លទ្ធផលទាំងនោះបានធ្វើឱ្យក្រុមស៊ីរី ស្ថិតនៅបាតតារាងនៃពូល A ដោយមាន១ពិន្ទុ ហើយនៅសល់មួយប្រកួតទៀត លោក Hakeem នឹងត្រូវរ៉ាបរង។

គួរដឹងដែរថា លោក Stange គឺជាគ្រូបង្វឹកទី២ ដែលត្រូវបណ្ដេញចេញក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 នេះ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៥ ខែមករា បន្ទាប់ពីការបណ្តេញ លោក Milovan Rajevac គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ ក្រោយដឹកនាំក្រុមចាញ់ ៤-១ ក្រោមថ្វីជើងជម្រើសជាតិឥណ្ឌា កាលពីថ្ងៃទី០៦ ខែមករា៕

មតិយោបល់