Charyl Chappuis សរសើរ Kawin Thamsatchanan មុន​កីឡាករ​រូបនេះ​ប្ដូរទៅ​លីគ​ជប៉ុន

Kawin Thamsatchanan

កីឡាករ​ខ្សែ​បម្រើ​ជម្រើសជាតិ​ថៃ​ Charly Chappuis បាន​លើក​សរសើរ​ពី​កីឡាករ​រួម​សញ្ជាតិ​គឺ​អ្នកចាំទី​ Kawin Thamsatchanan មុន​ពេល​ដែល​អ្នកចាំទីរូបនេះ​ប្ដូរ​ទៅ​លេង​នៅ​ក្លឹប​ Hokkaido Consadole Sapporo ក្នុង​លីគ​កំពូល​ជប៉ុន។

អ្នកចាំទី​ Kawin ដែល​មានអាយុ ៣០ឆ្នាំ បាន​រួម​រស់ជាមួយ​ក្លឹប​ OH Leuven នៅ​លីគ​លំដាប់ទី២ របស់​ប៊ែល​ហ្ស៊ិក​ តាំង​ពី​ឆ្នាំ​២០១៨។ អ្នកចាំទីរូបនេះ​នឹង​ប្ដូរ​ទៅ​លេង​នៅ​ប្រទេសជប៉ុន​ក្នុង​កុងត្រា​ខ្ចី​ជើង​ ២ឆ្នាំ​​​ ហើយ​ Chappuis និយាយថា​ គេ​រីករាយ​ណាស់​ដែល​បានឃើញ​អតីត​មិត្ត​រួម​ក្រុម​របស់​គេ​ផ្ទេរក្លឹប។

Chappis បាន​និយាយ​ពី​រដូវ​កាលចុងក្រោយ​​​របស់ Kawin នៅប៊ែលហ្ស៊ិក​ ដែល​ត្រូវ​បានញាំញី​ដោយ​បញ្ហា​របួស​ដូច្នេះ​ថា៖ ​”Kawin ប្រហែល​ជាបាន​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក។ សម្រាប់គេ គេ​រីករាយ​លុះ​ត្រាតែគេ​បាន​ចូល​លេង។ នៅ​ក្លឹប និង​ក្នុង​ក្រុម​ជម្រើសជាតិ​ គេ​តែងតែបានចូលលេង​ជានិច្ច ដោយ​គ្មាន​បញ្ហា​អ្វី​ទាំង​អស់”។

Charyl Chappuis សរសើរ​អ្នកចាំទី Kawin ក្រោយ​ពេលគេ​ប្ដូរទៅ​លីគ​កំពូល​ជប៉ុន

Kawin ជាអ្នកចាំទីជម្រើសទី១ នៅ​ក្លឹប Leuven ក្នុង​រដូវកាល​ដំបូង​របស់គេ​នៅទ្វីបអឺរ៉ុប​ ពេល​ដែល​គេ​ជួប​បញ្ហា របួស​ប្រអប់ជើង​កាលពីខែតុលា ឆ្នាំ២០១៨ ដែល​មិនត្រឹម​តែប៉ះពាល់​ដល់ឱកាស​ចូលលេង​នៅ​កម្រិត​ក្លឹប​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្នុង​ក្រុម​ជម្រើសជាតិ​​ (ដូចជា​ការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2019) ក៏គេ​មិន​សូវ​បាន​ចូលលេង​ដែរ។

Chappuis ដែល​មាន​វ័យ ២៨ឆ្នាំ​បាន​និយាយ​ប្រាប់​សារព័ត៌មាន FOX Sports Asia ថា៖ “ឆ្នាំ​មុន​អាចជាពេល​វេលា​ដ៏​លំបាក់សម្រាប់គេ។ ប៉ុន្តែខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ធ្លាប់ឃើញ​កីឡាករ​រូបណា​ដែលយក​ចិត្ត​ទុក​ដាក់​​ដូចជាគេ​នោះទេ។ គេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​កីឡា​បាល់ទាត់ ហើយ​គេ​ជាកីឡាករ​ដែល​ប្រឹងប្រែង​ជាងគេ​បំផុត​”។

“ខ្ញុំ​ពិតជារីករាយជំនួសគេ​ខ្លាំងណាស់។ ចំពោះខ្ញុំ​ ខ្ញុំ​យល់ថា​រាងចម្លែក​បន្តិច​ដែលគេ​សម្រេច​ចិត្ត​​ប្ដូរ​ទៅ​ក្លឹប​ក្នុង​លីគ​​​លំដាប់ទី២ នៅ​ប៊ែលហ្ស៊ិក។ ប៉ុន្តែនោះគឺជាក្ដីសុបិន​របស់គេ​ចង់លេង​ឱ្យ​ក្លឹប​នៅ​បរទេស។ បើអ្នក​មាន​ក្ដី​សុបិន អ្នកនឹងព្យាយាមសម្រេច​វាឱ្យបាន។ ឥឡូវនេះ ខ្ញុំ​រីករាយ​ដែល​គេ​ប្ដូរទៅ​លេង​នៅ​លីគ​កំពូល​ជប៉ុន​ ហើយ​សង្ឃឹមថា​គេ​នឹង​ទទួល​បានឱកាស​បង្ហាញ​សមត្ថភាព”។

Chappuis បាន​ចាកចេញ​ពី​ក្លឹប Muangthong United ក្រោយ​លេង​បាន ២រដូវកាល​ជាមួយ​ក្លឹប​នេះ។ គេ​ក៏បាន​និយាយ​ផងដែរ​ថា​ គេ​ចង់ឱ្យ​មាន​កីឡាក​រកាន់តែច្រើន​ប្ដូរទៅ​លេង​នៅ​លីគ​កំពូលៗ​ដូចជាលីគ​ជប៉ុន​ជាដើម។

Charyl Chappuis ជឿថាវត្តមាន​កីឡាករថៃក្នុងលីគ​កំពូល​ជប៉ុន​ល្អសម្រាប់កីឡាបាល់ទាត់ថៃ

កីឡាករ​ដែលមានដើមកំណើត​ស្វ៊ីស​រូបនេះ​បាននិយាយថា៖ “ជាពិសេស​សម្រាប់អ្នកគាំទ្រ​ដែល​មិនសូវ​បាន​តាម​ដាន​បាល់ទាត់ ពេល​បាន​ឃើញ​កីឡាករ​ថៃ​នៅ​ជប៉ុន ពួកគេ​ពិតជាមានអារម្មណ៍​ថា​គួរ​ឱ្យ​ស្ញប់​ស្ញែង​ណាស់​។ ខ្ញុំ​គិត​ថា​ស្ថានភាព​នេះ​នឹងល្អ​ប្រសើរ​សម្រាប់កីឡា​បាល់ទាត់ថៃដោយ​សារ​មានអ្នកគាំទ្រ ដូចជា​ក្នុង​រដូវកាល​២០១៤-២០១៥ ជាដើម”។

“ហើយ​ប្រជាជន​ថៃ​នឹង​មាន​មោទនភាព​ពេល​មាន​កីឡាករ​ថៃ​លេង​ក្នុង​លីគ​កំពូលជប៉ុន ព្រោះជាការរីកចម្រើន​ថែម​មួយ​កម្រិត​ទៀត។ នេះជាជំហាន​មួយ​ដ៏ធំ​ជាង​លីគ​នៅថៃទៅទៀត”។

ក្នុងរដូវកាលឆ្នាំ២០២០ នឹង​មាន​កីឡាករជម្រើសជាតិ​​ថៃ ៤រូប​លេង​នៅ​លីគ​កំពូលជប៉ុនដែលរួម​មានអ្នកចាំទី Kawin នឹង​កីឡាករ​ខ្សែប្រយុទ្ធជើងចាស់ Teerasil Dangda ចូលរួម​ជាមួយ Chanathip Songkrasin នៅ​​ក្លឹប Consadole Sapporo និងមាន Theerathon Bunmathan លេង​នៅ​ក្លឹប Yokohama F.Marinos។

យ៉ាងណាមិញ កីឡាករ​ម្ចាស់ជើងឯក AFF Suzuki Cup ២រដូវកាល​ជឿថា​កីឡាករ​ទាំងនេះ ត្រូវការ​ពេល​វេលា​ចូលលេង​គ្រប់គ្រាន់ ទើប​អាច​រីកចម្រើន​ក្នុង​លីគ​កំពូល​ជប៉ុន។

“ជារឿង​សំខាន់​ណាស់​ដែលពួកគេ​ត្រូវការ​ឱកាស​ចូលលេង។ ខ្ញុំ​គិត​ថា​បើទៅលេង​នៅ​លីគ​កំពូល​ជប៉ុន​ហើយ​មិន​បានចូលលេង​គឺ​គ្មានន័យទេ។ ប៉ុន្តែខ្ញុំ​រីករាយជំនួស​ពួកគេ។ Chanathip និង Theerathon ធ្វើបានល្អ ញ៉ាំង​ឱ្យ​បាល់ទាត់ថៃមាន​ប្រជាប្រិ​យភាព​ជាងមុន​បន្តិច​នៅជប៉ុន។ ឥឡូវនេះ Kawin និង Mui (Teerasil) ក្នុង​វ័យ​នេះ អាច​នឹង​ទទួល​បាន​ឱកាស។ នេះ​ជារឿង​ដែលគួរ​ឱ្យ​រីករាយ”៕

មតិយោបល់