មើលកម្លាំង ណាហ្គាវើលដ៍ និង Yangon United មុនជួបគ្នាយប់នេះនៅអូឡាំពិក

ជើងឯកលីគកំពូលកម្ពុជាណាហ្គាវើលដ៍ នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលភ្ញៀវមកពីមីយ៉ាន់ម៉ា Yangon United នាម៉ោង ១៨:០០ ថ្ងៃអង្គារ៍ ទី ១២ មីនានេះ ដែលជាប្រកួតទី ២ ក្នុងវគ្គជម្រុះពូល ពានរង្វាន់ AFC Cup 2019 ។

សម្រាប់ពេលនេះ FOX Sports ខេមរភាសា ចង់លើកយកពីប្រវត្តិនៃការលេងក្នុងពានរង្វាន់ AFC Cup ក៏ដូចជាស្ថានភាពទូទៅក្នុងក្រុមនាពេលបច្ចុប្បន្ន រួមនឹងការលើកឡើងរបស់គ្រូបង្វឹក មកជូនប្រិយមិត្តតាមដានដូចខាងក្រោម៖

ណាហ្គាវើលដ៍

ក្រុមរបស់សណ្ឋាគារកម្រិតទ្វីបមួយនេះ ទើបរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ១០-០ ទល់នឹងជើងឯកលីគកំពូលវៀតណាម Ha Noi FC កាលចុងខែកុម្ភៈកន្លងទៅ។ បរាជ័យក្នុងលទ្ធផលពុំនឹកស្មាននេះ អាចជះឥទ្ធិពលដល់ផ្លូវចិត្តកីឡាករ ក៏ដូចជាក្រុមទាំងមូលមិនតិចទេ តែក៏អាចចាត់ទុកថាជាមេរៀនដ៏សំខាន់មួយដែរ ដល់ក្រុមជើងឯកលីគកំពូលកម្ពុជា ៣ សម័យ ឲ្យកាន់តែប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់ប្រកួតនៅសល់ក្នុងពូល។

តាមរយៈការលើកឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក មាស ចាន់ណា បង្ហើបថា ជំនួបទល់ក្រុមមកពីមីយ៉ាន់ម៉ាមួយនេះ ពុំសូវជាលំបាកប៉ុន្មានទេ ដ្បិតលោកយល់ឃើញថាមានតែខ្សែប្រយុទ្ធទាំង ២ របស់គូប្រជែងប៉ុណ្ណោះ ដែលបង្កភាពគំរាមកំហែងខ្លាំង។ លោកបន្តថា ចង់ឃើញកូនក្រុមធ្វើឲ្យដូចអ្វីដែលលោកចង់បាន ហើយថាក្រុមមានប្រៀបជាងគូប្រជែងត្រង់កត្តាស៊ាំនិងទីលាន។

Yangon United

ក្រុមមានវ័យ ១០ ឆ្នាំមួយនេះ ធ្លាប់ជាន់ទឹកដីអូឡាំពិកម្ដង ក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship កាលឆ្នាំ ២០១៥ ដែលកាលនោះត្រូវបឹងកេតបំបាក់ដោយលទ្ធផល ៣-០។ យ៉ាងណាក្ដី ជើងឯកលីគកំពូលមីយ៉ាន់ម៉ា ៥ សម័យខាងលើ មានប្រវត្តិលេងក្នុងព្រឹត្តិការណ៍ AFC Cup ជាច្រើនលើក បូករួមទាំងវគ្គជម្រុះបឋម AFC Champions League ផងដែរ។

គិតចាប់ពីឆ្នាំ ២០១២ មក Yangon ខកខានប្រជែងក្នុងពាន AFC Cup តែម្ដងគត់នៅឆ្នាំ ២០១៧។ គេធ្លាប់ឆ្លងផុតពូលនៅឆ្នាំ ២០១៣ និង ២០១៤ ហើយធ្លាប់ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់ផងដែរនៅឆ្នាំ ២០១៨។ លើសពីនេះ Yangon ធ្លាប់ប្រជែងយកកៅអីវគ្គចែកពូល AFC Champions League ចំនួន ២ លើកនៅឆ្នាំ ២០១៦ និង ២០១៩ នេះ តែពុំបានសម្រេច ទើបត្រូវធ្លាក់មកលេង AFC Cup វិញ។

សរុបជារួម ក្រុមភ្ញៀវហាក់មានបទពិសោធលេងក្នុងពានលំដាប់ទី ២ របស់ AFC ច្រើនជាងម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ហើយកម្លាំងសំខាន់ជាកីឡាករបរទេសទាំង ៤ របស់ Yangon ក៏ពុំជាធម្មតាដែរ។ យ៉ាងណាក្ដី ទំនុកចិត្តរបស់ណាហ្គាវើលដ៍ បូករួមនិងកម្លាំងចិត្តពីអ្នកគាំទ្រកម្ពុជា នឹងធ្វើឲ្យការប្រកួតនេះកាន់តែស្វិតស្វាញ ខណៈ ៣ ពិន្ទុនាយប់នេះ ជាទុនដ៏សំខាន់សម្រាប់ក្រុមការពារជើងឯកលីគកម្ពុជា ក្នុងការបន្តក្ដីសង្ឃឹមឈានទៅវគ្គចែកពូល៕

សម្រាប់បងប្អូនដែល​មិន​មាន​ឱកាស​មើល​ការផ្សាយបន្ត​ផ្ទាល់តាមកញ្ចក់​​ទូរទស្សន៍ ឬ តាម​ Livestream អាច​តាម​ដាន​តាមដាន Liveblog របស់​យើង​នៅលើ FOX Sports ជាខេមរភាសា​នៅទីនេះ

មតិយោបល់