ប្រធានក្លឹប Bayern Munich បង្ហើប​ថា Thomas Muller អាចទៅ Man Utd ឬ Liverpool បាន

Bayern Munich forward Thomas Muller

ដោយ​សារ​តែ​លំហូរចូលនូវ​កីឡាករ​វ័យក្មេងល្បីៗមក​ច្រើន ក្លឹប Bayern Munich ហាក់ដូចជាពុំសូវបានបន្ត​ផ្តល់​តម្លៃដល់​ Thomas Muller កីឡាករចាស់​វស្សា​របស់ខ្លួនទៀតនោះទេ។ កត្តា​នេះជារឿងមួយ ប៉ុន្តែរឿងមួយទៀត គឺដោយសារតែនៅដើមរដូវកាលនេះ Muller ហាក់ដូចជា​មានការ​ចាប់ផ្តើម​យ៉ាងតានតឹង​មិនល្អដូចមុន​នោះទេ។

ស្រប​ពេល​ដែលក្លឹប​យក្សអាល្លឺម៉ង់ មាន Philippe Coutinho ដែលខ្ចីជើងពីក្លឹប Barcelona ព្រម​ទាំង​កីឡាករចាស់វស្សា​មួយចំនួន ដូចជា Franck Ribery និង Arjen Robben ដែលបានប្រកាស​ចូលនិវត្តន៍ផង គឺរឹតតែធ្វើឲ្យ​ប្រធានក្លឹប Bayern Munich ចង់ឲ្យ Muller ចាកចេញ ឬ ចូលនិវត្តន៍ដែរ។ នេះបើយោងតាម​សារព័ត៌មានអាល្លឺម៉ង់។

តាមសេចក្តីរាយការណ៍​ពីសារព័ត៌មានអង់គ្លេស The Express គឺក្លឹប Bayern Munich បាន​បើកទ្វារឲ្យ Muller ចាកចេញនៅខែមករាខាងមុខ ទៅកាន់ក្លឹបនៅ Premier League គឺអាចជា Liverpool ឬ Manchester United ដែល​មាន​ដំណឹងថា ចង់​បាន​រូបគេ។

ប្រធានក្លឹប Bayern Munich លោក Karl-Heinz Rummenigge បាន​និយាយថា៖

«ទំនាក់ទំនងរវាង Thomas និង Bayern គឺមិនមានការ​ខូចខាតអ្វីទេ ហើយ​គេ​នឹងនៅតែជាផ្នែកមួយដ៏សំខាន់​សម្រាប់ក្លឹប​របស់យើង។ តែប្រសិនបើ Thomas នៅបន្ត​អង្គុយនៅកៅអីបម្រុង នោះគេ​គឺនៅខុសក្លឹបហើយ។ .. ប៉ុន្តែគាត់ត្រូវតែ​ប្រឈម​នឹង​ស្ថានការដ៏តានតឹងនេះ»៕

មតិយោបល់