គ្រូបង្វឹកបាល់ទាត់​ ១០រូប ដែលមាន​ប្រាក់ខែខ្ពស់បំផុតលើលោក

ពិភពបាល់ទាត់ គឺជាកន្លែងមួយ ដែល​ត្រូវគេដឹងថា មានការ​ចំណាយ​ប្រាក់យ៉ាងច្រើន​សន្ធឹកសន្ធាប់​! ក្នុងនោះ ប្រាក់ជាច្រើន ក៏ត្រូវបាន​ចំណាយ​លើ​ប្រាក់ខែ និង​តម្លៃខ្លួន​កីឡាករ​។ ប៉ុន្តែក៏មិនខុសពីកីឡាករ គ្រូបង្វឹក​ ក៏​ជាមនុស្សដែល​អាចទទួលបាន​ប្រាក់ខែខ្ពស់ដូចគ្នាដែរ។

មានគ្រូបង្វឹក ១០នាក់ ដែល​ទទួលបាន​កម្រៃខ្ពស់ជាងគេ ក្នុង​លោក ដោយសារទេពកោសល្យ​ និង​សមត្ថភាពនៃការដឹកនាំ​របស់ពួកគាត់។ គ្រូបង្វឹកទាំងនោះ រួមមានដូចជា៖

១០. លោក Carlo Ancelotti (Napoli) – ប្រាក់ខែ ៥.៣លានផោន ក្នុងមួយរដូវកាល

គ្រូបង្វឹក​អ៊ីតាលីរូបនេះ មាន​បទពិសោធន៍ដឹកនាំ​ក្រុម​ធំៗនៅអឺរុប និង​ឈ្នះពានរង្វាន់ចំនួន ២០ ដោយ​មានទាំងពានរង្វាន់ធំៗ ដូចជា Champions League ដល់ទៅ ៣ដង។ ពេលនេះ លោក​កំពុងតែដឹកនាំនៅក្លឹប Napoli ក្នុងប្រាក់ខែដ៏ច្រើនបែបនេះ។

៩. Unai Emery (Arsenal) – ប្រាក់ខែ ៦លានផោន ក្នុងមួយរដូវកាល

មុន​ពេល​មក​ដឹកនាំ Arsenal លោក Emery ក៏ធ្លាប់​នាំក្លឹប Sevilla ឈ្នះពានរង្វាន់ Europa League ដល់ទៅ ៣ដង និង​នាំ Paris Saint-Germain ឈ្នះពានផ្សេងៗ ដល់ទៅ ៧ដង។ ទោះបីជាពេលនេះ នៅ Arsenal លោក​ដឹកនាំ​មិនទាន់ទទួលបានលទ្ធផល​ធំដុំអ្វីក៏ដោយ ប៉ុន្តែប្រាក់ខែរបស់គាត់ គឺយោងទៅលើបទពិសោធន៍កន្លងមក។ 

៨. Manuel Pellegrini (West Ham) – ប្រាក់ខែ ៧លានផោន ក្នុងមួយរដូវកាល

លោក Manuel Pellegrini ធ្លាប់ជាគ្រូបង្វឹក​ដឹកនាំ​ក្រុម​ធំៗជាច្រើន នៅ Premier League ដូចជា Manchester City ដែល​ពេលនោះ គាត់ក៏បាន​នាំក្រុម​ឲ្យ​ឈ្នះពាន Premier League ហើយក៏ក្លាយជាគ្រូបង្វឹក ឈីលីដំបូង ដែល​នាំក្រុម​ឈ្នះពានរង្វាន់​នៅអង់គ្លេសនេះ។ ទោះពេលនេះ គាត់កំពុងដឹកនាំនៅក្រុម West Ham ប៉ុន្តែប្រាក់ខែរបស់គាត់ មិន​ទាបទៅតាមក្រុមតូចនោះទេ។ 

៧. Jurgen Klopp (Liverpool) – ប្រាក់ខែ ៧លានផោន ក្នុងមួយរដូវកាល

តាំងពីអាល្លឺម៉ង់ ដល់​អង់គ្លេស គឺលោក Jurgen Klopp ជាគ្រូបង្វឹក​ដែលបាន​សាងស្នាដៃ ដ៏គួរឲ្យកត់សម្គាល់។ ដូច្នេះ តាំងពី​ក្លាយជាគ្រូបង្វឹក Liverpool ក្នុងឆ្នាំ ២០១៥ រហូត​មក​ដល់​ពេលនេះ គឺប្រាក់ខែរបស់​គាត់មាន​តម្លៃ ៧លានផោន​ក្នុងមួយ​រដូវកាល ឥតមានឡើងចុះទេ ទោះបីជា Liverpool ទើបតែក្លាយជាជើងេឯក Champions League នៅរដូវកាលនេះក៏ដោយ។

៦. Ole Gunnar Solskjaer (Manchester United) – ប្រាកខែ ៧.៥លានផោន ក្នុងមួយរដូវកាល

គួរឲ្យ​ភ្ញាក់ផ្អើលបន្តិចហើយ ដែលគ្រូបង្វឹកជើងថ្មីនេះ ស្រាប់តែមានប្រាក់ខែច្រើនជាងគ្រូបង្វឹក ៥នាក់ខាងលើ! ប៉ុន្តែមែនទែនទៅ គឺដោយសារតែ Man Utd ជាក្លឹប​អ្នកមាន​លុយ​ច្រើន ដូច្នេះគេចង់លើកទឹកចិត្តអតីតកីឡាករ Man Utd ម្នាក់នេះ ឲ្យ​ដឹកនាំ​កាន់តែបានល្អបំផុត ព្រោះថាតាំងពីដឹកនាំមក គ្រូបង្វឹកសញ្ជាតិនវេសម្នាក់នេះ ពុំទាន់ដែល​ឈ្នះពាននៅឡើយទេ។

‘I’d be the first to step aside’ for Enrique says Spain coach Moreno of his mourning ex-colleague

៥. Mauricio Pochettino (Tottenham Hotspur) – ប្រាក់ខែ ៨.៥លានផោនក្នុងមួយរដូវកាល

៦ឆ្នាំមក​ហើយ ដែលលោក Pochettino បានដឹកនាំ Tottenham Hotspur ប៉ុន្តែក្នុងអំឡុងពេលនេះ ក្លឹបក៏នៅមិនទាន់​ឈ្នះពានរង្វាន់ណាមួយដូចគ្នា។ យ៉ាងមិញ អ្នក​ជំនាញ​បានចាត់ទុកថា លោក Pochettino ជាគ្រូបង្វឹកដ៏ល្អម្នាក់ ដែលមិនត្រឹមតែមាន​សមត្ថភាពបង្វឹកកីឡាករទាំងវ័យក្មេង ទាំងទិញ​ថ្មីនោះទេ ប៉ុន្តែគាត់ថែមទាំងជួយ​សម្រេចបំណងរបស់ក្លឹប ក្នុងការ​ជួសជុលកីឡដ្ឋានថ្មី តម្លៃជាង ១ពាន់លានផោន​ទៀតផង។ ស្នាដៃទាំងនេះហើយ ដែលធ្វើឲ្យក្លឹប​ធំៗជាច្រើន បានទាក់ទងចង់បានលោក Pochettino ទៅដឹកនាំដែរ ដោយ​ក្នុងនោះ មានតាំងពី Manchester United​ និង Real Madrid ជាដើម។

៤. Zinedine Zidane (Real Madrid) – ប្រាក់ខែ ១០.៥លានផោន ក្នុងមួយរដូវកាល

ក្នុងរយៈពេល ២ឆ្នាំកន្លះ មុន​ពេលលាឈប់ពី Real Madrid គឺគ្រូបង្វឹកសញ្ជាតិបារាំងនេះ ធ្លាប់ដឹកនាំ ក្រុម​ឲ្យ​ឈ្នះពានរង្វាន់​នានាដល់ទៅ ៩ដង ក្នុងនោះមានទាំង Champions League ៣ដងទៀត។ ដូច្នេះ មិនមានអ្វីគួរឲ្យសង្ស័យ​ពីតម្លៃប្រាក់ខែដែលគាត់គួរតែទទួលបានយ៉ាងច្រើនបែបនេះឡើយ។

៣. Pep Guardiola (Manchester City) – ប្រាក់ខែ ១៥.២លានផោន ក្នុងមួយរដូវកាល

អាចនិយាយបានថា ក្នុងរយៈពេល ១២ឆ្នាំ នៃអាជីពជាគ្រូបង្វឹក គឺលោក Guardiola ជាមនុស្សដ៏ជោគជ័យ​ម្នាក់។ គាត់​ធ្លាប់ឈ្នះពានដល់ទៅ ២៨ ជាមួយ Barcelona, Bayern Munich និង Manchester City ហើយ​ក្លឹបទាំងនេះ ក៏ធ្លាប់​បំបែក​កំណត់ត្រា​នានា ក្នុងរជ្ជកាលដឹកនាំរបស់លោក Guardiola។

២. Ernesto Valverde (Barcelona) – ប្រាក់ខែ ២០.២លានផោន ក្នុងមួយរដូវកាល

មានអ្នក​គាំទ្រ​ខ្លះ មិនពេញចិត្តនឹងការរៀបចំទម្រង់លេងរបស់គាត់នោះទេ នៅ Barcelona។ ប៉ុន្តែ​គេក៏មិនអាចធ្វើអ្វីគាត់បាន ព្រោះថាគាត់ជាគ្រូបង្វឹកដែល​អាចជួយឲ្យ Barcelona លើកពានរាល់ឆ្នាំ។ មុន​ពេលមក​ដឹកនាំ Barca គាត់ក៏ធ្លាប់​ដឹកនាំ​ក្រុម​ផ្សេងៗ ឲ្យ​មានកេរ្តិ៍ឈ្មោះ ដូចជា Athletic Bilbao, Villarreal, Olympiakos និង Espanyol ផងដែរ។

១. Diego Simeone (Atletico Madrid) – ប្រាក់ខែ ៣៥.៩លានផោន ក្នុងមួយរដូវកាល

ប្រាក់ខែរបស់លោក​ Diego Simeone នេះ គឺខ្ពស់ដាច់គេតែម្តង ក្នុងចំណោម​គ្រូបង្វឹកទាំងអស់! តាំងពីដឹកនាំ Atletico កាលពីឆ្នាំ ២០១១មក គ្រូបង្វឹកអាស្សង់ទីន ម្នាក់នេះ បាន​នាំក្លឹប​ឲ្យ​ឈ្នះពានរង្វាន់ចំនួន ៧ ដោយ​ក្នុងនោះ មានទាំង La Liga កាលពីរដូវកាល ២០១៣/២០១៤ផងដែរ។ គ្រូបង្វឹកវ័យ ៤៩ឆ្នាំនេះ គ៏ត្រូវគេសង្ឃឹមថា នឹងអាចនាំក្រុម​ឲ្យឈ្នះពាន La Liga ជាថ្មី នៅរដូវកាលនេះដែរ៕

មតិយោបល់