កីឡាករ ៥នាក់ ដែលធ្លាក់​ទម្រង់លេង ក្រោយ​សម្រេចចាកចេញពីលោក Jurgen Klopp

 មិនថា​នៅ Liverpool ឬ Borrusia Dortmund លោក Jurgen Klopp ត្រូវបង្ខំចិត្តលក់ចេញនូវកីឡាករល្អបំផុតមួយចំនួន ដើម្បីជាប្រយោជន៍ដល់​ក្លឹប ឬ ក៏ដើម្បីបំពេញ​ចិត្តកីឡាករទាំងនោះ។ ប៉ុន្តែមានការ​កត់សម្គាល់ថា មានកីឡាករ ៥នាក់ ដែល​ត្រូវបាន​លក់​ចេញ ក្រោម​ការដឹកនាំរបស់លោក Jurgen Klopp បាន​ធ្លាក់ទម្រង់លេង គួរឲ្យ​កត់សម្គាល់។

កីឡាករទាំងនោះ រួមមានដូចជា៖

៥. Emre Can

Liverpool បាន​ចុះកុងត្រា​ទិញ Emre Can កាលពីឆ្នាំ ២០១៤ ក្រោម​ជំនាន់​ដឹកនាំដោយ​លោក  Brendan Rodgers នៅ​រដូវកាល​ដំបូង។ ពេលនោះ លោក Rodger បាន​ឲ្យ​ Can លេង​ការពារ ប៉ុន្តែក្រោយ​មកពេលលោក Jurgen Klopp ទៅដឹកនាំ គ្រូបង្វឹកអាល្លឺម៉ង់រូបនេះ ក៏ឲ្យ​កីឡាករអាល្លឺម៉ង់រូបនេះ មក​លេងនៅតំបន់​បម្រើ​វិញ។ គេក៏បាន​លេងនៅតំបន់​កូនសោ ក្នុង​ក្រុម ដែលធ្វើឲ្យ Liverpool បាន​ឈាន​ឡើងដល់​វគ្គផ្តាច់ព្រ័ត្រ Europa League។ ប៉ុន្តែក្រោយ​មក ដោយ​មានការ​ចាប់អារម្មណ៍ពី Juventus កីឡាកររូបនេះ ក៏បដិសេធមិន​បន្ត​កុងត្រា​ជាមួយ Liverpool ក្នុង​អំឡុងរដូវកាល ២០១៦/២០១៧។ គេក៏បាន​ផ្លាស់ទៅ Juventus ដូចក្តីប្រាថ្នា ប៉ុន្តែការចាប់ផ្តើម​រដូវកាលដំបូងនៅអ៊ីតាលី គឺគេ​អាចបង្ហាញខ្លួនបានត្រឹម ២២ប្រកួត ព្រោះ​ Juventus ក៏មានខ្សែបម្រើច្រើនស្រាប់ទៅហើយ។ រហូត​មក​ដល់ពេលនេះ Can មិន​បាន​ក្លាយជាកីឡាករ​សំខាន់ សម្រាប់ Juventus ដូចពេល​គេនៅ Liverpool នោះទេ។

៤. Nuri Sahin

Nuri Sahin គឺជាផលិតផល​របស់ Borussia Dortmund ហើយ​គេក៏ធ្លាប់​ជាប់ជាកីឡាករឆ្នើម​ប្រចាំ Bundesliga កាលពីរដូវកាល ២០១០/២០១១ផងដែរ។ ប៉ុន្តែក្រោយ​មក ក្លឹប Real Madrid ក៏ចាប់អារម្មណ៍ទិញរូបគេ ហើយគេក៏យល់ព្រម។ យ៉ាងណាមិញ ពេលទៅដល់អេស្ប៉ាញ Sahin មិនអាចធ្វើបានល្អដូចនៅអាល្លឺម៉ង់ទេ ដោយ​សារតែបញ្ហារបួស​របស់គេ បូក​រួម​នឹងទម្រង់លេងធ្លាក់ចុះទៀត ដែលប្រការនេះ បានធ្វើឲ្យ Real Madrid ឲ្យ​គេទៅលេងខ្ចីជើងនៅច្រើន​ក្លឹប មុន​នឹងត្រូវលក់​ត្រលប់​មក​កាន់ Borrusia Dortmund វិញ ក្រោយ​ពេល​លោក Klopp ចាកចេញពីការដឹកនាំនៅ Bundesliga។ ហើយ​ពេលនេះ Sahin វ័យ ៣០ឆ្នាំ កំពុង​លេងនៅ Werder Bremen ។

៣. Shinji Kagawa

Shinji Kagawa ត្រូវបានលោក Klopp ទិញមក​កាលពីឆ្នាំ ២០១០ ក្នុងតម្លៃផ្ទេរត្រឹមតែ ៣៥ម៉ឺនផោនប៉ុណ្ណោះ។ ហើយ​នៅ Dortmund បាន ២រដូវកាល គឺគេលេងបាន ៧១ប្រកួត រកគ្រាប់បាល់បាន ២៩គ្រាប់ និងជួយ assists បាន ១៦គ្រាប់ ត្រូវបាន​ជាប់ឈ្មោះជាកីឡាករល្អម្នាក់ដែរប្រចាំ Bundesliga ទាំង ២រដូវកាល។ ប៉ុន្តែពេល​សម្រេចចាកចេញពី លោក Klopp មក Man Utd ក្នុងឆ្នាំ ២០១២ គេមិនអាច​បំពេញ​តាមការ​រំពឹងទុក​ពីអ្នក​គាំទ្រ​បិសាចក្រហម​បានទេ នៅរដូវកាលបន្តបន្ទាប់។ ដូច្នេះហើយ ទើប​នៅ ឆ្នាំ ២០១៤ គេត្រូវត្រលប់មកកាន់​ក្លឹប​នៅអាល្លឺម៉ង់ Dortmund វិញ ប៉ុន្តែការមក​លើកទី ២នេះ មិនអាចធ្វើឲ្យ​គេ​ក្លាយជាកីឡាករឆ្នើម​ ដូចកាល​ពីមុន​ឡើយ។ គេថែមទាំង ត្រូវធ្លាក់ទៅលេងក្នុងក្រុម Borrusia Dortmund ទី ២ មួយ​ឆ្នាំទៀត មុន​នឹងត្រូ​វចាកចេញ​ផ្តាច់ ទៅកាន់​ក្លឹប Real Zaragoza ក្នុងក្របខណ្ឌរបស់​ប្រទេសអេស្បាញ នៅឆ្នាំ ២០១៩នេះ ។

“We don’t go for these records” says Klopp after win against Burnley

២. Mario Gotze

កីឡាករ​កើតចេញ​ពីត្រកូល​គ្រួសារអ្នក​មាន​រូបនេះ ក៏ជាផលិតផល​របស់ Dortmund ដែរ! គេបាន​លូតលាស់ខ្លាំង ក្នុង​រជ្ជកាល​ដឹកនាំរបស់លោក Jurgen Klopp នៅទីនោះ។ គេ​ក៏ធ្លាប់​ទទួល​បាន​ងារជា​កីឡាករមាស Golden Boy កាលពីឆ្នាំ ២០១១ និង​ឈ្នះពាន​ធំៗចំនួន ៣ជាមួយលោក Klopp។ ប៉ុន្តែក្រោយ​មក​ នៅឆ្នាំ ២០១៣ Gotze ក៏សម្រេចចិត្ត​ចាកចេញទៅកាន់ក្លឹប​គូបដិបក្ខ Bayern Munich។ ក្នុង​រដូវកាលដំបូងជាមួយ Bayern Munich គេ​ធ្វើបាន​ល្អ រកបាន ១៥គ្រាប់ ប៉ុន្តែនៅរដូវកាលទី ២ គេ​ស្ទើរតែមិន​ជាប់ឈ្មោះ​ពេញមួយរដូវកាលតែម្តង ក្នុងជម្រើស ១១នាក់ដំបូង។ បន្ទាប់មក នៅរដូវកាលទី ៣ គេក៏ត្រូវញុំញីដោយ​បញ្ហា​របួស រហូត​ដល់​ត្រូវបង្ខំ​ចិត្ត​វិល​ត្រលប់​មក​កាន់ Borrusia Dortmund វិញ ក្នុងឆ្នាំ ២០១៦ ពេលដែលលោក Klopp បាន​មក​ដឹកនាំ Liverpool ទៅហើយ។

១. Philippe Coutinho

Philippe Coutinho គឺជាកីឡាករនាំលេងម្នាក់ ក្រោម​ការដឹកនាំរបស់លោក​ Jurgen Klopp ក្នុងអំឡុងរដូវកាល ២០១៧/២០១៨។ អ្នក​គាំទ្រ​ហង្សក្រហម តែងតែចង់ឃើញ Coutinho, Roberto Firmino, Sadio Mane និង Mohamed Salah នៅលេងជុំគ្នា។ ប៉ុន្តែ​ Coutinho ត្រេកត្រអាល​នឹងសំណើរទៅអេស្ប៉ាញ ហើយ​ក៏សម្រេចចិត្តចាកចេញទៅ Barcelona កាលពីខែមករាឆ្នាំ ២០១៨។ នៅ Barcelona រដូវកាលដំបូង Coutinho បាន​ចាប់ផ្តើម​ល្អ។ ប៉ុន្តែក្រោយ​មក នៅរដូវកាល ២០១៨/២០១៩ គេរបួស​ផង មិន​ត្រូវគ្រូបង្វឹក​ទុក​ចិត្ត​ផង រហូត​ធ្វើឲ្យ​នៅរដូវកាលថ្មីនេះ ក្លឹប​ក៏សម្រេច​បញ្ចេញគេឲ្យ​ទៅលេងខ្ចីជើងនៅ Bayern Munich តែម្តង។

គេនៅចាំថា កាលពីឆ្នាំ ២០១៧ លោក Klopp ធ្លាប់​បានទូន្មាន​ឲ្យ Coutinho បន្ត​នៅអង់គ្លេសសិន រហូត​ដល់​ត្រូវបាន​គេ​សាងរូបចម្លាក់​កោត​សរសើរ ព្រោះថា​ពេល​ទៅក្លឹប​ផ្សេង គឺនឹងក្លាយជាកីឡាករ​ផ្សេង មិនដូចពេលនៅ Liverpool ទេ។ ហើយ​ទីបំផុត​អ្វីដែលលោក Klopp និយាយ គឺវាឥតមានខុសមួយម៉ាត់សោះ។

ជាការកត់សម្គាល់ គឺលោក Jurgen Klopp ជាគ្រូបង្វឹក​ដែលពូកែបណ្តុះបណ្តាលកីឡាករឲ្យ​មាន​ឈ្មោះល្បី និង​មាន​តម្លៃខ្លួនខ្ពស់ តួយ៉ាងដូចជាកីឡាករបច្ចុប្បន្ Virgil van Dijk, Alisson Becker និង Fabinho ដែល​សុទ្ធជាកីឡារដែលលោក Klopp ទិញ​មក ហើយ​បានក្លាយជាកីឡាករឆ្នើម រហូត​អាចនាំក្រុម​ឈ្នះពានរង្វាន់  Champions League ជាលើកដំបូង តាំងពីឆ្នាំ ២០០៥មក៕  

មតិយោបល់