Lukaku រំពឹងថា​ទទួល​បាន​ព័ត៌​មាន​ថ្មី​ពាក់​ព័ន្ធ​នឹង​អនាគត​របស់គេ​ក្នុង​សប្ដាហ៍​ក្រោយ​

Inter មាន​បំណង​ចង់​នាំ​កីឡាករ Romelu Lukaku ពី​ក្លឹប Manchester United មក​លេង​នៅទឹកដី San Siro ហើយ​កីឡាករ​ជម្រើសជាតិ​ប៊ែលហ្ស៊ិច​រូប​នេះ​​រំពឹង​ថា​នឹង​ទទួល​បាន​ព័ត៌​មាន​​ពាក់​ព័ន្ធ​នឹង​អនាគត​របស់​គេ​នៅ​សប្ដាហ៍​ក្រោយ។

កីឡាករ Romelu Lukaku រំពឹងថា​នឹង​ទទួល​បាន​ព័ត៌​មាន​ថ្មី​ពាក់​ព័ន្ធ​នឹង​អនាគត​របស់​គេ​​ក្នុងអំឡុង​សប្ដាហ៍​ក្រោយ​ ខណៈ​ដែល​​ក្លឹប Inter ចង់​បាន​កីឡាករ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី​ក្លឹប​ Manchester United។

Lukaku បាន​ផ្ទេរ​ពី​ក្លឹប Everton មក Man United កាល​ពី​ឆ្នាំ​២០១៧ ហើយ​​ក្នុង​អំឡុង​ ២រដូវ​កាល​នៅទឹកដី​ Old Trafford គេ​រក​គ្រាប់បាល់​បាន​ ២៨គ្រាប់​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ប៉ុន្តែ​គេ​​តែង​តែជា​គោល​ដៅ​ទទួល​រង​ការ​រិះ​គន់​​​ពី​អ្នកគាំទ្រ​ជា​ប្រចាំ។

កីឡាករ​ជម្រើសជាតិ​ប៊ែលហ្ស៊ិច​រូបនេះ​ទទួល​បាន​ការ​រិះគន់​ពាក់ព័ន្ធនឹង​បច្ចេកទេស​លេង​របស់គេ​ នឹង​តែង​តែ​ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ Marcus Rashford ក្នុងតួនាទី​ជា​ខ្សែ​ប្រយុទ្ធ​ជម្រើសទី១ ក្នុងរដូវកាល​មុន បន្ទាប់ពី​លោក Ole Gunnar Solskjaer ចូល​កាន់​តួនាទីជំនួស​លោក Jose Mourinho។

Inter បាន​ទម្លាយ​ឱ្យ​ដឹង​ពី​​ការ​ចាប់អារម្មណ៍​របស់គេ​ចំពោះ​​កីឡាករ​ដែល​មាន​វ័យ ២៦ឆ្នាំ​រូបនេះ​ ប៉ុន្តែ​​តាម​សេចក្ដី​រាយការណ៍ តម្លៃផ្ទេរដែល​មាន​ទំហំ​ ៧០លានអឺរ៉ូ (៦៣លាន​ផោន) ដែល​ក្នុងនោះ​មាន​ការ​ខ្ចីជើង​ ២ឆ្នាំ និង​លទ្ធភាពទិញ​ផ្ដាច់​កុងត្រា​ក្នុង​តម្លៃ ៦០លានអឺរ៉ូ គឺ​ទាបជាង​តម្លៃ​ផ្ទេរ​ដែល​ក្លឹប Manchester United កំណត់ ៨៣លានអឺរ៉ូ។

តាមសេចក្ដីរាយការណ៍​កាលពីថ្ងៃសុក្រ Lukaku អាច​នឹង​បន្ត​លេង​នៅ​ក្លឹប Man United ជាជាង​ចាកចេញ។ ក្រោយ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប Perth Glory ដែល​ក្លឹប Manchester United ឈ្នះ​ក្នុងលទ្ធផល​ ២ទល់​នឹង​សូន្យ​ ដែល​ Lukaku មិន​បាន​ចូល​លេង​ដោយ​សារ​បញ្ហា​របួស​ Lukaku បាន​និយាយថា៖ “អ្នកទាំងអស់គ្នា (អ្នក​យក​ព័ត៌​មាន) នឹង​ទទួល​បានព័ត៌មាន​នៅសប្ដាហ៍​ក្រោយ”។

លើសពីនេះ​ទៅទៀត លោក Solskjaer រំពឹងថា​ Lukaku នឹង​ចូលលេង​ក្នុងការ​ប្រកួត​បន្ទាប់​មុន​រដូវកាលថ្មី​ចាប់ផ្ដើម ជាមួយ​ក្លឹប Leeds United នៅថ្ងៃពុធ ថ្វី​បើ​អ្នកចាត់ការ​រូបនេះ​នៅ​មិនទាន់​ប្រាកដ​នៅឡើយទេថា​ខ្សែប្រយុទ្ធ​រូបនេះ​​នឹង​បន្ត​លេង​នៅ​ក្លឹប Man United ពេល​រដូវ​កាលថ្មី​ចាប់​ផ្ដើម​ឬយ៉ាងណា។

 

លោក Solskjaer បាននិយាយថា៖ “មានព័ត៌មានចចាមអារ៉ាម​ច្រើន ប៉ុន្តែគេគួរតែអាច​ចូល​លេង​បាននៅថ្ងៃពុធ ហើយ​គេ​បានចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាលពីថ្ងៃសុក្រ​ ប៉ុន្តែ​​យើង​មិន​អាច​ប្រថុយ​ប្រថាន​ឱ្យ​គេ​ចូល​លេង​​​ពេល​ប្រកួត​ជាមួយ​ Perth នោះទេ”។

“តើគេ​នៅ​នៅ​លេង​បន្ត​ ឬយ៉ាងណា? មានតែ​រង់ចាំ​មើ​លពេល​រដូវកាល​ចាប់ផ្ដើម​ប៉ុណ្ណោះ”៕

 

Hazard ហ្វឹកហាត់ជាមួយ​មិត្ត​រួម​ក្រុម Real Madrid នៅ​ប្រទេស​កាណាដា

 

មតិយោបល់