SCHOLES នឹង​ពឹង​ពាក់​មិត្ត​ចាស់​នៅ​ OLD TRAFFORD

អាជីព​បាល់​ទាត់​ដ៏​ជោគ​ជ័យ​របស់​​អតីត​កីឡាករ​ Paul Scholes ញុំាង​ឲ្យ​គាត់​មាន​ខ្សែ​រយៈ​ជិត​ស្និទ្ធ​ជា​ច្រើន​​ដែល​អាច​នឹង​ក្លាយ​ជា​ជំនួយ​របស់គាត់​ក្នុង​តួនាទី​ជា​អ្នក​ចាត់កា​រ​នៅ​ក្លឹប​ Oldham Athletic។

វីរ​បុរស​បាល់ទាត់​របស់​ក្លឹប Manchester United រូប​នេះ​​បាន​ចំណាយ​ពេល​មួយ​ជីវិត​​របស់​គាត់​ក្នុង​អាជីព​បាល់ទាត់​ជាមួយ​ក្រុម​បិសាច​ក្រហម​នៅទឹកដី​ Old Trafford ហើយ​លោក​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ទឹកដី​ Boundary Park កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ពេល​ដែល​លោក​ទទួល​តួនាទី​ជា​អ្នក​ចាត់​ការ​ក្លឹប​​ដែល​លោក​ធ្លាប់​គាំ​ទ្រ​តាំង​ពី​ពេល​ដែល​លោក​នៅ​វ័យ​កុមារ​ម្ល៉េះ​។

ក្លឹប Oldham ដែល​ធ្លាប់​​ប្រកួត​ក្នុង​លីគ​កំពូល​អង់គ្លេស​ បច្ចុប្បន្ន​​កំពុង​ប្រកួត​នៅ​ក្នុង​​លីគ​កម្រិត​ទី​២ ហើយ​លោក​ Scholes បាន​និយាយ​ថា​គាត់​នឹង​ប្រើ​ប្រាស់​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្ដិ​ចាស់ៗ​នៅ​​ក្នុង​អាជីព​បាល់​ទាត់​​​ដ៏​ជោគ​ជ័យ​​របស់​លោក​ដើម្បី​ជា​ជំនួយ​នៅ​ក្នុង​អាជីព​ជា​អ្នក​ចាត់ការ​វិញ​ម្ដង។

កីឡាករ​វ័យ​ក្មេង​ Zak Dearnley របស់​ក្លឹប​ Manchester United កំពុង​ត្រូវ​​​បាន​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប​​ Oldham រួច​ទៅ​ហើយ​។

ពេល​ដែល​គេ​សួរ​អំពី​ការ​​ពឹង​ពាក់​លើ​មិត្ត​ចាស់​​​របស់​លោក អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​គឺ​លោក​ Scholes បាន​ឆ្លើយថា៖​ “នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​”។

“ជាក់់​ស្ដែង Zak បាន​ចូល​មក​លេង​នៅ​ក្នុង​ក្រុម​មួយ​នេះ​ គេ​រក​បាន​គ្រាប់​បាល់​ដំបូង​កាល​ពី​ថ្ងៃ​សៅរ៍​ គេ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ការ​ប្រកួត​ ខ្ញុំ​​ពិត​ជា​រីក​រាយ​ចំពោះ​គេ​ខ្លាំង​ណាស់”។

“យើង​ត្រូវ​ការ​មាន​ទំនាក់​ទំនង​មិត្ត​ភក្ដិ​ដែល​អាច​ជួយ​យើង​បាន​ពេល​ដែល​យើង​ត្រូវ​ការ​”។

“ខ្ញុំ​ស្គាល់​មនុស្ស​មួយ​ចំនួន​នៅ​ក្លឹប​ផ្សេងៗ​គ្នា​ មិន​​មែន​មាន​តែ​នៅ​ក្លឹប Manchester United នោះ​ទេ”។

“ជាក់​ស្ដែង​ ខ្ញុំ​ស្គាល់​គ្នា​ជិត​ស្និទ​ជាមួយ​ Nicky Butt ខ្ញុំ​​មាន​ទំនាក់ទំនង​ជិត​ស្និទ​ជាមួយ​​កីឡាករ​នៅ​ក្លឹប Man United ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ពួក​គេ​រីក​រាយ​នឹង​ជួយ​ខ្ញុំ​តាម​ដែល​អាច​ធ្វើ​ទៅបាន”។

 

 

លោក Scholes ជា​​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​អតីត​កីឡាករ​របស់​ក្លឹប Man United ដែល​បាន​កាន់​តួនាទី​ជា​អ្នក​ចាត់ការ​ក្លឹប​​ ហើយ​លោក​បាន​បង្ហើប​ប្រាប់ថា​ទាំង​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​ Wales គឹ​លោក​ Ryan Giggs និង​បងប្អូន​ប្រុស​ត្រកូល​ Neville គឺ Gary និង Phil បាន​ផ្ញើ​ពាក្យ​លើក​ទឹកចិត្ត​ដល់​រូ​បលោក​ផងដែរ។

“ពួក​គេ​បាន​ជូន​ពរ​ឲ្យ​ខ្ញុំ​មាន​សំណាង​ល្អ ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ”។

“ដូច​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ដែរ គឺ​ Phil កំពុង​ដឹក​នាំ​ក្រុម​កីឡាការិនី​​​ជម្រើស​ជាតិអង់គ្លេស Ryan ជា​មួយ​ក្រុម​ជម្រើសជាតិ​ និង​ Gary ដែល​ទៅ​ក្លឹប Valencia ពួក​យើង​សុទ្ធ​តែ​ចង់​ឲ្យ​គ្រប់​គ្នា​ទទួល​បាន​ជោគ​ជ័យ”។

“ខ្ញុំ​ជឿ​ជាក់​ ខ្ញុំ​មាន​ក្ដី​សង្ឃឹម​។ ពួក​គេ​ក៏​ចង់​ឲ្យ​ខ្ញុំ​ទទួល​បា​នជោគ​ជ័យ​ដែរ”៕

 

72380

 

មតិយោបល់